Admin, 22 August 2026
ក្រុមហ៊ុន Aimoga Robotics ដែលជាម៉ាកយីហោរ៉ូបូតបង្កើតឡើងដោយក្រុមហ៊ុន Chery កំពុងរៀបចំខ្លួនសម្រាប់ការបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) ដើម្បីប្រមូលទុនសម្រាប់ការពង្រីកខ្លួនបន្ថែម និងការវិនិយោគលើបច្ចេកវិទ្យា។
លោក Zhang Guibing ប្រធានអាជីវកម្មមួយនេះ និងជាប្រធានក្រុមហ៊ុន Chery International បានប្រាប់សារព័ត៌មាន Reuters នាឱកាសអមព្រឹត្តិការណ៍សន្និសីទរ៉ូបូតពិភពលោក (World Robot Conference) នៅក្នុងទីក្រុងប៉េកាំងថា ក្រុមហ៊ុនកំពុងស្ថិតក្នុងការចរចាជាមួយទីតាំងចុះបញ្ជីលក់ភាគហ៊ុនសក្តានុពលជាច្រើន។
សារព័ត៌មាន Reuters បានកត់សម្គាល់សម្តីរបស់លោកថា៖ «យើងកំពុងធ្វើការរៀបចំពាក់ព័ន្ធនានា នាពេលឥឡូវនេះហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការពិភាក្សាជាមួយទីតាំង (IPO) ជាច្រើន»។ លោក Zhang បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីពេលវេលា ឬទីតាំងនៃការចុះបញ្ជីសក្តានុពលនោះទេ។
លោកបានបន្ថែមថា ការចុះបញ្ជីលក់ភាគហ៊ុន នឹងផ្តល់មូលនិធិសម្រាប់ការវិនិយោគលើបច្ចេកវិទ្យានាពេលអនាគត ខណៈពេលដែលជួយលើកកម្ពស់អភិបាលកិច្ច, ភាពប្រាកដប្រជា និងស្តង់ដារប្រតិបត្តិការផងដែរ។ សារព័ត៌មាន Reuters បានកត់សម្គាល់ថា ការចុះបញ្ជីដាច់ដោយឡែកនៃផ្នែកអាជីវកម្មរបស់ Chery មិនមែនជា រឿងដែលគ្មានប្រវត្តិធ្លាប់មាននោះទេ។ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត Bethel Automotive បានចុះបញ្ជីជាសាធារណៈនៅក្នុងទីក្រុងស៊ាងហៃកាលពីឆ្នាំ 2018 ហើយក្រុមហ៊ុនរ៉ូបូត និងស្វ័យប្រវត្តកម្ម Efort បានចុះបញ្ជីនៅលើទីផ្សារ STAR Market កាលពីឆ្នាំ 2020។
ពេលវេលានៃការប្រកាសនេះ គឺគួរឱ្យកត់សម្គាល់ខ្លាំងណាស់។ ក្រុមហ៊ុន Unitree ដែលជាក្រុមហ៊ុនផលិតរ៉ូបូតរូបរាងដូចមនុស្សល្បីល្បាញបំផុតរបស់ចិន ទើបតែបានហក់ឡើងថ្លៃភាគហ៊ុនរហូតដល់ប្រហែល6 ដង ក្នុងការបង្ហាញខ្លួនជួញដូរលើកដំបូងនៅលើទីផ្សារ STAR Market កាលពីថ្ងៃពុធ ដោយបានក្លាយជាក្រុមហ៊ុនរ៉ូបូតរូបរាងដូចមនុស្សដំបូងគេដែលបានចុះបញ្ជីនៅក្នុងប្រទេសចិនដីគោក។
ត្រូវបានបង្កើតឡើងដោយ Chery នៅក្នុងខែមករា ឆ្នាំ 2025 ក្រុមហ៊ុន Aimoga បានប្រគល់រ៉ូបូតបានចំនួនជាង 3,000 គ្រឿងនៅទូទាំងសកលលោក រួមទាំង 2,000 គ្រឿងនៅក្រៅប្រទេស និងប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ចំនួនជាង 60។
យោងតាមរបាយការណ៍របស់ Reuters លោក Zhang បានថ្លែងថា ក្រុមហ៊ុនមានផែនការប្រគល់រ៉ូបូតឱ្យបាន 10,000 គ្រឿងនៅទូទាំងពិភពលោកនាឆ្នាំក្រោយ ហើយក្នុងរយៈពេលវែង មានគោលដៅឈរជើងក្នុងចំណោម «ក្រុមហ៊ុនរ៉ូបូតលំដាប់កំពូលលើលោក»។
