Admin, 31 July 2026

                 ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បានចេញផ្សាយជាផ្លូវការនូវលក្ខណៈបច្ចេកទេសនៃការប្រើប្រាស់ថាមពលសម្រាប់រថយន្ត BMW iX3 Long-Wheelbase (ប្រវែងខ្នាតវែង) ស៊េរីថ្មី។ យានយន្តនេះមានចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធផ្លូវការតាមស្តង់ដារ CLTC រហូតដល់ 919 គីឡូម៉ែត្រ ជាមួយនឹងអត្រាស៊ីថាមពលអគ្គិសនីត្រឹមតែ 13.6 kWh ក្នុងចម្ងាយផ្លូវ 100 គីឡូម៉ែត្រ។

រថយន្ត iX3 Long-Wheelbase ថ្មីនេះ រួមបញ្ចូលគ្នានូវបច្ចេកវិទ្យាបើកបរអគ្គិសនី «Neue Klasse» របស់ BMW ដែលបង្កើតឡើងនៅលើស្ថាបត្យកម្មអគ្គិសនីវ៉ុលខ្ពស់ 800V។ តាមរយៈការប្រើប្រាស់អាគុយរាងស៊ីឡាំងខ្នាតធំ និងបច្ចេកវិទ្យា Cell-to-Pack (CTP) ម៉ូដែលថ្មីនេះសម្រេចបាននូវការកើនឡើង 20% នៃដង់ស៊ីតេថាមពល, ការបង្កើនចម្ងាយបើកបរបាន 30% និងការកែលម្អប្រសិទ្ធភាពនៃការសាកថ្មបាន 30% បើធៀបទៅនឹងម៉ូដែលជំនាន់មុន។

ប្រព័ន្ធថាមពលផ្តល់នូវកម្លាំងអតិបរមាសរុប 351 kW (477 សេះ)។ យានយន្តនេះអាចសាកបំពេញថាមពលបន្ថែមសម្រាប់ចម្ងាយបើកបរ 400 គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ 10 នាទីនៃការសាកភ្លើងល្បឿនលឿន (fast charging)។ លើសពីនេះ ប្រព័ន្ធ «Driving Control Super Brain» អនុញ្ញាតឱ្យមានការស៊ីសង្វាក់គ្នាកម្រិតមីលីវិនាទី រវាងកម្លាំងម៉ាស៊ីន និងគ្រោងឆ្អឹងរថយន្ត។

ផ្អែកលើការរចនា រថយន្ត iX3 Long-Wheelbase ប្រើប្រាស់ទម្រង់រចនាជំនាន់ថ្មី «New Generation»។ ប៉ាណាផ្នែកខាងមុខលេចធ្លោដោយភ្លើងបំភ្លឺបែប 3D និងបណ្តុំភ្លើងរួមបញ្ចូលគ្នាដែលបង្កើតបានជាឥទ្ធិពលឌីជីថល «Angel Eye»។ ប្លង់ផ្នែកខាងចំហៀងត្រូវបានរចនាឡើងជាពិសេសសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន ដោយជំនួសទម្រង់ Hofmeister kink បែបប្រពៃណី មកប្រើប្រាស់ទម្រង់ពិសេសផ្តាច់មុខសម្រាប់ទីផ្សារចិនគឺ «Mirror-Light Corner» វិញ។ យានយន្តនេះបំពាក់ដោយដៃទ្វារអគ្គិសនីលិចពាក់កណ្តាល ដែលមានរបៀបបើកពីរទម្រង់ (អគ្គិសនី និងមេកានិក) និងមានប្រព័ន្ធការពារសុវត្ថិភាពបីជាន់។ វិមាត្រខាងក្រៅរបស់រថយន្តគឺ៖ បណ្តោយប្រវែង 4,885 មីឡីម៉ែត្រ, ទទឹងប្រវែង 1,895 មីឡីម៉ែត្រ, កម្ពស់ 1,635 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(wheelbase) 3,005 មីឡីម៉ែត្រ។

ផ្នែកខាងក្រោយត្រូវបានកំណត់លក្ខណៈដោយចង្កៀងរាងស្លាបបក្សី 3D «Feather» និងស្លាបខ្យល់ខាងក្រោយដែលត្រូវបានបង្កើនប្រសិទ្ធភាពសម្រួលខ្យល់។ អតិថិជនអាចជ្រើសរើសពណ៌តួខ្លួនបានចំនួន 9 ពណ៌ រួមមាន៖ ពណ៌ស Mineral White, ពណ៌ប្រផេះ Polar Day Grey និងពណ៌ក្រហម Flame Red

