Admin, 09 February 2026
សម្ព័ន្ធភាពរថយន្តឆ្លាតវៃ Harmony (HIMA) ដែលគាំទ្រដោយក្រុមហ៊ុន Huawei បានបញ្ចេញ រូបភាពផ្លូវការនៃរថយន្ត Aito M6 កាលពីថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2026 ដោយបញ្ជាក់ ពីតួនាទី របស់ម៉ូដែលនេះនៅក្នុងស្រឡាយរថយន្ត SUV របស់ Aito និងកាលវិភាគសម្ពោធដែលបាន គ្រោងទុក។ យោងតាមប្រភពព័ត៌មានរថយន្តពីប្រទេសចិន រថយន្តនេះត្រូវបានរំពឹងថា នឹងឈានជើងចូលទីផ្សារនៅក្នុងត្រីមាសទី 2 នៃឆ្នាំ 2026 ក្នុងកម្រិតតម្លៃប្រហែល 36,000 ដុល្លារអាមេរិក។
Aito M6 ត្រូវបានកំណត់តំណែងនៅចន្លោះម៉ូដែល Aito M5 និង Aito M7 ទាំងទំហំ និងតម្លៃ។ បច្ចុប្បន្ន Aito M5 មានតម្លៃចាប់ពី 33,100 ដុល្លារអាមេរិក ខណៈដែល Aito M7 មានតម្លៃចាប់ពី 40,300 ដុល្លារអាមេរិក ដែលធ្វើឱ្យ M6 ស្ថិតក្នុងចំណែកទីផ្សាររថយន្ត SUV លក្ខណៈគ្រួសារកម្រិតមធ្យមនៅក្នុងប្រទេសចិន។ ម៉ូដែលនេះមានបំណងពង្រីកផលិតផលរបស់ Aito ឱ្យកាន់តែសម្បូរបែប រួមជាមួយម៉ូដែល M5, M7, M8 និង M9។
ការរចនាខាងក្រៅ និងចំណុចលេចធ្លោ៖ ការរចនាផ្នែកខាងក្រៅគឺដើរតាមរចនាបថគ្រួសារ Aito ជាមួយនឹងប៉ាណាមុខបិទជិត និងចង្កៀងមុខដែលមានរាងអូសបន្លាយវែង។ គ្រឿងបង្គុំភ្លើងខាងមុខត្រូវបានបញ្ចូលគ្នាជាមួយរន្ធខ្យល់បញ្ឈរនៅផ្នែកគែមនៃចង្កៀង ខណៈដែលកាងខាងមុខមានរន្ធបឺតខ្យល់បែងចែកជាបីផ្នែក។ លក្ខណៈពិសេសទាំងនេះជួយឱ្យរថយន្តមានភាពខុសប្លែកពីគេនៅក្នុងចំណោមស្រឡាយរថយន្តផ្សេងៗទៀត។
មើលពីចំហៀង Aito M6 ប្រើប្រាស់ដៃទ្វារបែបលាក់មួយផ្នែក (Semi-hidden door handles) និងថាសកង់អាលុយមីញ៉ូមប្រភេទ 5 កាំ ពណ៌ខ្មៅរលោង អមដោយដង្កៀបហ្វ្រាំងពណ៌ក្រហម។ រូបរាងតួខ្លួនសង្កត់ធ្ងន់លើភាពរលោង និងព័ត៌មានលម្អិតនៃមុខងារ ដែលស្របតាមសមាមាត្រនៃរថយន្ត SUV ខ្នាតមធ្យមនៅក្នុងត្រកូល Aito។
នៅផ្នែកខាងក្រោយ រថយន្តនេះត្រូវបានគេរំពឹងថានឹងបំពាក់នូវចង្កៀងកន្ទុយរត់កាត់ទទឹង និងមានស្លាប Spoiler នៅលើដំបូល។ កាងខាងក្រោយត្រូវបានតុបតែងដោយបន្ទះខ្មៅនៅផ្នែកខាងក្រោម ដើម្បីផ្តល់នូវភាពស្រស់ស្អាត និងការបែងចែកដាច់ពីគ្នារវាងតួខ្លួន និងផ្នែកបាតរថយន្ត។
បច្ចេកវិទ្យា និងប្រព័ន្ធកម្លាំងម៉ាស៊ីន៖ ប្រភពរថយន្តពីប្រទេសចិនបានបង្ហាញថា Aito M6 នឹងមានជម្រើសជាប្រភេទអគ្គិសនីសុទ្ធ (BEV) និងប្រភេទប្រើម៉ាស៊ីនជំនួយ (Range-extended)។ អ្វីដែលកាន់តែពិសេសនោះ ម៉ូដែលនេះនឹងបំពាក់នូវប្រព័ន្ធកាប៊ីនឆ្លាតវៃ Huawei HarmonyOS Cockpit 5 និងប្រព័ន្ធបើកបរឆ្លាតវៃ Qiankun ជំនាន់ ADS 4 ដែលជាបច្ចេកវិទ្យា Software និងប្រព័ន្ធជំនួយការបើកបរជំនាន់ចុងក្រោយបំផុតរបស់ Huawei។
Aito M6 ត្រូវបានកំណត់តំណែងជារថយន្ត SUV លក្ខណៈគ្រួសារខ្នាតមធ្យម នៅក្នុងប្រព័ន្ធ អេកូឡូស៊ីរថយន្តរបស់ Huawei ដែលការសម្ពោធក្នុងត្រីមាសទី 2 ខាងមុខនេះ នឹងធ្វើឱ្យ វាក្លាយជាជម្រើសដ៏សំខាន់រវាង M5 និង M7 នៅក្នុងទីផ្សាររថយន្តថាមពលថ្មីរបស់ ប្រទេសចិន៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
