Admin, 15 June 2026
ក្រុមហ៊ុន Seres ដែលជាក្រុមហ៊ុនផលិតរថយន្តចិននៅពីក្រោយជោគជ័យនៃម៉ាកយីហោ Aito (ដែលបានសហការអភិវឌ្ឍជាមួយ Huawei) បានដាក់សម្ពោធម៉ាកយីហោរថយន្តអគ្គិសនីថ្មីមួយមានឈ្មោះថា Aiva ក្នុងគោលបំណងកាត់បន្ថយការរំពឹងផ្អែកយ៉ាងខ្លាំងរបស់ខ្លួនលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ។
ជំហានយុទ្ធសាស្ត្រនេះ កើតឡើងចំពេលដែល Seres កំពុងប្រឈមមុខនឹងអ្វីដែលក្រុមអ្នកវិភាគឧស្សាហកម្មហៅថា «រោគសញ្ញារំពឹងផ្អែកលើ Aito ខ្លាំងពេក»។ នៅក្នុងឆ្នាំ 2025 ម៉ាកយីហោ Aito ក្តោបក្តាប់រហូតដល់ទៅជាង 90% នៃបរិមាណលក់សរុបរបស់ Seres ដោយក្រុមហ៊ុនបានប្រគល់រថយន្ត Aito ចំនួន 426,000 គ្រឿង ក្នុងចំណោមបរិមាណលក់សរុប 472,000 គ្រឿងប្រចាំឆ្នាំនោះ។
ម៉ាកយីហោ AIVA គឺជាពាក្យកាត់មកពីឃ្លាអង់គ្លេសថា “Artificial Intelligence Voyage Ahead” ត្រូវបានណែនាំជាផ្លូវការកាលពីថ្ងៃទី 9 ខែមិថុនា រួមជាមួយរថយន្តគំរូមានឈ្មោះថា Origin Concept។ ម៉ាកយីហោនេះកំណត់ទីតាំងខ្លួនឯងជុំវិញបទពិសោធន៍ដែលជម្រុញដោយប្រព័ន្ធ AI ជាមួយអ្វីដែលថ្នាក់ដឹកនាំពិពណ៌នាថាជា «បច្ចេកវិទ្យា AI ដ៏កក់ក្តៅ» ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់អ្នកប្រើប្រាស់ ព្រមទាំងបង្កប់នូវន័យធៀបផ្នែកភាសាដែលស្រដៀងនឹងពាក្យថា «ស្រឡាញ់ខ្ញុំ» នៅក្នុងភាសាចិនផងដែរ។
ម៉ូដែលផលិតកម្មដំបូងបង្អស់របស់ក្រុមហ៊ុនគឺ ME7 ត្រូវបានគ្រោងនឹងដាក់លក់មុនដាច់ឆ្នាំ 2026 នេះ ដោយរាល់ម៉ូដែលទាំងអស់របស់ Aiva នឹងដៅដៅលើទីផ្សារកម្រិតធ្លា (mainstream market) ដែលមានតម្លៃលើសពី ប្រហែល 27,600 ដុល្លារអាមេរិក។
ភាពជាដៃគូជាមួយ ByteDance ក្នុងការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយខុសពីការសហការជាមួយ Huawei ម៉ាកយីហោ Aiva បានចាប់ដៃគូជាមួយក្រុមហ៊ុន Volcano Engine របស់ ByteDance ដើម្បីបញ្ចូលគំរូភាសាខ្នាតធំ Doubao ទៅក្នុងយានយន្តរបស់ខ្លួន។ ភាពជាដៃគូនេះផ្តោតលើការរួមគ្នាអភិវឌ្ឍបទពិសោធន៍កាប៊ីនឆ្លាតវៃ ជាមួយអន្តរកម្មច្រើនទម្រង់ (multi-modal interaction), ការយល់ដឹងពីអារម្មណ៍ (emotion perception) និងការផ្តល់អនុសាសន៍តាមស្ថានភាពជាក់ស្តែង ព្រមទាំងការភ្ជាប់ទំនាក់ទំនងជាមួយប្រព័ន្ធអេកូឡូស៊ី Douyin (TikTok ចិន) និង Feishu របស់ ByteDance ផងដែរ។
