Admin, 06 April 2026

           ក្រុមហ៊ុន BMW បានបញ្ចេញរូបភាពផ្លូវការនៃរថយន្ត BMW iX3 Long Wheelbase (កំណែពង្រីកតួខ្លួន) ថ្មីដែលផលិតនៅក្នុងប្រទេសចិន ដោយបញ្ជាក់ពីការបង្ហាញខ្លួនជា​សកលនៅក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 (2026 Beijing Auto Show)។ រថយន្ត SUV អគ្គិសនីដែលរចនាឡើងជាពិសេសសម្រាប់ទីផ្សារចិននេះ គ្រោងនឹងដាក់លក់ក្នុង ឆមាសទីមួយនៃឆ្នាំ 2026។

រថយន្ត iX3 Long Wheelbase ថ្មីនេះរក្សានូវរចនាប័ទ្មខាងក្រៅភាគច្រើនដូចទៅនឹងកំណែ នៅក្រៅប្រទេស ប៉ុន្តែមានការកែលម្អបន្ថែមនូវចំណុចមួយចំនួន។ ចំណុចលេចធ្លោផ្នែក ចក្ខុវិស័យរួមមាន ចង្កៀងបំភ្លឺពេលថ្ងៃ "Digital Angel Wing" និងប៉ាណា "3D Luminous Grille" ដែលមានពន្លឺទាក់ទាញខ្លាំង។ រថយន្តនេះនឹងមានជម្រើសពណ៌តួខ្លួនចំនួន 9 រួមមាន៖ ពណ៌ស (Mineral White), ពណ៌ប្រផេះ (Arctic Grey), ពណ៌ខៀវ (Marina Bay Blue) និងពណ៌ផ្សេងៗទៀត។

Blue Ridge Mountain colour.


ការពង្រីកទំហំ និងបច្ចេកវិទ្យាសម្រាប់ទីផ្សារចិន

ការកែលម្អដ៏សំខាន់សម្រាប់ទីផ្សារប្រទេសចិន គឺការបង្កើនប្រវែងចន្លោះកង់មុខ ក្រោយរហូត ដល់ 3,005 មីលីម៉ែត្រ (វែងជាងកំណែក្រៅប្រទេសដែលមានត្រឹម 2,895 មីលីម៉ែត្រ)។ នៅផ្នែកខាងក្រោយ រថយន្តរក្សានូវចង្កៀងរាងអក្សរ L ផ្ដេក ប៉ុន្តែមានការបន្ថែមស្លាកសញ្ញា “Brilliance BMW” និង “iX350L” ដែលបញ្ជាក់ពីការផលិតក្នុងស្រុក និងស៊េរីម៉ូដែលជាក់ លាក់។

អ្វីដែលកាន់តែពិសេសនោះគឺ iX3 ថ្មីនេះនឹងបំពាក់នូវមុខងារជំនួយការបើកបរឆ្លាតវៃ (Navigation-assisted driving) របស់ក្រុមហ៊ុន Momenta ដែលរចនាឡើងសម្រាប់ស្ថានភាព ចរាចរណ៍ក្នុងស្រុកទាំងលើផ្លូវហាយវ៉េ និងផ្លូវក្នុងក្រុង។


ផ្នែកខាងក្នុង និងប្រព័ន្ធ AI ឆ្លាតវៃ

ខាងក្នុងកាប៊ីន BMW បានប្រើប្រាស់ទស្សនវិជ្ជារចនាចុងក្រោយបំផុត ដោយរួមបញ្ចូលនូវ ដំបូលកញ្ចក់ Panoramic។ BMW ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន Alibaba ដើម្បីបង្កើត បច្ចេកវិទ្យាម៉ូដែលភាសាខ្នាតធំ (LLM) ផ្ទាល់ខ្លួន។ ប្រព័ន្ធនេះនឹងរួមបញ្ចូលសមត្ថភាព AI DeepSeek និងភ្នាក់ងារ AI ទៅក្នុងកាប៊ីនបញ្ជា ព្រមទាំងគាំទ្រប្រព័ន្ធអេកូឡូស៊ី HarmonyOS និងសេវាកម្មឌីជីថល Huawei HiCar ផងដែរ។

Rear of the BMW iX3.


កម្លាំងម៉ាស៊ីន និងសមត្ថភាពអាគុយ

រថយន្ត iX3 Long Wheelbase ដំណើរការដោយបច្ចេកវិទ្យាអគ្គិសនី eDrive ជំនាន់ទី 6 របស់ BMW ដែលបង្កើតឡើងនៅលើស្ថាបត្យកម្ម 800V៖

  • អាគុយ: ទំហំ 108 គីឡូវ៉ាត់ម៉ោង (kWh)។
  • កម្លាំង: ផ្តល់កម្លាំងអតិបរមា 345 គីឡូវ៉ាត់ (463 សេះ) និងកម្លាំងរមួល 645ញូតុនម៉ែត្រ (Nm)។
  • ការស្ទុះ: ពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 4.9 វិនាទី។

ក្នុងផ្នែកសមត្ថភាពបើកបរ វាអាចរត់បានចម្ងាយលើសពី 900 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC) ក្នុងអាគុយពេញម្តង។ ចំពោះការសាកភ្លើងលឿន (Fast charging) វាអាចសាកត្រឹមតែ 10នាទី រត់បានចម្ងាយរហូតដល់ 427 គីឡូម៉ែត្រ៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)