Admin, 04 October 2026
មានតួលេខតិចតួចណាស់ដែលប្រែប្រួលញឹកញាប់ ជាងកាលបរិច្ឆេទដាក់លក់រថយន្តអគ្គិសនី (EV) ស៊េរីថ្មី។ ឧទាហរណ៍ដូចជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅរដ្ឋតិចសាស់ ដែលនាពេលថ្មីៗនេះបានរំកិលការដាក់លក់រថយន្តអគ្គិសនីម៉ូដែល Roadster ដ៏ល្បីល្បាញរបស់ខ្លួនឱ្យពន្យារពេលពីរសប្តាហ៍ — ពោលគឺប្រហែលប្រាំបួនឆ្នាំបន្ទាប់ពីរថយន្តនេះត្រូវបានរៀបចំកាលវិភាគដើមក្នុងការដាក់លក់។
ឬក្រុមហ៊ុន Aston Martin; អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន នាពេលថ្មីៗនេះបានប្រាប់សារព័ត៌មាន Autocar ថា ម៉ាកយីហោមួយនេះនឹងមិនដាក់លក់ម៉ូដែលអគ្គិសនីដំបូងរបស់ខ្លួន រហូតដល់ឆ្នាំ 2033 យ៉ាងឆាប់បំផុតនោះទេ។ កាលវិភាគរបស់លោក Hallmark កើតឡើងបន្ទាប់ពីលោកបានស្នើឡើងដំបូងនូវការដាក់លក់នាឆ្នាំ 2030 ដែលការស្នើឡើងនោះទៀតសោត បានកើតឡើងបន្ទាប់ពីមតិយោបល់ពីថ្នាក់ដឹកនាំមុនអំពីការដាក់លក់នាឆ្នាំ 2027 ហើយការកំណត់ទាំងពីរនេះ សុទ្ធតែជាការសុំពន្យារពេលចេញពីកាលវិភាគដើមនាឆ្នាំ 2025។ តើអ្នកអាចតាមដានទាន់ដែរឬទេ?
យោងតាមរបាយការណ៍ លោក Hallmark បានទម្លាក់កំហុសលើការបន្តពន្យារពេលនេះ ទៅលើបទដ្ឋានគតិយុត្ត (ច្បាប់) ដែលលោកបានមានប្រសាសន៍ថា «កំពុងផ្លាស់ប្តូរលឿនជាងក្រុមហ៊ុនផលិតរថយន្តណាមួយអាចទទួលយក និងដោះស្រាយបាន»។ ថ្នាក់ដឹកនាំរូបនេះ បានបង្ហាញអារម្មណ៍ស្រដៀងគ្នានេះដែរ ចំពោះតម្រូវការអតិថិជនសម្រាប់រថយន្តអគ្គិសនីលំដាប់ខ្ពស់ ដែលជាចំណុចទាក់ស្ទើរទូទៅសម្រាប់ផ្នែកកំពូលនៃឧស្សាហកម្មនេះ។
លោក Hallmark បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «យើងគ្រាន់តែត្រូវការឱ្យរថយន្តអគ្គិសនី BEV អនុវត្តស្របតាមបទដ្ឋានគតិយុត្ត [នៅក្នុងទីផ្សារមួយចំនួនតែប៉ុណ្ណោះ នៅមុនឆ្នាំ 2035។ ខ្ញុំនឹងមិនផ្តល់កាលបរិច្ឆេទដាច់ខាតនោះទេ ពីព្រោះវាមិនទាន់ច្បាស់លាស់។ វាអាចជាឆ្នាំ 2035 ឬវាអាចជាឆ្នាំ 2033 ប៉ុន្តែវាស្ថិតនៅក្នុងចន្លោះពេលបីឆ្នាំនោះ។ វា មិនមែនជាឆ្នាំ 2031 នោះទេ»។
នៅពេលណាដែលវាកើតឡើង Aston Martin នឹងពឹងផ្អែកលើភាពជាដៃគូដែលខ្លួនបានបង្កើតឡើងជាមួយក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត។ ម៉ាកយីហោមួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Lucid ក្នុងឆ្នាំ 2033 សម្រាប់ការចូលប្រើប្រាស់បច្ចេកវិទ្យា EV របស់ខ្លួន។ Aston ក៏មានភាពជាដៃគូជាមួយ Mercedes-Benz ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនបច្ចុប្បន្នរបស់ម៉ាកយីហោនេះផងដែរ ដែលខ្លួនមានផែនការស្រូបទាញយកប្រយោជន៍ ដើម្បីកែលម្អប្រព័ន្ធថាមពល និងប្រព័ន្ធអគ្គិសនីរបស់ខ្លួន។
យោងតាមលោក Hallmark ក្រុមហ៊ុន Aston Martin នឹងបន្តផ្តោតលើម៉ាស៊ីនចំហេះក្នុងរបស់ខ្លួន ក្នុងការឈានទៅរកឆ្នាំ 2035។ លោកបានមានប្រសាសន៍ថា៖ «យើងមានផែនទីបង្ហាញផ្លូវដើម្បីរក្សាម៉ាស៊ីនធំ និងតូច [សំដៅលើ V-8 និង V-12 ឱ្យនៅបន្តដំណើរការ និងស្របតាមបទដ្ឋានច្បាប់ រហូតដល់ចុងបញ្ចប់នៃកំឡុងពេលនោះ»។ ហើយខណៈពេលដែលលោក Hallmark បើកចំហចំពោះការប្រែក្លាយទៅជាប្រព័ន្ធ Hybrid កាន់តែច្រើននៅក្នុងស្រឡាយផលិតផល លោកប្រឆាំងនឹងគំនិតនៃប្រព័ន្ធ Plug-in ដោយសារតែទម្ងន់បន្ថែមដែលពួកវាបូកបញ្ចូល។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
