Admin, 11 February 2026

          ម៉ូដែល Benelli BN 125 ឆ្នាំ 2026 មកដល់ជាមួយជម្រើសពណ៌ចំនួន4​​ ពណ៌, ម៉ាស៊ីនបាន​បំពេញតាមស្តង់ដារ Euro5+ និងតម្លៃដែលទាបជាងគូប្រជែងដូចជា Honda CB125R និង Yamaha MT-125។

ម៉ូដែល CB125R ដែលជាម៉ូតូប្រភេទ Naked លក់ដាច់បំផុតនៅក្នុងចក្រភពអង់គ្លេសកាល​ពីឆ្នាំមុន បច្ចុប្បន្នមានតម្លៃ 6,523​ដុល្លាអាមេរិក។ ចំណែកឯ Yamaha MT-125 មានតម្លៃ លើសពី 6,797 ​ដុល្លាអាមេរិក គឺរហូតដល់ 7,204​ ដុល្លាអាមេរិក។ ទោះជាយ៉ាងណា ក៏ដោយ ម៉ូតូប្រភេទ Naked ថ្មីរបស់ Benelli ដែលក្រុមហ៊ុនអះអាងថាមាន "រចនាបថ Streetfighter បែបអ៊ីតាលី" នេះ នឹងមានតម្លៃត្រឹមតែ 3,533 ​ដុល្លាអាមេរិក ប៉ុណ្ណោះសម្រាប់អ្នកជិះក្នុង​ចក្រភពអង់គ្លេស។

Benelli BN 125 fuel tank and dash


បេះដូងនៃម៉ូដែលឆ្នាំ 2026 នេះ គឺជាម៉ាស៊ីនស៊ីឡាំងតែមួយកម្លាំង 125 ស៊ីស៊ី ត្រជាក់ដោយ ខ្យល់ ដែលផលិតកម្លាំងបាន 11 សេះ (bhp) នៅកម្រិត 9,500 ជុំក្នុងមួយនាទី និងកម្លាំង បង្វិល 9 Nm នៅកម្រិត 7,000 ជុំក្នុងមួយនាទី។ ចំណុចមួយដែលលេចធ្លោបំផុតរបស់ BN 125 ថ្មីនេះ គឺការសន្សំសំចៃប្រេងដ៏គួរឱ្យចាប់អារម្មណ៍។ ម៉ូដែលថ្មីនេះអះអាងថាប្រើប្រាស់ប្រេងត្រឹមតែ 1.7 លីត្រ ក្នុងចម្ងាយផ្លូវ 100 គីឡូម៉ែត្រ និងចំណុះធុងសាំងអាចផ្ទុកបានចំណុះ 13.5 លីត្រ។

ម៉ូដែល BN 125 នេះត្រូវបានផលិតឡើងនៅក្នុងទីក្រុង Pesaro ប្រទេសអ៊ីតាលី និង​ត្រូវបានដាក់លក់ជាលើកដំបូងក្នុងឆ្នាំ 2022 ហើយយោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិចិនមួយនេះ វាបានក្លាយជាម៉ូតូកម្លាំង 125 ស៊ីស៊ី ដែលលក់ដាច់បំផុតមួយនៅក្នុងចក្រភពអង់គ្លេស ចាប់តាំងពីវាត្រូវបានដាក់បង្ហាញខ្លួនមក។

Benelli BN 125 in a Pure White colourway


លក្ខណៈបច្ចេកទេសផ្សេងទៀតរួមមាន៖

  • កម្ពស់កៅអី: 780mm
  • ទម្ងន់សរុប (curb weight): 142kg
  • អេក្រង់: LCD បង្ហាញព័ត៌មានជុំម៉ាស៊ីន, លេខ, កម្រិតសាំង និងចម្ងាយផ្លូវ។
  • គ្រោងឆ្អឹង: ដែកប្រភេទ Steel trellis frame។
  • ប្រព័ន្ធព្យួរ (បូម): Fork បញ្ច្រាស (upside-down) មុខទំហំ 35mm និងបូមទោល (monoshock) ក្រោយដែលអាចលៃតម្រូវកម្រិតភាពតឹង (preload) បាន។
  • ប្រព័ន្ធហ្វ្រាំង: ឌីសមុខទំហំ 260mm និងឌីសក្រោយ 240mm បំពាក់ដោយប្រព័ន្ធ ហ្វ្រាំងរួមបញ្ចូលគ្នា (Combined Braking System - CBS )។

ម៉ូដែលនេះមានជម្រើសពណ៌ថ្មី 4ពណ៌ រួមមាន៖ ពណ៌ស (Pure White), ពណ៌ខ្មៅ (Midnight Black), ពណ៌ប្រផេះ (Pastel Grey) និងពណ៌លឿង (Blaze Yellow)៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors