Admin, 11 June 2026
ការប្រណាំងម៉ូតូពានរង្វាន់ Isle of Man Tourist Trophy (TT) បាននិងកំពុងប្រព្រឹត្តទៅពេញមួយសប្តាហ៍នេះ ដែលវាគឺជាទីលាននៃការប្រកួតប្រជែងល្បឿនដ៏គួរឱ្យព្រឺព្រួចបំផុតមួយនៅលើភពផែនដី។ សូម្បីតែការទស្សនាវីដេអូបែប Slow-motion (យឺតៗ) ក៏យើងអាចមើលឃើញពីជំនាញដ៏ខ្ពស់របស់អ្នកប្រណាំងក្នុងការទប់លំនឹងម៉ូតូកាត់តាមផ្លូវកោងក្នុងល្បឿនលឿន ដោយគ្មានឱកាសសម្រាប់កំហុសទាល់តែសោះ ដែលវាគឺជាសកម្មភាពដ៏រំភើបញាប់ញ័រខ្លាំងបំផុត។ នាពេលនេះ ក្រុមហ៊ុន BMW បានបញ្ចេញម៉ូតូកំណែទម្រង់ពិសេសមួយ ដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍ប្រណាំងនេះ។
ម៉ូតូនេះត្រូវបានអភិវឌ្ឍឡើងដោយផ្អែកលើម៉ូឌែល M1000 RR ដែលមានល្បឿនលឿនខ្លាំងស្រាប់ អមដោយកញ្ចប់គ្រឿងបំពាក់ Competition Package ដែលអាចរត់បានល្បឿនអតិបរមារហូតដល់ 195 mph (ប្រហែល 313 km/h)។ ជាមួយនឹងកម្លាំង 205 សេះ ចេញពីម៉ាស៊ីន 4 ស៊ីឡាំង ទំហំ 999cc រួមផ្សំនឹងផ្នែកលម្អបែប ឌីណាមិក (aerodynamic elements) ដ៏មានប្រសិទ្ធភាព វាមានភាពខ្លាំងអស្ចារ្យ ។
ក្រុមហ៊ុន BMW បានដណ្តើមជ័យជម្នះក្នុងព្រឹត្តិការណ៍ TT តាំងពីទសវត្សរ៍ឆ្នាំ 1930 មកម៉្លេះ ហើយម៉ូតូ M RR កំណែទម្រង់ប្រណាំងបច្ចុប្បន្ន កំពុងតែកាន់កាប់កំណត់ត្រាជុំទីលានលឿនជាងគេបំផុត។ កាលពីឆ្នាំ 2023 អ្នកប្រណាំងសញ្ជាតិអង់គ្លេសលោក Peter Hickman បានបង្កើតកំណត់ត្រាល្បឿនមធ្យមដ៏លឿនគួរឱ្យភ្ញាក់ផ្អើលគឺ 136.358 mph (ប្រហែល 219km/h) ដោយជិះមួយជុំទីលានចំណាយពេលត្រឹមតែ 16 នាទី និងជាង 36 វិនាទីប៉ុណ្ណោះ។
ស្តេចទីលានភ្នំដែលមិនអាចប្រកែកបាន គឺលោក Michael Dunlop ដែលទើបតែបន្ថែមជ័យជម្នះ TT លើកទី 34ទៅក្នុងកំណត់ត្រារបស់ខ្លួន ធ្លាប់បានឈ្នះជើងឯកនៅលើម៉ូតូម៉ាក BMW ចំនួន 6 ដងក្នុងអាជីពរបស់លោក រួមទាំងការឈ្នះជ័យជម្នះបីដងជាប់គ្នាក្នុងឆ្នាំ 2014ផងដែរ។ អ្នកឈ្នះពានរង្វាន់ TT ដ៏លេចធ្លោផ្សេងទៀតដែលជិះម៉ូតូ BMW រួមមានលោក Davey Todd ដែលទោះបីជាត្រូវបានដកសិទ្ធិចេញពីព្រឹត្តិការណ៍ឆ្នាំនេះក៏ដោយ ប៉ុន្តែលោកប្រាកដជានឹងក្លាយជាគូប្រជែងដ៏ស្វិតស្វាញសម្រាប់លោក Dunlop និងលោក Hickman នៅឆ្នាំក្រោយ។
