Admin, 24 February 2026

          រថយន្តស្ព័រអគ្គិសនីរបស់ក្រុមហ៊ុន Audi នឹងត្រូវបង្ហាញខ្លួនយ៉ាងពិតប្រាកដ។ បន្ទាប់ពីបាន បង្ហាញជារូបរាងដំបូងកាលពីឆ្នាំមុនតាមរយៈម៉ូដែល Concept C បែបសាមញ្ញ (Minimalist) រថយន្តអគ្គិសនីទ្វារពីរនេះកំពុងត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង (Platform) តែមួយ ជាមួយម៉ូដែល 718 អគ្គិសនីរបស់ Porsche។ ប៉ុន្តែខណៈពេលដែលមានសេចក្តី រាយការណ៍ ថា Porsche កំពុងពិចារណាផ្អាកគម្រោង រថយន្តស្ព័រអគ្គិសនីរបស់ខ្លួនមុន ពេលវាបង្ហាញ ខ្លួនទៅទៀតនោះ ខាងក្រុមហ៊ុន Audi នៅតែរក្សាជំហរយ៉ាងរឹងមាំចំពោះការ សម្រេចចិត្ត របស់ខ្លួន។

យោងតាមសារព័ត៌មានអាល្លឺម៉ង់ Donaukurier (តាមរយៈ Autocar) នាយកប្រតិបត្តិក្រុមហ៊ុន Audi លោក Gernot Döllner បានបញ្ជាក់នៅក្នុងលិខិតផ្ទៃក្នុងផ្ញើជូនបុគ្គលិកថា រថយន្តស្ព័រ អគ្គិសនី Audi នឹងត្រូវផលិតឡើង ទោះបីជា Porsche ដកថយពីគម្រោង 718 EV របស់ខ្លួន ក៏ដោយ។

Audi C-Sport Concept


រថយន្ត Audi នេះ (ដែលត្រូវបានហៅជាផ្ទៃក្នុងថា "C-Sport") គ្រោងនឹងឈានចូលខ្សែសង្វាក់ ផលិតកម្មក្នុងឆ្នាំ 2027 ដោយប្រើប្រាស់គ្រោងឆ្អឹងតែមួយដែលគ្រោងនឹងទ្រទ្រង់ដល់ម៉ូដែល Porsche 718 Boxster និង Cayman អគ្គិសនី។ ប៉ុន្តែការកើនឡើងនៃការខាតបង់ផ្នែក ហិរញ្ញវត្ថុសម្រាប់អាជីវកម្មរថយន្តអគ្គិសនីរបស់ Porsche និងការធ្លាក់ចុះនៃទីផ្សាររថយន្ត អគ្គិសនីនៅក្នុងសហរដ្ឋអាមេរិក បានធ្វើឱ្យ Porsche ត្រូវពិចារណាឡើងវិញនូវផែនការរបស់ ខ្លួន។ សារព័ត៌មាន The Drive បានរាយការណ៍ថា Porsche បានបើកកិច្ចប្រជុំមួយកាល ពីសប្តាហ៍មុននៅប្រទេសអាល្លឺម៉ង់ ដើម្បីសម្រេចជោគវាសនារបស់ម៉ូដែល 718 EV។

ទោះបីជាលទ្ធផលនៃកិច្ចប្រជុំនោះមិនទាន់ត្រូវបានបង្ហាញក៏ដោយ ប៉ុន្តែលោក Döllner បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ Audi ចំពោះគ្រោងឆ្អឹងនេះ។ លោកបានសរសេរ នៅក្នុងលិខិតនោះថា៖ "ការផ្តល់ជូននូវគ្រោងឆ្អឹងដោយ Porsche គឺមិនមែនជាបញ្ហាដែលត្រូវ ចោទសួរនោះទេ"។ លោកក៏បានពណ៌នាអំពី "កិច្ចសហការដ៏ល្អរវាងក្រុមការងារ Porsche និងក្រុមការងារ Audi" ផងដែរ។ មន្ទិលសង្ស័យជុំវិញការប្តេជ្ញាចិត្តរបស់ Porsche ចំពោះ រថយន្តស្ព័រអគ្គិសនីបានចាប់ផ្តើមកើនឡើង នៅពេលដែលលោក Michael Leiters ចូលមក ជំនួសតំណែងលោក Oliver Blume ជានាយកប្រតិបត្តិរបស់ Porsche នៅដើមឆ្នាំនេះ។ ក្រុមហ៊ុនធ្លាប់បានបញ្ជាក់រួចមកហើយថា ខ្លួននឹងកែសម្រួលគ្រោងឆ្អឹងនេះឡើងវិញ ដើម្បីអាច ប្រើប្រាស់ម៉ាស៊ីនសាំងបាន ហើយការយឺតយ៉ាវក្នុងកម្មវិធី 718 EV បានបង្ហាញពីការកើនឡើង នៃថ្លៃដើមក្នុងការអភិវឌ្ឍន៍។


Porsche 718


មនុស្សជាច្រើនធ្លាប់បានស្មានថា ជោគវាសនារបស់ 718 EV និង Audi C-Sport នឹងត្រូវផ្សារ​ភ្ជាប់គ្នា ប៉ុន្តែលិខិតរបស់លោក Döllner ហាក់ដូចជាបដិសេធចំពោះការលើកឡើងនេះ និង​បង្ហាញពីការប្តេជ្ញាចិត្តរបស់ Audi ចំពោះរថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់។ ចំពោះរថយន្ត Porsche 718 EV វិញ យើងមានតែរង់ចាំមើលបន្តទៀតតែប៉ុណ្ណោះតើវាអាច​កើតចេញជារូបរាងដែរឬអត់?៕


ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)