Admin, 22 February 2026
ប្រសិនបើអ្នកមានអារម្មណ៍ធុញទ្រាន់ក្នុងពេលរង់ចាំនៅក្នុងរថយន្ត ហើយព្យាយាមមិនចង់ប្រើប្រាស់ទូរស័ព្ទច្រើនពេក អ្នកប្រហែលជាចង់មើលវីដេអូអ្វីមួយ។សម្រាប់អ្នកដែលប្រើប្រាស់ iPhone និងមានរថយន្តដែលគាំទ្រមុខងារ CarPlay នឹងអាចធ្វើបែបនេះបានក្នុងពេលឆាប់ៗខាងមុខ ប្រហែលជាមានវត្តមាននៅពេលដែលប្រព័ន្ធប្រតិបត្តិការ iOS កំណែអាប់ដេតបន្ទាប់ចេញផ្សាយ។ វានឹងធ្វើឱ្យការរង់ចាំសាកថ្មរថយន្តអគ្គិសនីនៅទីសាធារណៈ ឬការរង់ចាំទទួលកូននៅសាលារៀន កាន់តែមានភាពងាយស្រួល។
ត្រៀមបង្ហាញខ្លួននៅលើអេក្រង់ប៉ះរបស់អ្នក
នៅពេលដែល Apple បានប្រកាសចេញ iOS 26 ក្នុងខែមិថុនា ឆ្នាំ 2025 ក្រុមហ៊ុនបាន ប្រាប់ អ្នកបង្កើតកម្មវិធី (Developers) ថា ប្រព័ន្ធប្រតិបត្តិការថ្មីសម្រាប់ iPhone នេះនឹងមានការ Support ដល់ការមើលវីដេអូ។ មុខងារនេះពីមុនមិនមានវត្តមានដែលត្រូវបានបង្ហាញជាលើកដំបូង ឬការអាប់ដេតបន្តបន្ទាប់ទៀតនោះទេ ។ ប៉ុន្តែបច្ចុប្បន្នវាត្រូវបានដាក់ឱ្យប្រើប្រាស់សម្រាប់អ្នកបង្កើតកម្មវិធីនៅក្នុងកំណែ iOS 26.4 beta ហើយ។ វាក៏មានការលើកឡើងយ៉ាងខ្លីអំពីមុខងារនេះនៅលើទំព័រអ្នកបង្កើតកម្មវិធី CarPlay ផងដែរ។
អ្នកអភិវឌ្ឍន៍ Software ម្នាក់ឈ្មោះ Thomas Dye បានបង្ហាញការសាកល្បងដោយ ប្រើកម្មវិធី ត្រាប់តាម CarPlay (CarPlay simulator) ជាទម្រង់វីដេអូ។ គាត់បានបង្ហាញថា កម្មវិធី Apple TV នឹងលេចឡើងនៅលើអេក្រង់ដើមរបស់ CarPlay ហើយដំណើរការដូចទៅនឹង កម្មវិធី នៅលើ iPhone, iPad និងទូរទស្សន៍ពិតៗផងដែរ។ អ្នកអាចឆែកមើលបញ្ជីរឿងដែលអ្នក ចូលចិត្តមើល និងអាចស្វែងរកក្នុងកម្មវិធីទូរទស្សន៍ ឬខ្សែភាពយន្ត ។ អ្នកអាចបង្កើត កម្មវិធីផ្សេងៗក៏នឹងអាចបើកដំណើរការមុខងារ AirPlay ពីទូរស័ព្ទទៅកាន់រថយន្ត ដែលវា Support ប្រភពវីដេអូ សម្រាប់កម្មវិធីណាដែលមិនទាន់មានការដំឡើងជាមួយ CarPlay ជាផ្លូវការ។
ចំណុចសំខាន់ពីរដែលត្រូវដឹង
ទោះជាយ៉ាងណាក៏ដោយ វាមានរឿងពីរដែលត្រូវតែកើតឡើង មុនពេលអ្នកអាចមើលវីដេអូនៅលើអេក្រង់រថយន្តបាន៖
1. ក្រុមហ៊ុនផលិតរថយន្ត៖ ទំនងជាត្រូវបើកដំណើរការមុខងារនេះតាមរយៈការកំណត់ Software របស់ពួកគេដែលទាក់ទងជាមួយ CarPlay (ក្រុមហ៊ុនមួយចំនួនអាចនឹងរើសយក ការមិនបើកមុខងារនេះ ដោយសារហេតុផលសុវត្ថិភាព និងការទទួលខុសត្រូវផ្លូវច្បាប់)។ នេះនឹងទាមទារឱ្យមានការអាប់ដេត Software តាមរយៈ (OTA) ឬការអាប់ដេតផ្សេងៗ។
2. ស្ថានភាពរថយន្ត៖ មុខងារនេះនឹងត្រូវចាក់សោមិនឱ្យប្រើប្រាស់ឡើយ លើកលែងតែ រថយន្តត្រូវបានចត (Parked)។ សុវត្ថិភាពត្រូវតែមកមុនគេ។ ចំពោះមុខងារ Android Auto វិញ វាមិនទាន់មានការគាំទ្រការមើលវីដេអូជាផ្លូវការនៅឡើយទេ។ ចំណែកប្រព័ន្ធកម្សាន្តដែលប្រើមូលដ្ឋាន Google (Google-based infotainment) គឺគាំទ្រការមើលវីដេអូរួចជាស្រេច រួមទាំងតាមរយៈ YouTube ផងដែរ។
មិនមានការធានាថា មុខងារដែលមានក្នុង iOS beta នឹងត្រូវបានដាក់បញ្ចូលក្នុងកំណែទំរង់បន្ទាប់នោះទេ ជួនកាលពួកគេអាចដកវាចេញវិញដើម្បីអភិវឌ្ឍ និងសាកល្បងបន្ថែម។ ទោះជាយ៉ាងណាក៏ដោយ មុខងារនេះមើលទៅហាក់ដូចជាសាមញ្ញ ដូច្នេះយើងសង្ឃឹមថានឹងបានឃើញវាឆាប់ៗ។ ជាទូទៅ ការកំណែSoftware iOS ប្រើពេលត្រឹមតែប៉ុន្មានសប្តាហ៍ តែប៉ុណ្ណោះ ពីដំណាក់កាល beta បញ្ចេញទៅអោយការប្រើប្រាស់ជាសាធារណៈ៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
