Admin, 12 February 2026

             ការផ្លាស់ប្តូរបន្តិចបន្តួច ជារឿយៗគឺជាសោរដ៏សំខាន់ក្នុងការសម្រេចបាននូវភាពអស្ចារ្យ។ ក្រុមហ៊ុន Aston Martin ក៏បានប្រើប្រាស់យុទ្ធសាស្ត្រនេះដែរជាមួយរថយន្ត Vantage S ស៊េរីឆ្នាំ 2026 ថ្មី ដោយការធ្វើបច្ចុប្បន្នភាពបន្តិចបន្តួច ដើម្បីលើកកម្ពស់បទពិសោធន៍នៃ ការបើកបរឱ្យកាន់តែជក់ចិត្ត។

Vantage S មិនមែនផ្តោតសំខាន់ទៅលើការបង្កើនកម្លាំងឱ្យខ្លាំងដល់កំពូល ឬការបង្កើត កំណត់ត្រាល្បឿនក្នុងសៀគ្វីនោះទេ ប៉ុន្តែ Aston Martin បានយកចិត្តទុកដាក់លើការ ផ្លាស់ប្តូរយ៉ាងហ្មត់ចត់ទៅលើគ្រឿងបង្គុំគ្រោងឆ្អឹង (Chassis) ដើម្បីកែលម្អការបញ្ជា និងផ្តល់នូវការឆ្លើយតបកាន់តែច្បាស់ដល់អ្នកបើកបរ។ កម្លាំងម៉ាស៊ីន និងសមត្ថភាព ទោះបីជាការផ្តោតសំខាន់គឺទៅលើការកែលម្អការបញ្ជា ប៉ុន្តែម៉ាស៊ីន V-8 Twin-turbo ចំណុះ 4.0លីត្រ ក៏ទទួលបានការយកចិត្តទុកដាក់ផងដែរ៖


  • កម្លាំងសេះ៖ 670សេះ (ខ្លាំងជាងម៉ូដែល Vantage ធម្មតាចំនួន 14 សេះ)។
  • កម្លាំងរមួល៖ 799 Nm បញ្ជូនទៅកាន់កង់ក្រោយតាមរយៈប្រអប់លេខអូតូ 8 វគ្គល្បឿន។
  • ល្បឿន៖ អាចរត់ពី 0 ដល់ 96 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 3.3 វិនាទី។
  • ល្បឿនអតិបរមា៖ 325 គីឡូម៉ែត្រ/ម៉ោង ។

នៅពេលអង្គុយនៅពីក្រោយចង្កូត សំឡេងម៉ាស៊ីន 8 ស៊ីឡាំងមានអារម្មណ៍ថាខ្លាំងក្លា និងត្រៀមខ្លួនជានិច្ចក្នុងការរុញច្រានរថយន្តទៅមុខ។ ការឆ្លើយតបនៃហ្គែរគឺរហ័សទាន់ចិត្ត ហើយថាមពលដែលបញ្ចេញមកគឺមានតុល្យភាពល្អបំផុត។


ការកែលម្អគ្រោងឆ្អឹង និងតុល្យភាព វិស្វករនៅ Gaydon បានចំណាយពេលភាគច្រើន ទៅលើការកែសម្រួលគ្រោងឆ្អឹង។ ការរៀបចំថ្មីរួមមានការសារ៉េមុំកង់ (Camber, Toe, and Caster) និងការកែតម្រូវប្រព័ន្ធបូម Bilstein ឱ្យកាន់តែប្រសើរ។ ដើម្បីឱ្យតួខ្លួនរថយន្តកាន់ តែរឹងមាំ Aston Martin បានភ្ជាប់ផ្នែកបង្គុំកង់ក្រោយទៅនឹងតួខ្លួនដោយផ្ទាល់។ ទោះជាយ៉ាង​ណាក៏ដោយ ដើម្បីរក្សាតុល្យភាព និងផាសុកភាព ពួកគេបានសម្រួល​ជើងទម្រប្រអប់លេខ​ឱ្យទន់ជាងមុន 10% ដើម្បីកាត់បន្ថយការរំញ័រ និងសម្រួលបូមក្រោយឱ្យជិះកាន់​តែរលូនក្នុង​ល្បឿនទាប។


ការរចនាខាងក្រៅ និងខាងក្នុង ការផ្លាស់ប្តូរផ្នែករូបរាងមានលក្ខណៈតិចតួចប៉ុន្តែមានប្រសិទ្ធភាព៖

  • ផ្នែកខាងក្រៅ៖ មានបន្ថែមបន្ទះ Carbon-fiber នៅលើរន្ធខ្យល់ដំបូលមុខ ដើម្បីជួយបញ្ចេញកម្ដៅពីម៉ាស៊ីន។ ស្លាបកន្ទុយត្រីខាងក្រោយជួយបង្កើនកម្លាំងសង្កត់ (Downforce) បាន 44​ គីឡូក្រោម​ក្នុងការបើកបរល្បឿនអតិបរមា។ បន្ថែមពីនេះ ក៏មានស្លាកសញ្ញា "S" ធ្វើដោយដៃនៅផ្នែកចំហៀង និងជម្រើសយ៉ាន់កង់ទំហំ 21 អ៊ីញពណ៌ខ្មៅអមដោយឆ្នូតក្រហម។
  • ផ្នែកខាងក្នុង៖ តុបតែងដោយស្បែក Alcantara ដ៏ប្រណីត និងមានសញ្ញា "S" កាន់តែច្រើន។ វាក៏មានបំពាក់អេក្រង់កុងទ័រ 10.3 អ៊ីញ និងអេក្រង់កម្សាន្ត 12.5 អ៊ីញ ដែលគាំទ្រប្រព័ន្ធ Apple CarPlay Ultra (អាចបញ្ជាមុខងាររថយន្តបានដោយ មិនបាច់ ចាកចេញពី CarPlay)។

Aston Martin Vantage S បានដាក់លក់ហើយក្នុងតម្លៃចាប់ផ្ដើមពី $199,500 (ថ្លៃជាងម៉ូដែល ធម្មតាត្រឹមតែ $5,000 ប៉ុណ្ណោះ)។ វាគឺជារថយន្តស្ព័រដ៏ល្អឥតខ្ចោះ ដែលអាចបើកបរបានយ៉ាង រហ័សរហួនលើផ្លូវបត់បែន និងអាចបើកបរយ៉ាងស៊ីវិល័យក្នុងក្រុង អមដោយសំឡេងម៉ាស៊ីន ដ៏ពិរោះរណ្តំ៕

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)