Admin, 07 April 2026
សូមតាមដានក្រុម Aprilia Racing ឱ្យបានដិតដល់បំផុត ខណៈដែលរដូវកាល MotoGP ឆ្នាំ 2026 កំពុងបន្តទៅមុខ ព្រោះមើលទៅក្រុមហ៊ុន Ducati កំពុងតែប្រឈមមុខនឹងគូប្រជែងដ៏ស្រួចស្រាវបំផុត ដែលចេញពីផ្ទះអ្នកជិតខាងរបស់ខ្លួនក្នុងរដូវកាលនេះ។
នោះក៏ព្រោះតែក្រុមហ៊ុនផលិតដែលមានមូលដ្ឋាននៅទីក្រុង Noale មួយនេះ បានឈ្នះការប្រកួត MotoGP ទាំងបីលើកដំបូងនៃឆ្នាំ 2026 ហើយ Ducati កំពុងតែជួបការលំបាកក្នុងការស្វែងរកចម្លើយដើម្បីយកឈ្នះ Aprilia។ វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែល Aprilia កំពុងបើកការវាយលុកដាក់ Ducati ក្នុងឆ្នាំនេះ ប៉ុន្តែហេតុអ្វីបានជាយើងនិយាយបែបនេះ? ម្យ៉ាងវិញទៀត យើងឃើញមាន KTM ដែលធ្លាប់បង្ហាញភាពខ្លាំងក្នុងរដូវកាលមុនៗខ្លះដែរ។ ទោះជាយ៉ាងណាក៏ដោយ វាច្បាស់ណាស់ថា Ducati មានកញ្ចប់បច្ចេកទេសល្អជាង និងមានស្ថិរភាពជាងពីការប្រកួតមួយទៅការប្រកួតមួយ។
ចំណែក Honda ទោះបីជាហាក់ដូចជាកំពុងត្រលប់មកវិញយ៉ាងខ្លាំងក្លាក៏ដោយ ប៉ុន្តែនៅតែស្ថិតក្នុងដំណើរការអភិវឌ្ឍម៉ូតូឱ្យកាន់តែលឿន និងមានស្ថិរភាព។ រីឯ Yamaha វិញ គួរឱ្យស្តាយដែលមើលទៅហាក់ដូចជាដើរថយក្រោយមួយជំហានជាមួយម៉ាស៊ីន V4 ថ្មីរបស់ខ្លួន ដែលនេះមិនមែនជាសញ្ញាល្អទេ ព្រោះក្រុមហ៊ុនជប៉ុនមួយនេះក៏បានជួបការលំបាកពេញមួយឆ្នាំ 2025 រួចមកហើយ ក្នុងពេលប្រើប្រាស់ម៉ាស៊ីន Crossplane inline-four ដ៏ល្បីល្បាញរបស់ខ្លួន។
តាមពិតទៅ យើងមិនចាំបាច់រំលឹកឈ្មោះក្រុមហ៊ុនផលិតបីផ្សេងទៀតនោះទេ ព្រោះលទ្ធផលកាលពីឆ្នាំមុនៗបានប្រាប់យើងរួចជាស្រេចថា Aprilia នឹងក្លាយជាគូប្រជែងចម្បន៍របស់ Ducati ម្តងទៀត។ ទោះជាយ៉ាងណាក៏ដោយ Aprilia មិនត្រឹមតែមានសមត្ថភាពប្រកួតប្រជែងក្នុងឆ្នាំ 2026 នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគ្រប់គ្រងលើ Ducati ទាំងស្រុង ក្នុងការប្រកួត Grand Prix បីលើកដំបូងទៀតផង។ ការប្រកួត Sprint និងការជម្រុះយកលេខរៀង (Qualifying) អាចមានសភាពប្រកៀកប្រកិតគ្នា ប៉ុន្តែនៅពេលដល់វគ្គសម្រេច Aprilia គឺមិនអាចមានអ្នកណាមកក្បែរបានឡើយ។
យើងបានរំពឹងថា Marco Bezzecchi នឹងបង្ហាញភាពខ្លាំង ហើយវាក៏ជាការពិត ដោយរូបគេបានឈ្នះការប្រកួត Grand Prix ទាំងបីលើក។ ទន្ទឹមនឹងនេះ មិត្តរួមក្រុម Jorge Martin ក៏បានបង្ហាញផងដែរថា ម៉ូតូ RS-GP26 គឺជាម៉ូតូដែលអាចរត់បានយ៉ាងលឿនជាមួយស្ទីលជិះខុសៗគ្នា។ នៅក្នុងប្រទេសប្រេស៊ីល (ជុំទីពីរ) និងកាលពីចុងសប្តាហ៍មុននៅទីលាន Circuit of the Americas (COTA) សហរដ្ឋអាមេរិក Martin បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 2 បន្ទាប់ពីមិត្តរួមក្រុមរបស់គេទាំងពីរលើក។ ប៉ុន្តែការគំរាមកំហែងពី Ducati ជាពិសេសនៅទីលាន COTA គឺស្ទើរតែគ្មានស្រមោលតែម្តង។
ជាក់ស្តែង ចំណាត់ថ្នាក់លេខ 3 បានទៅលើកីឡាករ Pedro Acosta របស់ KTM ខណៈដែលអ្នកជិះរបស់ Ducati គឺ Fabio Di Giannantonio និង Marc Marquez បានត្រឹមចំណាត់ថ្នាក់លេខ 4 និងលេខ 5 តាមលំដាប់។ នៅសល់ការប្រកួតចំនួន 19 លើកទៀត ដូច្នេះអ្វីៗអាចនឹងផ្លាស់ប្តូរ ហើយចំណុចសំខាន់គឺ Marquez មិនទាន់មានសុខភាពល្អពេញលេញនៅឡើយទេក្នុងរដូវកាលនេះ។ នេះអាចជាចំណុចផ្លាស់ប្តូរវាសនារបស់ Ducati យ៉ាងខ្លាំង។
ទោះជាយ៉ាងណា អ្វីដែលច្បាស់នោះគឺ Aprilia កំពុងតែហក់ឡើងខ្ពស់ជាលំដាប់ តាមរយៈលទ្ធផល ស្ថិរភាព សមត្ថភាពបញ្ជាដ៏ងាយស្រួលនៃម៉ូតូ RS-GP26 និងទំនុកចិត្តរបស់អ្នកជិះរបស់ពួកគេ។ ប្រសិនបើយើងនិយាយតាមត្រង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Ducati បានយកឈ្នះលើគូប្រជែងទាំងអស់។ ជ័យជម្នះបន្តបន្ទាប់ ការឡើងវេទិកាទទួលរង្វាន់ និងការដណ្តើមបានលេខរៀងទី 1 (Pole position) គឺប្រេនអ៊ីតាលីមួយនេះសម្រេចបានទាំងអស់ និងបានបំបែកកំណត់ត្រាជាច្រើន។
វាក៏បានឈ្នះពានរង្វាន់ជាមួយអ្នកជិះផ្សេងៗគ្នា រួមមាន Francesco Bagnaia (2022 និង 2023), Martin (2024) និង Marquez (2025)។ ប៉ុន្តែយើងមិនទាន់ឃើញប្រេនផ្សេងទៀតអាចមកគ្រប់គ្រងលើ Ducati បែបនេះឡើយ ចាប់តាំងពីដំណាក់កាលដំបូងនៃឆ្នាំ 2021 មក៕
ប្រភព៖ United State
ប្រែសំរួល៖ AC Motors
