Admin, 05 January 2026
ជួរម៉ូដែល Adventure Touring ថ្មីរបស់ Benelli ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍ EICMA កាលពី ខែវិច្ឆិកា ឆ្នាំ2025 កន្លងទៅ ហើយនឹងអាចត្រូវបានចូលរួមបន្ថែមទៀតក្នុងព្រឹត្តការណ៏ឆ្នាំ 2026 ដោយម៉ូដែល TNT 550 ដែលជាម៉ូតូប្រភេទ Naked ថ្មីសន្លាងទាំងស្រុង។
ក្រុមហ៊ុន Benelli ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនយក្សចិន Qianjang Motorcycle Group (QJMotor) ដែលមានម៉ូដែលស្ព័រ Tornado 550 នៅក្នុងជួរប្រភេទម៉ូតូស្ព័ររបស់ខ្លួនផងដែរ។ ចំណុចនេះគឺមានសារៈសំខាន់ក្នុងការរំលឹកដល់Tornado 550 ព្រោះថា Tornado Naked Twin 550 (TNT 550) ថ្មីនេះ បានយកលំនាំតាមម៉ូដែលស្ព័រនោះក្នុងផ្នែកខ្លះ។
ភាពស្រដៀងគ្នាដែលច្បាស់បំផុតគឺម៉ាស៊ីន ដោយម៉ាស៊ីនទាំងពីរប្រើប្រាស់អង្គភាព ថាមពលពីរស៊ីឡាំង (twin-cylinder) កម្លាំង 554 cc របស់ Benelli ដែលផលិតកម្លាំងបាន 56 សេះ (55.2bhp) @ 8,250rpm និងកម្លាំងបង្វិល 54N.m @5,500rpm។
តួម៉ូតូមួយនេះប្រភេទដែកថែប Steel tube trellis frame នៅតែរក្សានូវលំនាំដើមរបស់ Benelli ខណៈដែលប្រព័ន្ធជើងក្រោមខាងមុខបំពាក់នូវ ប៊ូម (upside-down forks) ទំហំ 41 មីលីម៉ែត្រ ដែលអាចលៃតម្រូវបានទាំងកម្រិតឡើងចុះ (rebound), កម្រិតសង្កត់ (compression) និងកម្រិតភាពតឹង (preload)។ នៅផ្នែកខាងក្រោយ គឺជាបូមទោល (monoshock) ដែលអាចសារ៉េតម្រូវកម្រិតភាពតឹង និងកម្រិតឡើងចុះបាន។
ប្រព័ន្ធហ្វ្រាំងបំពាក់មកក្នុងទម្រង់ជា ឌីសមុខប្រភេទ Semi-floating ទំហំ 320 មីលីម៉ែត្រ ផ្គូផ្គងជាមួយ កាលីព័រ Radial 4 ពីស្តុង។ នៅផ្នែកខាងក្រោយឌីសហ្វ្រាំងមានទំហំ 260 មីលីម៉ែត្រ ខណៈដែលកង់ប្រភេទអាលុយមីញ៉ូមមានទំហំ 17 អ៊ីញ ត្រូវបានបំពាក់ជាមួយ សំបកកង់ Pirelli Angel GT II។
ម៉ូតូនេះមានរបៀបបើកបរ (Riding modes) ចំនួនពីរគឺ Normal និង Sport ហើយ TNT 550 ថ្មីក៏ទទួលបានប្រព័ន្ធ Traction control (TCS) ជាស្តង់ដារផងដែរ។ ប្រព័ន្ធ TCS នេះអាចបិទបាន ក៏ដូចជាប្រព័ន្ធហ្វ្រាំង ABS ស្តង់ដាររបស់វាដែរ។ ជាចុងក្រោយ ម៉ូតូ Naked កម្លាំងមធ្យមថ្មីរបស់ Benelli នេះ បំពាក់នូវ អេក្រង់ TFT ទំហំ 5 អ៊ីញ ដែលរួមបញ្ចូល នូវ ប្រព័ន្ធនាំផ្លូវ (navigation), Bluetooth និងការភ្ជាប់ Wi-Fi។
TNT 550 នឹងដាក់លក់នៅដំណាក់កាលណាមួយក្នុងឆ្នាំ 2026 ហើយវានឹងមានការកែប្រែមួយចំនួនសម្រាប់ អ្នកកាន់ប័ណ្ណបើកបរប្រភេទ A2 ផងដែរ។ ព័ត៌មានលម្អិតបន្ថែម និងតម្លៃមិនទាន់ត្រូវបាន បញ្ជាក់នៅឡើយទេ៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
