Admin, 10 February 2026
តុលាការប្រទេសចិនបានបើកសវនាការលើករណីអ្នកបង្កើតមាតិកាផ្នែករថយន្តដ៏ល្បីល្បាញម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដល់កេរ្តិ៍ឈ្មោះផលិតផល តាមរយៈ វីដេអូសាកល្បងបុកទង្គិច (Crash-test) ដ៏ចម្រូងចម្រាសរវាងរថយន្ត Xiaomi SU7 និង Zeekr 007។ សវនាការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី 6 ខែកុម្ភៈ (ឆ្នាំ 2026) នៅក្នុងតុលាការស្រុក Haidian ក្នុងក្រុងប៉េកាំង ដោយមិនទាន់បានប្រកាសសាលក្រមនៅឡើយទេនៅពេលបញ្ចប់សវនាការ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ព្រះរាជអាជ្ញាបានចោទប្រកាន់ជនជាប់ចោទដែលមានត្រកូល Gao ពីបទបង្កការខូចខាតដល់កេរ្តិ៍ឈ្មោះពាណិជ្ជកម្ម។ សវនាការបានអូសបន្លាយពេលជាង 3 ម៉ោង ដែលក្នុងនោះព្រះរាជអាជ្ញា និងមេធាវីការពារ ក្តីបានដេញដោលគ្នាលើការចោទប្រកាន់ដែលមានចែងក្នុងដីកាចោទប្រកាន់។ ជនជាប់ចោទបានបដិសេធរាល់ការចោទប្រកាន់ក្នុងអំឡុងពេលសវនាការ ខណៈដែលក្រុម មេធាវីការពារក្តីបានស្នើសុំឱ្យតុលាការលើកលែងការចោទប្រកាន់។
Bilibili crash test video triggered legal investigation and arrest process. Credit: Bilibili
ព្រះរាជអាជ្ញាបានលើកឡើងថា នៅចន្លោះថ្ងៃទី 22 ខែកក្កដា ដល់ថ្ងៃទី 12 ខែសីហា ឆ្នាំ 2024 លោក Gao បានរៀបចំ និងថតវីដេអូសាកល្បងបុកទង្គិចពីខាងមុខរវាងរថយន្ត Xiaomi SU7 និងរថយន្តម៉ាកមួយទៀតដែលត្រូវបានគេស្គាល់ថាជា Zeekr 007។ អ្នកស៊ើបអង្កេតបានចោទប្រកាន់ថា ជនជាប់ចោទបានលាក់បាំងការពិតដែលថា ខ្សែភ្លើងអាគុយបម្រុង (Auxiliary battery) របស់រថយន្ត SU7 ត្រូវបានគេដោះចេញដោយដៃ មុនពេលបុកទង្គិច និងបានប្រើប្រាស់រូបភាពដែលនាំឱ្យមានការយល់ច្រឡំដើម្បីរៀបរាប់ ពីការខូចខាតអាគុយ។ ដីកាចោទប្រកាន់ក៏បានបញ្ជាក់ដែរថា លោក Gao បានអះអាង ដោយគ្មានការផ្ទៀងផ្ទាត់ថា ប្រព័ន្ធហៅទូរស័ព្ទអាសន្នរបស់ SU7 បានបរាជ័យបន្ទាប់ពីការបុក ហើយការថ្លែងការណ៍ទាំងនេះគឺជាព័ត៌មានមិនពិត។វីដេអូនេះត្រូវបានបង្ហោះលើបណ្តាញ Bilibili កាលពីថ្ងៃទី 13 ខែសីហា ឆ្នាំ 2024 ហើយព្រះរាជអាជ្ញាបានតវ៉ាថា វាបានបង្កការ ខូចខាតយ៉ាងធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះផលិតផលរថយន្តរបស់ Xiaomi។ ប្រព័ន្ធផ្សព្វផ្សាយ ចិនបានរាយការណ៍ពីមុនថា ការសាកល្បងបុកទង្គិចត្រូវបានធ្វើឡើងក្នុងល្បឿនប្រហែល 60 គីឡូម៉ែត្រ/ម៉ោង ជាមួយនឹងអត្រានៃការប៉ះទង្គិចខ្ពស់ (High overlap ratio) ហើយវីដេអូនោះ បានបង្ហាញពីភាពខុសគ្នានៃសមត្ថភាពរបស់រថយន្តទាំងពីរក្រោយការបុក។
ប៉ូលីសបានឃាត់ខ្លួនលោក Gao កាលពីថ្ងៃទី 27 ខែវិច្ឆិកា ឆ្នាំ 2024 ពីបទសង្ស័យបង្កការ ខូចខាតដល់កេរ្តិ៍ឈ្មោះពាណិជ្ជកម្ម ហើយគាត់ត្រូវបានចាប់ខ្លួនជាផ្លូវការនៅថ្ងៃទី 3 ខែមករា ឆ្នាំ 2025។ ព្រះរាជអាជ្ញាបានដាក់ពាក្យបណ្តឹងជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ 2025។ ខាងក្រុមហ៊ុន Xiaomi បានពណ៌នាការសាកល្បងនេះថាជាការសាកល្បង ដែលខ្វះភាព ហ្មត់ចត់ កត់ត្រាមិនគ្រប់ជ្រុងជ្រោយ និងផ្តល់សេចក្តីសន្និដ្ឋានដែលមិនគួរឱ្យជឿជាក់។
Xiaomi questioned the test methodology and reliability after the video was released online.
ដោយឡែក នាយកដ្ឋានច្បាប់របស់ក្រុមហ៊ុន Zeekr បានបញ្ជាក់កាលពីខែសីហា ឆ្នាំ 2024ថា ខ្លួនមិនបានសហការជាមួយបុគ្គល ឬអង្គការណាមួយលើការសាកល្បងបែបនេះឡើយ ហើយរក្សាសិទ្ធិក្នុងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះព័ត៌មានមិនពិតណាមួយ។
អាជ្ញាធរគ្រប់គ្រងរបស់ចិនក៏បានលើកយកករណីស្រដៀងគ្នានេះមកធ្វើជាឧទាហរណ៍ ក្នុងសកម្មភាពពង្រឹងច្បាប់ប្រឆាំងនឹងមាតិកាដែលនាំឱ្យមានការយល់ច្រឡំអំពីសមត្ថភាពរថយន្ត ដោយក្នុងនោះគណនីជាច្រើនត្រូវបានពិន័យ ចំពោះការបង្ហាញទិន្នន័យសាកល្បង ដោយលំអៀង និងការផ្សព្វផ្សាយសេចក្តីសន្និដ្ឋានដែលនាំឱ្យយល់ច្រឡំ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