នៅផ្នែកខាងក្នុង កាប៊ីនរថយន្តមានជម្រើសពណ៌ចំនួន 4 ទម្រង់។ ការធ្វើបច្ចុប្បន្នភាពស្នូលគឺប្រព័ន្ធឆ្លាតវៃ BMW Panoramic iDrive ដែលមានបំពាក់ផ្ទាំង Panoramic Vision Bridge និងអេក្រង់ចាំងលើកញ្ចក់ 3D Head-Up Display។ ដោយប្រើប្រាស់បច្ចេកវិទ្យាចាំងរូបភាពចម្ងាយខ្លីខ្លាំង (ultra-short-throw projection) ប្រព័ន្ធនេះចាំងរូបភាព panoramic កម្រិតច្បាស់ 4K ទំហំជិត 40 អ៊ីញ ទៅលើកញ្ចក់មុខរថយន្ត។

កុងទ័រកណ្តាលមានផ្ទុកអេក្រង់ Touchscreen កម្រិតច្បាស់ទំហំ 17.9 អ៊ីញ ដែលត្រូវបានផ្អៀង 17.5 អង្សារឆ្ពោះទៅរកអ្នកបើកបរ ដើម្បីភាពងាយស្រួលក្នុងប្រើប្រាស់។ ប្រព័ន្ធកម្សាន្តព័ត៌មានត្រូវបានភ្ជាប់ទៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់ចិន ដោយគាំទ្រប្រព័ន្ធ Huawei HiCar និង Apple CarPlay ហើយត្រូវបានប្រតិបត្តិការដោយម៉ូដែលភាសាខ្នាតធំ AI របស់ Alibaba និងសមត្ថភាពគិតគូររបស់ DeepSeek សម្រាប់ការបញ្ជាដោយសំឡេង និងការប្រាស្រ័យទាក់ទងកាន់តែប្រសើរ។

ប្រព័ន្ធបើកបរឆ្លាតវៃ ត្រូវបានអភិវឌ្ឍរួមគ្នាដោយ BMW និង Momenta។ ប្រព័ន្ធ AI បែប end-to-end នេះ ប្រើប្រាស់គំរូខ្នាតធំធ្វើមូលដ្ឋានីយកម្ម ដើម្បីគ្របដណ្តប់លើគ្រប់ស្ថានភាពផ្លូវ រួមទាំងផ្លូវក្នុងក្រុង និងផ្លូវហាយវេ ដោយផ្តល់នូវប្រព័ន្ធគ្រប់គ្រងល្បឿនបត់បែន (adaptive cruise control) និងការគេចវេសពីគ្រោះថ្នាក់ដែលកែច្នៃឱ្យត្រូវទៅនឹងស្ថានភាពផ្លូវស្មុគស្មាញក្នុងប្រទេសចិន។

កៅអីអ្នកដំណើរខាងមុខឥឡូវនេះ រួមបញ្ចូលទាំងប្រព័ន្ធទម្រជើងសម្រួលដោយអគ្គិសនី។ កៅអីជួរក្រោយត្រូវបានធ្វើឱ្យក្រាស់ និងវែងជាងមុនសម្រាប់ការទ្រទ្រង់រាងកាយកាន់តែល្អ ប្រកបដោយផាសុកភាព អមដោយដំបូលកញ្ចក់ panoramic ការពារកម្តៅថ្ងៃរួមបញ្ចូលគ្នា។ សម្រាប់ការផ្ទុកឥវ៉ាន់ ការរួមបញ្ចូលគ្នារវាងឃ្លុបមុខ និងឃ្លុបក្រោយ ផ្តល់នូវទំហំផ្ទុកអតិបរមាដែលអាចពង្រីកបានរហូតដល់ 1,900 លីត្រ។

រថយន្ត BMW iX3 ថ្មីនេះ ត្រូវបានរំពឹងថានឹងចាប់ផ្តើមការលក់មុន (pre-sales) នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត Chengdu Auto Show ដោយការប្រគល់រថយន្តជាផ្លូវការនឹងចាប់ផ្តើមនៅក្នុងត្រីមាសទីបួននៃឆ្នាំ 2026 នេះ។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)