យោងតាមការលាតត្រដាងរបស់ក្រុមហ៊ុន សម្រាប់សមត្ថភាពបើកបរស្វ័យប្រវត្តវិញ Aiva នឹងមិនប្រើប្រាស់ប្រព័ន្ធ Qiankun ADS របស់ Huawei នោះទេ ប៉ុន្តែបានជ្រើសរើសយកការចាប់ដៃគូជាមួយក្រុមហ៊ុន DeepRoute.ai ជំនួសវិញ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន ByteDance បានបំភ្លឺថាខ្លួនមិនមានផែនការក្នុងការផលិតរថយន្ត ឬបង្កើតម៉ាកយីហោរថយន្តផ្ទាល់ខ្លួននោះទេ ដោយបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការជាមួយ Aiva គឺកម្រិតត្រឹមតែការផ្តល់សេវាកម្មបច្ចេកវិទ្យាគំរូខ្នាតធំ និងប្រព័ន្ធកាប៊ីនឆ្លាតវៃប៉ុណ្ណោះ។
ការរចនាម៉ូដែល Origin Concept ឡានគំរូ Origin Concept ដែលបានលាតត្រដាង បង្ហាញពីការរចនាបែប Coupe SUV ជាមួយរូបរាងឌីណាមិកស្ព័រ, ចង្កៀងមុខដែលអាចប្រាស្រ័យទាក់ទងជាភាសាបាន (language communication headlamps), រន្ធខ្យល់នៅលើគម្របម៉ាស៊ីន, ខ្សែបន្ទាត់តួខ្លួនរឹងមាំ និងមានបំពាក់ប្រព័ន្ធសេនស័រ LiDAR នៅលើដំបូល។ ផ្នែកខាងក្រោយបង្ហាញពីការរចនាបែបតួខ្លួនរីកធំ (wide-body) ជាមួយដំបូលស្លាយចុះក្រោម, កាងក្រោយទំហំធំធាត់ និងស្លាបខ្យល់លេចធ្លោ ព្រមទាំងមានភ្លើងសញ្ញាបង្ហាញពីការបើកបរស្វ័យប្រវត្តដែលត្រូវបានដាក់ពង្រាយយ៉ាងច្បាស់ក្រឡែតនៅជុំវិញរថយន្ត។
បរិបទយុទ្ធសាស្ត្រ ការដាក់សម្ពោធ Aiva តំណាងឱ្យកិច្ចខិតខំប្រឹងប្រែងដ៏ប្តេជ្ញាចិត្តរបស់ Seres ក្នុងការធ្វើពិពិធកម្មអាជីវកម្មឱ្យហួសពីភាពជាដៃគូជាមួយ Huawei។ កិច្ចសហប្រតិបត្តិការរវាង Seres និង Huawei បានចាប់ផ្តើមកាលពីខែមេសា ឆ្នាំ 2021 ដោយម៉ាកយីហោ Aito សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ — ម៉ូដែល M5 អាចប្រគល់រថយន្តបានជាង 10,000 គ្រឿងក្នុងរយៈពេលត្រឹមតែ 87 ថ្ងៃបន្ទាប់ពីការដាក់លក់ ហើយម៉ូដែល M9 តែងតែឈរនៅលើកំពូលតារាងនៃការលក់ក្នុងផ្នែកឡានដែលមានតម្លៃលើសពី 69,000 ដុល្លារអាមេរិក នៅក្នុងប្រទេសចិន។
