Admin, 26 January 2026
រថយន្តស្ព័រអគ្គិសនីប្រភេទ Roadster ម៉ូដែល SC01 របស់ចិន ដែលមានកម្លាំងរហូតដល់ 320 គីឡូវ៉ាត់ (429 សេះ) នឹងត្រូវដាក់លក់នៅក្នុងតំបន់អឺរ៉ុប ជាមួយនឹងការដំឡើងដោយផ្ទាល់នៅ ក្នុងប្រទេសអ៊ីតាលី។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយស្ថាបនិកម៉ាកយីហោនេះ គឺលោក Feng Xiaotong តាមរយៈសារព័ត៌មានមួយក្នុងប្រទេសចិន ដោយបញ្ជាក់ថាមានតែ 1,000 គ្រឿង ប៉ុណ្ណោះដែលនឹងត្រូវដាក់ឱ្យកុម្ម៉ង់។
រថយន្ត SC01 ត្រូវបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីឆ្នាំ 2022 ក្រោម ឈ្មោះថា Small Sports Car SC-01។ វាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនទើបបង្កើតថ្មី (Startup) ផ្នែកកែច្នៃរថយន្ត Tianjin Gongjiangpai Auto Technology ដែលទទួលបាន ការវិនិយោគរាប់សិបលានយ័នពីក្រុមហ៊ុនយក្ស Xiaomi Group ផងដែរ។ បន្ទាប់ពីឆ្លងកាត់ការលំបាកក្នុងផលិតកម្មអស់រយៈពេល 3 ឆ្នាំ រថយន្តនេះបានចាប់ផ្តើមលក់ក្នុងប្រទេសចិនកាល ពីខែមេសាកន្លងទៅ ក្នុងតម្លៃ ប្រហែល 33,010 ដុល្លារអាមេរិក។
ការវាយលុកទីផ្សារអឺរ៉ុប និងការដំឡើងនៅអ៊ីតាលី
កាលពីថ្ងៃទី 19 ខែមករា (ឆ្នាំ 2026) ទំព័រ Instagram ផ្លូវការរបស់ SC01 Europe បានបង្ហាញខ្លួន ដោយកំណត់តំណែង SC01 ជា "រថយន្តស្ព័រអគ្គិសនីពិតប្រាកដ" ដែលត្រូវបានអភិវឌ្ឍក្នុងប្រទេសអ៊ីតាលីសម្រាប់ទីផ្សារអឺរ៉ុប។ លោក Feng Xiaotong បានសង្កត់ធ្ងន់ថា គូប្រជែងចម្បងរបស់ SC01 រួមមានរថយន្តលំដាប់បង្គោលមកពីម៉ាក Porsche។
រូបភាព Teaser ជាផ្លូវការសម្រាប់ស៊េរីអឺរ៉ុប ត្រូវបានគ្រោងនឹងបង្ហាញនៅថ្ងៃទី 24 ខែមករា ខាងមុខនេះ។ បើតាមប្រភពព័ត៌មាន តម្លៃរបស់វានៅអឺរ៉ុបអាចនឹងឡើងដល់ខ្ទង់ ប្រហែល 71,830 ដុល្លារអាមេរិក ឬ 61,200 អឺរ៉ូ ដែលថ្លៃជាងតម្លៃលក់នៅចិនឆ្ងាយ ដោយសារការ ដំឡើងក្នុងស្រុក និងការផលិតមានកំណត់។
លក្ខណៈបច្ចេកទេស និងចំណុចលេចធ្លោ
រថយន្ត SC01 ជារថយន្តស្ព័រខ្នាតតូចដែលមានរូបរាងទាក់ទាញ (ទទួលបានការបំផុសគំនិតពី Ferrari) និងមានចំណុចពិសេសជាច្រើន៖
- ទម្ងន់ស្រាល៖ ការប្រើប្រាស់គ្រោងឆ្អឹងដែកថែប (Tube frame) ជួយឱ្យរថយន្ត មានទម្ងន់ត្រឹមតែ 1,365 គីឡូក្រាម (ស្រាលជាង Mini Cooper អគ្គិសនីជិត 300 គីឡូក្រាម)។
- វិមាត្រ៖ បណ្តោយមានប្រវែង 4,106mm / ទទឹងមានប្រវែង 1,830mm និង កម្ពស់ 1,170mm និងមានចម្ងាយពីកង់មុខទៅកង់ក្រោយ (wheelbase) 2,503mm។
- ផ្នែកខាងក្នុងបែបសាមញ្ញ (Minimalist): រថយន្តនេះមិនមានអេក្រង់ប៉ះធំៗ ឬបច្ចេកវិទ្យា ជំនួយការបើកបរឆ្លាតវៃ (ADAS) ច្រើនឡើយ ដើម្បីឱ្យអ្នកបើកបរផ្តោតអារម្មណ៍ លើការបើកបរពិតប្រាកដ។ វាមានកៅអីស្ព័រពីរ, ចង្កូតស្រោបដោយស្បែក Suede និងប៊ូតុងបញ្ជាម៉ាស៊ីនត្រជាក់បែបបុរាណ។
- កម្លាំងម៉ាស៊ីន៖ បំពាក់ម៉ូទ័រអគ្គិសនីពីរ (ប្រភេទប៉ុងពីរ AWD) ដែលផ្តល់កម្លាំងសរុប 429 សេះ និងកម្លាំងរមួល 560 ញូតុនម៉ែត្រ។
- សមត្ថភាព៖ បង្កើនល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 2.9 វិនាទី។
- អាគុយ និងចម្ងាយបើកបរ៖ ប្រើអាគុយទំហំ 60 គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ 500 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។
ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតគឺវាមានប្រព័ន្ធប៉ុងពីររបស់វាអាចអនុញ្ញាតឱ្យអ្នក បើកបរប្តូរ មកប្រើតែប៉ុងមុខ (FWD) ឬប៉ុងក្រោយតែមួយក៏បាន (RWD) ដើម្បីទទួលបានបទពិសោធន៍បើកបរខុសៗគ្នា៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
