Admin, 07 June 2026

                 ការសោកស្តាយចំពោះការបាត់បង់រថយន្ត Audi R8 បន្ទាប់ពីការបញ្ចប់ខ្សែសង្វាក់ផលិតកម្មក្នុងឆ្នាំ 2023 ឥឡូវនេះក្រុមហ៊ុន Audi មាននិមិត្តរូបថ្មីពីទីក្រុង Ingolstadt ដែលកំពុងឈានជើងចូលមកដល់ ហើយម្តងទៀត វាបានចែករំលែក DNA ជាមួយបងប្អូនបង្កើតរបស់ម៉ាក Lamborghini។ ប៉ុន្តែ ខណៈពេលដែល R8 តែងតែត្រូវបានកំណត់ទីតាំងដោយចេតនាឱ្យស្ថិតនៅក្រោមបងប្អូនជីដូនមួយ Lamborghini របស់ខ្លួន (ជំនាន់ទីមួយស្ថិតក្រោម Gallardo និងជំនាន់ទីពីរស្ថិតក្រោម Huracán) រថយន្ត Audi Nuvolari ដែលរៀបនឹងមកដល់នេះ ជាក់ស្តែងមានកម្លាំងខ្លាំងជាង និងមានភាពផ្តាច់មុខ (exclusive) ជាងម៉ូដែល Lamborghini Temerario ទៅទៀត ដែលខ្លួនវាផ្ទាល់គឺស្ថិតនៅលើកំពូលនៃភាពកម្រ និងសមត្ថភាពខ្ពស់រួចទៅហើយ។

អ្នកអាចដឹងថា Nuvolari ពិតជាពិសេស ដោយសារតែការពិតដែលថាវាបានលះបង់ចោលនូវទម្លាប់កំណត់ឈ្មោះតាមអក្សរផ្សំលេខ (alphanumeric badging) របស់ Audi ដោយប្តូរមកប្រើឈ្មោះរបស់លោក Tazio Nuvolari វិញ ដែលជាអ្នកបើកបរឡានប្រណាំងជនជាតិអ៊ីតាលី ដែលធ្លាប់ឈ្នះការប្រកួត Grand Prix ចំនួនបីលើក នៅពីក្រោយចង្កូតរថយន្ត Auto Union Type DNuvolari បានខ្ចីម៉ាស៊ីនទើបូឌុប (twin-turbo) ទំហំ​4.0 លីត្រ (V-8) របស់ Temerario ដែលមកជាមួយកម្លាំង 789 សេះ និងកម្រិតបង្វិលជុំម៉ាស៊ីនអតិបរមាដល់ 10,000 ជុំ/នាទី (rpm) ហើយវាបានបន្ថែមម៉ូទ័រអគ្គិសនីប្រភេទ axial-flux ចំនួនបី ធ្វើឱ្យកម្លាំងទិន្នផលសរុបកើនឡើងដល់ 987 សេះ (កម្លាំងម៉ាស៊ីនអង់គ្លេសស្មើនឹង 978hp)Audi និយាយថាល្បឿនអតិបរមាគឺ "លើសពី" 350 គីឡូម៉ែត្រ/ម៉ោង និងអះអាងពីរយៈពេលស្ទុះពី 0 ដល់ 100គីឡូម៉ែត្រ/ ត្រឹមតែ 2.6 វិនាទីប៉ុណ្ណោះ។ យើងស្មានថាការអះអាងនេះអាចនឹងនៅទាបជាងសមត្ថភាពពិតជាក់ស្តែង។

