Admin, 13 hours ago

           ស្តង់ដារជាតិជាកាតព្វកិច្ចដំបូងបង្អស់របស់ប្រទេសចិនសម្រាប់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ គឺ "លក្ខខណ្ឌបច្ចេកទេស និងវិធីសាស្ត្រសាកល្បងសម្រាប់ប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ សម្រាប់រថយន្តធុនស្រាល" (GB 39901—2025) នឹងត្រូវចូលជាធរមានជាផ្លូវការនៅថ្ងៃទី 1 ខែមករា ឆ្នាំ 2028។ ជាលើកដំបូងហើយ ដែលស្តង់ដារថ្មីនេះនឹងគ្របដណ្តប់លើរថយន្ត ពាណិជ្ជកម្មធុនស្រាលប្រភេទ N1 (ដូចជារថយន្តភីកអាប់, រថយន្តដឹកទំនិញខ្នាតតូច ដែលមានទម្ងន់សរុប ≤ 3.5តោន) បន្ថែមលើរថយន្តទេសចរណ៍ប្រភេទ M1 (រថយន្ត Sedan, SUV, MPV) ដែលមានស្រាប់ ដែលនេះមានន័យថាវិសាលភាពនៃបទប្បញ្ញត្តិនេះត្រូវបាន ពង្រីកប្រហែល 30%។

លើសពីនេះ ស្តង់ដារថ្មីនេះផ្តោតខ្លាំងលើអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះ៖ វាបន្ថែមលក្ខខណ្ឌតម្រូវក្នុងការសម្គាល់ និងការធ្វើតេស្តសម្រាប់គោលដៅបីប្រភេទគឺ អ្នកថ្មើរជើង កង់ និងម៉ូតូស្កូតឺ។ ស្តង់ដារនេះបានបញ្ជាក់ថា ប្រព័ន្ធត្រូវតែផ្តល់សញ្ញាព្រមាន និងឆ្លើយតបដោយការចាប់ហ្វ្រាំងចំពោះអ្នកប្រើប្រាស់ផ្លូវដែលងាយរងគ្រោះនៅពេលឆ្លងកាត់ផ្លូវ ក្នុងចន្លោះល្បឿនពី 20 ទៅ 60 គីឡូម៉ែត្រ/ម៉ោង។


នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ជាក់ស្តែងនៅក្នុងប្រទេសចិន ការប៉ះទង្គិចដែលកើតឡើង ក្នុងល្បឿនពី 60 ទៅ 80 គីឡូម៉ែត្រ/ម៉ោង មានអត្រាខ្ពស់គួរឱ្យកត់សម្គាល់។ ជាពិសេស ការប៉ះទង្គិចគ្នារវាងរថយន្ត និងអ្នកថ្មើរជើង កង់ និងម៉ូតូស្កូតឺ មានចំនួនច្រើនជាង 30% នៃគ្រោះថ្នាក់ចរាចរណ៍រថយន្តធុនស្រាលទាំងអស់។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ស្តង់ដារនេះគឺជាការកែសម្រួលពីស្តង់ដារជាតិ "លក្ខខណ្ឌតម្រូវនៃសមត្ថភាព និងវិធីសាស្ត្រសាកល្បងសម្រាប់ប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ នៃរថយន្តទេសចរណ៍" (GB/T 39901-2021)។ នេះគឺជាសញ្ញានៃការផ្លាស់ប្តូរសម្រាប់ ប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិលើរថយន្តធុនស្រាល ពីមុខងារ "ជម្រើសបន្ថែម" (Optional) ទៅជាមុខងារ "ស្តង់ដារ" (Standard) ដែលត្រូវតែមានគ្រប់រថយន្តទាំងអស់។

ប្រព័ន្ធហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ (AEB) ធ្វើការតាមដានបរិយាកាសបើកបរនៅខាង មុខរថយន្ត ក្នុងពេលជាក់ស្តែង ដោយប្រើប្រាស់សេនស័រដូចជា កាមេរ៉ា និងរ៉ាដារលកមីលីម៉ែត្រ។ វាបញ្ចេញសញ្ញាព្រមាននៅពេលរកឃើញហានិភ័យនៃការប៉ះទង្គិច និងធ្វើឱ្យប្រព័ន្ធហ្វ្រាំង រថយន្តដំណើរការដោយស្វ័យប្រវត្តិដើម្បីបន្ថយល្បឿន សំដៅជៀសវាង ឬកាត់បន្ថយ ផលវិបាកនៃការប៉ះទង្គិច។ យោងតាមសារព័ត៌មាន ITHome ក្នុងឆ្នាំ 2025 អត្រានៃការបំពាក់ ប្រព័ន្ធ AEB លើរថយន្តទេសចរណ៍ថ្មីៗនៅក្នុងប្រទេសចិន បានកើនឡើងលើសពី 60%៕

ប្រភព៖ China News:(China Central TV)

ប្រែសំរួល៖ Chea SokNang (AC Auto)