ការរចនា និងលក្ខណៈពិសេស ដើម្បីសម្តែងការគោរពចំពោះព្រឹត្តិការណ៍ TT ក្រុមហ៊ុន BMW បានបំពាក់គ្រឿងបង្គុំធ្វើពីកាបោនហ្វាយបឺ (carbon fiber) និងអាលុយមីញ៉ូមស្រោបយ៉ាងប្រណីតជាច្រើនទៅលើម៉ូតូ M RR នេះ ព្រមទាំងបានបាញ់ថ្នាំពណ៌កាង (fairing) ជាពណ៌បៃតងក្រម៉ៅបែបស្ព័រដ៏ទាក់ទាញ (Matte British Racing Green)។
ផែនទីទីលាន៖ ខ្សែផ្លូវនៃទីលានប្រណាំងផ្ទាល់ត្រូវបានគេគូរលម្អនៅលើធុងតម្រងខ្យល់ (airbox) និងនៅផ្នែកចំហៀងនៃម៉ូតូ ដោយផ្លូវកោងខាងឆ្វេងស្ថិតនៅខាងឆ្វេង ហើយផ្លូវកោងខាងស្តាំស្ថិតនៅខាងស្តាំ។
ការប៉ាក់លម្អ និងផ្លាកសញ្ញា៖ មានការប៉ាក់លម្អបន្ថែមមួយចំនួន និងមានផ្លាកសញ្ញា (plaque) បញ្ជាក់ពីលេខរៀងរបស់ម៉ូតូ ក្នុងចំណោមម៉ូតូដែលត្រូវបានផលិតឡើងត្រឹមតែ 115 គ្រឿងប៉ុណ្ណោះនៅលើពិភពលោក។
វត្តមានតារាហូលីវូដនៅក្នុងព្រឹត្តិការណ៍ ពេលវេលានៃការបញ្ចេញម៉ូតូស៊េរីនេះគឺពិតជាចំពេលល្អបំផុត ព្រោះព្រឹត្តិការណ៍ TT ឆ្នាំនេះក៏មានវត្តមានតារាលំដាប់កំពូលរបស់ហូលីវូដមកកម្សាន្តផងដែរ។ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងពីភាពយន្តខ្នាតធំស្តីពីការប្រណាំងឡាន Formula 1 លោក Brad Pitt ត្រូវបានគេឃើញមានវត្តមាននៅក្បែរដងផ្លូវប្រណាំងនាឆ្នាំនេះ ដើម្បីទស្សនាព្រឹត្តិការណ៍ និងជួបសំណេះសំណាលជាមួយលោក Dunlop និងអ្នកប្រណាំងផ្សេងទៀត។
ខ្សែភាពយន្តខ្នាតធំអំពីព្រឹត្តិការណ៍ Isle of Man TT ដែលផលិតដោយលោក Brad Pitt និងសម្តែងដោយលោក Channing Tatum បានចាប់ផ្តើមថតនៅលើកោះនេះតាំងពីថ្ងៃទី 22 ខែឧសភាមកម៉្លេះ។ ទោះបីជាភាពយន្ត "F1: The Movie" កន្លងទៅមិនសូវមានសាច់រឿងស្មុគស្មាញខ្លាំង ប៉ុន្តែវាពិតជាផ្តល់នូវរូបភាពដ៏អស្ចារ្យ ហើយប្រសិនបើភាពយន្ត TT ថ្មីនេះអាចផ្តិតយកបានសូម្បីតែមួយផ្នែកតូចនៃភាពរំភើបញាប់ញ័រ និងការតស៊ូដ៏ស្វិតស្វាញនៃការប្រណាំងពិតប្រាកដ វានឹងក្លាយជាខ្សែភាពយន្តដែលមិនគួររំលងឡើយ។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