គម្រោង Nuvolari នេះបានចាប់ផ្តើមកាលពីខែមីនាឆ្នាំមុន ពោលគឺចំជិត 440 ថ្ងៃមុន យ៉ាងច្បាស់លាស់ ហើយត្រូវបានអនុវត្តដោយក្រុមការងារតូចមួយដែលធ្វើការក្នុងកម្រិតសម្ងាត់បំផុត។ ខណៈពេលដែលអ្នកគាំទ្រ Audi តែងតែសង្ឃឹមចង់បាន R8 ថ្មី ប៉ុន្តែ Nuvolari មិនមែនជាការឆ្លើយតបនោះទេ។ វាមានលក្ខណៈដូចជារថយន្តគំរូផលិតមានកំណត់ (limited-edition concept car) ដែលត្រូវបានអនុញ្ញាតឱ្យបើកបរលើផ្លូវសាធារណៈដោយស្របច្បាប់ ដោយមានចំនួនផលិតកំណត់ត្រឹមតែ 499 គ្រឿង ប៉ុណ្ណោះ និងមានតម្លៃមូលដ្ឋាន 686,613 ដុល្លារ ។ ជាធម្មតា នៅពេលដែលរថយន្តបែបនេះបង្ហាញខ្លួន អតិថិជនលំដាប់វីអាយភីនឹងទទួលបានដំណឹងមុន ហើយចំនួនផលិតផលនឹងត្រូវអមមកជាមួយពាក្យដ៏ខកចិត្តមួយថា "ប៉ុន្តែវាត្រូវបានលក់អស់បាត់ទៅហើយ"។ ប៉ុន្តែវាមិនមែនជាករណីសម្រាប់ពេលនេះទេ ទោះបីជាវាអាចនឹងលក់អស់ត្រឹមចុងសប្តាហ៍នេះក៏ដោយ បន្ទាប់ពី Nuvolari បើកបង្ហាញខ្លួននៅលើទីលាន Monaco Formula 1 នៅចំពោះមុខមនុស្សរាប់ពាន់នាក់ដែលអាចចំណាយលុយ 700,000 ដុល្លារសម្រាប់ទិញឡាន ដូចជាការទិញកាហ្វេមួយកែវ។ ដូចដែលអ្នកអាចរំពឹងទុក មិនមែនគ្រប់ដេប៉ូរបស់ Audi ទាំងអស់សុទ្ធតែអាចកាន់កាប់ការលក់ ឬការគាំទ្រសម្រាប់ Nuvolari នោះទេ។ ប៉ុន្តែប្រសិនបើអ្នករស់នៅកន្លែងដូចជា Los Angeles, Miami New York នោះអ្នកប្រហែលជាគ្មានបញ្ហាឡើយ។

តួខ្លួនរបស់រថយន្តនេះត្រូវបានធ្វើឡើងពីកាបូនហ្វាយបឺ (carbon fiber) ទាំងអស់ (ជាលើកដំបូងសម្រាប់ Audi) ហើយយ៉ាន់កង់អាលុយមីញ៉ូមដែលផលិតដោយការដំឡើ់ងសម្ពាធ (forged aluminum) គឺជាការរចនាបែបគន្លឹះចាក់សោកណ្តាល (center-lock) ដែលជាចំណុចដំបូងបង្អស់មួយទៀតសម្រាប់ Audi។ ប្រព័ន្ធបំពង់ស្រូបខ្យល់ S-duct នៅផ្នែកខាងមុខ និងស្លាបខ្យល់សកម្មផ្នែកខាងក្រោយ (active rear wing) រួមចំណែកបង្កើតកម្លាំងសង្កត់ (downforce) ខ្ពស់បំផុតដល់ទៅ ប្រហែល 400 គីឡូក្រាម ហើយប្រព័ន្ធ Aerodynamic សកម្មនេះបានរួមបញ្ចូលគ្នាជាមួយប្រព័ន្ធគ្រប់គ្រងការអូសទាញ (traction control), ប្រព័ន្ធរក្សាស្ថិរភាព (stability control), ប្រព័ន្ធបូម និងការគ្រប់គ្រងម៉ាស៊ីន នៅក្នុងប្រព័ន្ធមួយដែល Audi ហៅថា “quattro predictive ride”

វាមានរបៀបបើកបរដោយថាមពលអគ្គិសនីសុទ្ធ (fully electric drive mode) ដែលយើងមិនរំពឹងថានឹងផ្តល់ចម្ងាយផ្លូវបានឆ្ងាយនោះទេ ដោយសារវាប្រើប្រាស់អាគុយទំហំត្រឹមតែ 7.3 kW (gross) រួមជាមួយរបៀបបើកបរផ្សេងទៀតដែលហៅថា balanced, dynamic, និង dynamic plus។ វាក៏មានរបៀបបើកបរលើផ្លូវប្រណាំង (track mode) ជាមួយការកំណត់ផ្ទាល់ខ្លួន រួមមាន ផ្លូវសើម (wet), ផ្លូវស្ងួត (dry), race, និងការបិទប្រព័ន្ធគ្រប់គ្រងការអូសទាញ (traction control off)។ ហើយ Nuvolari ត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់លើផ្លូវប្រណាំង ប្រសិនបើម្ចាស់រថយន្តមានបំណង។ សំបកកង់គឺជាប្រភេទ Bridgestone Potenza Race ដែលមានទំហំ 255/35R-20 នៅខាងមុខ និង 325/30R-21 នៅខាងក្រោយ ហើយ Audi អះអាងថា ប្រព័ន្ធហ្វ្រាំង Ceramic Pro របស់ Nuvolari អាចផ្តល់នូវសមត្ថភាពពន្លឺនល្បឿន "ស្មើនឹងរថយន្ត Formula 1 បច្ចុប្បន្ន"។