ទោះជាយ៉ាងណាក៏ដោយ មហិច្ឆតាផ្នែកយានយន្តរបស់ Huawei បានពង្រីកខ្លួនយ៉ាងខ្លាំង ដោយបានបង្កើតភាពជាដៃគូជាមួយ Chery (Luxeed), BAIC (Stelato), JAC (Maextro) និង SAIC (Shangjie) ដែលបង្កើតបានជាអ្វីដែលឧស្សាហកម្មហៅថា យុទ្ធសាស្ត្រ «Five Realms» (អាណាចក្រទាំងប្រាំ) ដែលចំណុចនេះបានធ្វើឱ្យភាពផ្តាច់មុខរបស់ Seres ត្រូវថយចុះ។ ត្រឹមខែមករា ឆ្នាំ 2026 ទោះបីជា Aito នៅតែតំណាងឱ្យជិត 70% នៃការប្រគល់រថយន្តសរុបរបស់សម្ព័ន្ធ Harmony Smart Mobility របស់ Huawei ក៏ដោយ ក៏ការបែងចែកធនធានរបស់ Huawei ទៅកាន់ដៃគូផ្សេងទៀតបានលេចឡើងយ៉ាងច្បាស់។
រចនាសម្ព័ន្ធសាជីវកម្ម Aiva ដំណើរការក្រោមក្រុមហ៊ុន Chongqing Saidou Technology ដែលបានឆ្លងកាត់ការរៀបចំរចនាសម្ព័ន្ធសាជីវកម្មឡើងវិញនៅចុងខែឧសភា ឆ្នាំ 2025។ រចនាសម្ព័ន្ធកម្មសិទ្ធិរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្ន រួមមានសហគ្រាសរដ្ឋក្នុងស្រុករបស់ទីក្រុង Chongqing គឺក្រុមហ៊ុន Shayci Zhiyuan ជាអ្នកកាន់កាប់ភាគហ៊ុនធំបំផុតចំនួន 34.5%, ក្រុមហ៊ុន Seres គឺជាអ្នកកាន់កាប់ភាគហ៊ុនធំទីពីរចំនួន 32.96% និងក្រុមហ៊ុន Wending Investment របស់ CATL កាន់កាប់ 9.89%។ ក្រុមអ្នកវិភាគទីផ្សារដែលដកស្រង់ដោយ International Finance បានបង្ហើបថា ការសម្រេចចិត្តរបស់ Seres ក្នុងការបោះបង់សិទ្ធិគ្រប់គ្រងភាគហ៊ុនភាគច្រើន គឺមានគោលបំណងជៀសវាងជម្លោះអាជីវកម្មដែលអាចកើតមានជាមួយ Huawei។
គួរបញ្ជាក់ថា ក្រុមហ៊ុន Saidou Technology កាលពីមុនត្រូវបានគេស្គាល់ថាជា Landian Technology ដែលជាម៉ាកយីហោផ្តោតលើរថយន្តតម្លៃសមរម្យរបស់ Seres ដែលបានដាក់សម្ពោធក្នុងឆ្នាំ 2023 ដើម្បីបំពេញចន្លោះទីផ្សារក្រោម 27,600 ដុល្លារអាមេរិក។ ទោះជាយ៉ាងណា សមត្ថភាពលក់របស់ Landian មិនទទួលបានលទ្ធផលល្អនោះទេ ដោយម៉ាកនេះលក់រថយន្តបានមិនដល់ 20,000គ្រឿងផងក្នុងឆ្នាំ 2025 ហើយម៉ូដែលចម្បង E5 Plus សម្រេចបានការលក់ជាមធ្យមត្រឹមតែ 500 គ្រឿងប៉ុណ្ណោះក្នុងមួយខែ នាដើមឆ្នាំ 2026 នេះ។ សម្រាប់ឆ្នាំ 2025 ទាំងមូល Seres លក់រថយន្តថាមពលថ្មីបានសរុប 472,269 គ្រឿង ដោយក្នុងនោះម៉ាកយីហោ Aito ដែលសហការជាមួយ Huawei សម្រេចបានការប្រគល់រថយន្តជាង 420,000 គ្រឿង។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