រ៉ូបូតប៉ូលីស គឺជាផ្នែកផ្តោតសំខាន់មួយក្នុងចំណោមផ្នែកសំខាន់ៗរបស់ខ្លួន។ Aimoga បានលាតត្រដាងរ៉ូបូតប៉ូលីសរូបរាងដូចមនុស្សនាដើមឆ្នាំនេះ ដោយមានចំនួន 110 គ្រឿងត្រូវបានដាក់ឱ្យប្រើប្រាស់រួចហើយនៅតាមទីក្រុងជាច្រើនក្នុងប្រទេសចិន សម្រាប់ការគ្រប់គ្រងចរាចរណ៍, ការណែនាំហ្វូងមនុស្ស និងយុទ្ធនាការយល់ដឹងអំពីសុវត្ថិភាពសាធារណៈ។
លោក Zhang បានមានប្រសាសន៍ថា ភារកិច្ចប៉ូលីសចរាចរណ៍ត្រូវធ្វើការក្នុងលក្ខខណ្ឌលំបាកស្មុគស្មាញ ដោយប្រឈមមុខនឹងអាកាសធាតុធ្ងន់ធ្ងរ, ឧស្ម័នភាយចេញពីយានយន្ត និងហានិភ័យខ្ពស់នៃគ្រោះថ្នាក់ ដោយលោកបានបន្ថែមថា រ៉ូបូតអាចជួយសម្រាលការខ្វះខាតកម្លាំងពលកម្មនៅក្នុងតួនាទីទាំងនោះ។
លោកមើលឃើញពីតម្រូវការដែលអាចនឹងមានទំហំធំជាងមុននៅក្រៅប្រទេស ជាពិសេសនៅក្នុងផ្នែកខ្លះនៃតំបន់មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ ដែលសីតុណ្ហភាពខ្ពស់ និងការធ្លាក់ភ្លៀងខ្លាំង ធ្វើឱ្យការគ្រប់គ្រងចរាចរណ៍កាន់តែមានភាពប្រឈម។ ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារក្នុងស្រុក Aimoga កំពុងពន្លឿនការវាយលុកទៅក្រៅប្រទេស ដោយដឹកនាំដំបូងដោយរ៉ូបូតសេវាកម្ម និងរ៉ូបូតធ្វើជាដៃគូ។
នៅពេលសួរអំពីលទ្ធភាពនៃការចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក លោក Zhang បាននិយាយថា បំណងប្រថ្នារបស់ក្រុមហ៊ុន គឺដើម្បីបម្រើទីផ្សារសកល ប៉ុន្តែការពង្រីកខ្លួននោះ នឹងតម្រូវឱ្យមានការសម្របខ្លួនទៅនឹងបទប្បញ្ញត្តិក្នុងស្រុក និងតម្រូវការអតិថិជនផ្សេងៗគ្នា។ លោកបានថ្លែងកាលពីខែមេសាយ៉ាងដូច្នេះថា Chery កំពុងពិចារណាចូលទៅកាន់សហរដ្ឋអាមេរិកនៅក្នុងពេលវេលាសមស្របណាមួយ។
Aimoga បានចាប់ផ្តើមលក់ដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ចិន តាមរយៈហាងទំនិញបង្គោលនៅលើ JD.com កាលពីខែមេសាឆ្នាំនេះ ដោយរ៉ូបូតរូបរាងដូចមនុស្សរបស់ខ្លួនមានតម្លៃ ប្រហែល 42,100 ដុល្លារអាមេរិក) និងឆ្កែរ៉ូបូតជើងបួនមានតម្លៃ 2,350ដុល្លាអាមេរិក។
លោក Zhang បានប្រៀបធៀបឧស្សាហកម្មរ៉ូបូតបច្ចុប្បន្នរបស់ចិន ទៅនឹងវិស័យរថយន្តអគ្គិសនី (EV) របស់ប្រទេសនេះកាលពីប៉ុន្មានឆ្នាំមុន ដោយក្រុមហ៊ុននានាកំពុងលេចរូបរាងឡើងយ៉ាងរហ័ស និងការប្រកួតប្រជែងកាន់តែស្រួចស្រាវ។
លោក រំពឹងថា ការរួមបញ្ចូលគ្នានឹងជួយពង្រឹងគ្រឹះបច្ចេកវិទ្យារបស់ឧស្សាហកម្មនេះ ប៉ុន្តែក៏បាននិយាយផងដែរថា «ការប្រកួតប្រជែង ជាពិសេសលើថ្លៃដើម ទំនងជានឹងមានភាពស្វិតស្វាញ»។
លោកបានថ្លែងថា៖ «រ៉ូបូតរូបរាងដូចមនុស្ស អាចនឹងចំណាយពេលប្រហែលមួយទសវត្សរ៍ដើម្បីវិវត្តទៅជារកភាពពេញវ័យ មុនពេលមើលឃើញពីការទទួលយកប្រើប្រាស់យ៉ាងឆាប់រហ័ស»។
ក្រៅពី Chery ក្រុមហ៊ុនផលិតរថយន្តចិនរួមមាន BYD , Changan Automobile, GAC Group និង Xpeng ក៏កំពុងអភិវឌ្ឍផលិតផលរ៉ូបូតរូបរាងដូចមនុស្សផងដែរ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