ក្រៅពីគ្រឿងបង្គំសមត្ថភាពខ្ពស់ Nuvolari គឺជាការប្រមូលផ្តុំនៃព័ត៌មានលម្អិតនៃការរចនាដ៏ស្រស់ស្អាត។ ជាឧទាហរណ៍ ទ្វារឡានបានលាក់នូវរន្ធស្រូបខ្យល់ចំនួនបី សម្រាប់ការបញ្ចុះកម្ដៅ និងការស្រូបខ្យល់ចូលម៉ាស៊ីន រួមជាមួយដៃទ្វារឡាន។ ឡូហ្គោរបស់ Audi នៅលើស្លាបខ្យល់ខាងក្រោយ មិនមែនជាស្ទីកគ័រ ឬការបាញ់ថ្នាំនោះទេ ប៉ុន្តែជាលោហៈធាតុពិតប្រាកដដែលត្រូវបានបង្កប់ទៅក្នុងសាច់កាបូនហ្វាយបឺ។ រាល់អ្វីៗទាំងអស់ដែលអ្នកឃើញមើលទៅដូចជាលោហៈ គឺវាជាលោហៈពិតប្រាកដ លើកលែងតែថ្នាំពណ៌ទីតានីញ៉ូម (Titanium paint) នៅពីលើតួខ្លួនកាបូនហ្វាយបឺ (អ្នកទិញក៏នឹងមានជម្រើសយកតួខ្លួនកាបូនហ្វាយបឺសុទ្ធដោយមិនបាច់បាញ់ថ្នាំផងដែរ)។

ផ្នែកខាងក្នុងក៏មានភាពស្រស់ស្អាតដូចជារថយន្តគំរូ (concept-car) និងមានភាពម៉ឺងម៉ាត់មិនទន់ជ្រាយ។ ជាឧទាហរណ៍ ជើងទម្រដៃនៅកណ្តាលកាប៊ីនដែលមើលទៅហាក់ដូចជាអាចទាញបើកឡើងដើម្បីបង្ហាញពីប្រអប់ផ្ទុកអីវ៉ាន់ ឬកន្លែងសាកថ្មទូរស័ព្ទ គឺមិនអាចធ្វើបានទាំងពីរនោះទេ ហើយវាក៏មិនមានកន្លែងដាក់កែវទឹកដែរ។ ចង្កូតរថយន្តមានបំពាក់នូវប៊ូតុង និងកូនរមួលពិតប្រាកដ ដោយមិនមានការប្រើប្រាស់ប្រព័ន្ធប៉ះ tactile បែបស្មុគស្មាញ (haptic gimcrackery) ឡើយ។ កញ្ចក់មើលក្រោយគឺជាប្រភេទអេក្រង់វីដេអូ ដោយសារហេតុផលច្បាស់លាស់ពាក់ព័ន្ធនឹងការមិនមានកញ្ចក់បង្អួចខាងក្រោយ។ កាមេរ៉ាក្រោយត្រូវបានលាក់យ៉ាងមានសិល្បៈនៅក្នុងរបាំងលោហៈនៅខាងក្រោមបំពង់ស៊ីម៉ាំងដែលស្ថិតនៅចំកណ្ដាល។

ពាក្យថា "មានសិល្បៈ" គឺជាពាក្យដែលពណ៌នាអំពី Nuvolari ជាទូទៅ។ នេះគឺជា Audi ដែលកំពុងបង្ហាញពីអ្វីដែលខ្លួនអាចធ្វើបាន នៅពេលដែលរចនាសម្ព័ន្ធឋានានុក្រមម៉ាកយីហោធម្មតាត្រូវបានមើលរំលង។ វាគឺជាគម្រោងការងារសម្ងាត់ (skunkworks project) ដែលបានក្លាយជារថយន្តផលិតកម្មដ៏ពិតប្រាកដ និងជាកំពូលរថយន្ត Audi ដ៏អស្ចារ្យបំផុត។




ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)