Admin, 22 April 2026
យោងតាមការចុះផ្សាយរបស់ Autohome ប្លង់ពិព័រណ៍ផ្លូវការនៃ ពិព័រណ៍រថយន្តអន្តរជាតិក្រុងប៉េកាំងឆ្នាំ 2026 (2026 Beijing International Auto Show) ត្រូវបានបញ្ចេញហើយ មុនការបើកសម្ពោធនៅថ្ងៃទី 24 ខែមេសា ដោយបញ្ជាក់ពីផ្ទៃដីដាក់បង្ហាញសរុបដល់ទៅ 380,000 ម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាពិព័រណ៍រថយន្តដែលមានទំហំធំបំផុតនៅលើពិភពលោក។
ការពង្រីកទីតាំងពិព័រណ៍ទ្វេ
ព្រឹត្តិការណ៍ឆ្នាំ 2026 នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 24 ខែមេសា ដល់ថ្ងៃទី 3 ខែឧសភា (រយៈពេល 10 ថ្ងៃ)។ ជាលើកដំបូងដែលព្រឹត្តិការណ៍នេះប្រើប្រាស់ទីតាំងពីររួមគ្នា គឺមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិចិន (Shunyi Hall) និងមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិរដ្ឋធានី ដែលទីតាំងទាំងពីរស្ថិតនៅជាប់គ្នា និងមានប្រវែងបណ្តោយសរុបប្រហែល 1.3 គីឡូម៉ែត្រ។
- ថ្ងៃសម្រាប់អ្នកសារព័ត៌មាន: 24-25 ខែមេសា
- ថ្ងៃសម្រាប់អ្នកទស្សនាអាជីព(Reviewer): 26-27 ខែមេសា
- ថ្ងៃសម្រាប់សាធារណជនទូទៅ: 28 មេសា ដល់ 03 ឧសភា (ម៉ោង 10:00 ដល់ 18:00)
រថយន្ត 1,451គ្រឿង និងការសម្ពោធជាលើកដំបូង 181 ម៉ូដែល
យោងតាមទិន្នន័យផ្លូវការ ពិព័រណ៍នេះនឹងមានបង្ហាញរថយន្តសរុប 1,451 គ្រឿង រួមមានការសម្ពោធជាលើកដំបូងបង្អស់លើពិភពលោក (World Premieres) ចំនួន 181 ម៉ូដែល និងរថយន្តគំរូ (Concept cars) ចំនួន 71 គ្រឿង។ សាលពិព័រណ៍សរុបចំនួន 17 នឹងត្រូវប្រើប្រាស់ ដែលក្នុងនោះ 13 សាល គឺសម្រាប់តែរថយន្តសុទ្ធសាធ។
ម៉ាករថយន្តល្បីៗទូទាំងពិភពលោកនឹងចូលរួម រួមមាន BMW, Mercedes-Benz, Audi, Volkswagen, Toyota និង Ford។ ចំណែកក្រុមហ៊ុនចិនរួមមាន FAW Hongqi, Dongfeng, Changan, Geely និង Great Wall Motor។ ម៉ាកបច្ចេកវិទ្យាថ្មីៗដូចជា Harmony Intelligent Mobility (គាំទ្រដោយ Huawei), Nio, Xpeng, Li Auto, Xiaomi និង Leapmotor ក៏នឹងបង្ហាញវត្តមានដែរ។
BYD រួមជាមួយម៉ាកបុត្រសម្ព័ន្ធដូចជា Denza, Yangwang និង Fangchengbao ត្រូវបានរំពឹងថានឹងបង្ហាញបច្ចេកវិទ្យាថ្មីៗ រួមមានម៉ូដែលដូចជា Great Tang, Han, Qin Max និង Seal 08 ជាដើម។
វត្តមានអ្នកផ្គត់ផ្គង់ និងបច្ចេកវិទ្យា
ក្រៅពីក្រុមហ៊ុនផលិតរថយន្ត ពិព័រណ៍នេះក៏មានការចូលរួមពីតំណាង 21 ប្រទេស និងតំបន់ ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងវិស័យបច្ចេកវិទ្យា។ ការដាក់បង្ហាញនឹងផ្តោតលើ ការកែច្នៃទៅជាអគ្គិសនី (Electrification), ប្រព័ន្ធបើកបរឆ្លាតវៃ និងស្ថាបត្យកម្មរថយន្តឌីជីថល។ សន្និសីទសារព័ត៌មានជាង 200 នឹងត្រូវរៀបចំឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។
បរិបទឧស្សាហកម្មរថយន្តចិន
ទីផ្សាររថយន្តចិនគឺជាមូលដ្ឋានគ្រឹះនៃទំហំដ៏ធំនៃពិព័រណ៍នេះ។ ក្នុងឆ្នាំ 2025 ការផលិត និងការលក់រថយន្តសរុបបានលើសពី 34 លានគ្រឿង ដែលរក្សាតំណែងរបស់ចិនជាទីផ្សាររថយន្តធំបំផុតក្នុងលោកសម្រាប់ឆ្នាំទី 17ជាប់ៗគ្នា។ រថយន្តថាមពលថ្មី (NEV) មានចំណែកលើសពី 50% នៃការលក់រថយន្តថ្មីក្នុងស្រុក ខណៈការនាំចេញបានលើសពី 7 លានគ្រឿង។
យោងតាមទិន្នន័យពី China EV DataTracker ក្រុមហ៊ុន BYD កំពុងនាំមុខគេក្នុងទីផ្សារ (303,150 គ្រឿង) បន្ទាប់មកគឺ Geely Auto និង SAIC-VW។ ម៉ាកដែលមានការរីកចម្រើនខ្លាំងរួមមាន Geely Galaxy, Dongfeng Nissan, Li Auto, Xiaomi និង Aito ដែលឆ្លុះបញ្ចាំងពីសន្ទុះខ្លាំងនៃម៉ាកដែលផ្តោតលើថាមពលថ្មី៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
