Admin, 02 January 2026
ក្រុមហ៊ុនផលិតរថយន្តចិន BYD បានបដិសេធជាផ្លូវការចំពោះការអះអាងនៅលើបណ្តាញសង្គមថា ខ្លួនកំពុងអភិវឌ្ឍន៏ ឬនឹងមានការដាក់លក់ រថយន្តដែលអាចហោះ ដោយឆ្លើយតបទៅនឹងការរំពឹងទុកយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គមចិន ដែលបានភ្ជាប់ក្រុមហ៊ុនទៅនឹងគម្រោងបច្ចេកវិទ្យារថយន្តអាចហោះហើរបែបទំនើបៗកម្ម។ យោងតាមគេហទំព័រ Sina បានបញ្ជាក់យ៉ាងច្បាស់លាស់ ដែលបានធ្វើឡើងនៅចំពេលដែលឧស្សាហកម្មរថយន្តចិនជាច្រើនកំពុងកើនឡើងនូវចំណាប់អារម្មណ៍លើការអភិវឌ្ឍន៍រថយន្តអាចហោះហើរបាន។
កាលពីថ្ងៃទី 29 ខែធ្នូ លោក Li Yunfei អគ្គនាយកនៃក្រុមហ៊ុន BYD Group ទទួលផ្នែកទំនាក់ទំនងសាធារណៈ បានបកស្រាយនូវពាក្យចចាមអារ៉ាមដែលបានចែកចាយលើបណ្តាញសង្គម ដោយបញ្ជាក់ថា ការអះអាងដែលថា BYD មានគម្រោងផលិតរថយន្តហោះគឺជារឿងមិនពិតទេ និងមិនមានមូលដ្ឋានលើផែនការ ឬការរៀបចំរបស់ក្រុមហ៊ុនឡើយ។ លោកបានសង្កត់ធ្ងន់ទៀតថា ចំពោះមុខការរំពឹងទុកតាមប្រព័ន្ធអ៊ីនធឺណិតដែលមានអ្នកតាមដានច្រើនបែបនេះ ការរក្សាភាពអត់ធ្មត់គឺជាភាពចាំបាច់។
ប្រភពនៃពាក្យចចាមអារ៉ាម
ការបដិសេធនេះបានធ្វើឡើងបន្ទាប់ពីមានការចែកចាយយ៉ាងរហ័សនូវការបង្ហោះតាមបណ្តាញសង្គម និងវីដេអូខ្លីៗដែលចោទប្រកាន់ថា Yangwang ដែលជាម៉ាកយីហោរថយន្តប្រណីតកម្រិតខ្ពស់របស់ BYD កំពុងរៀបចំគម្រោងក្នុងការផលិតរថយន្តហោះក្រោមឈ្មោះថា Ufly។ ប្រភពទាំងនោះបានលើកឡើងថាវាបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿនកម្រិតមេហ្គាវ៉ាត់ (megawatt-level fast-charging) និងក្រោមស្ថាបត្យកម្មដ៏ទំនើបសម្បូរបែប។ តាមប្រភពដែលមិនមានការបញ្ជាក់ទាំងនេះថែមទាំងបានលើកឡើងអំពីព័ត៌មានលម្អិតនៃសមត្ថភាពដែលជារឿងប្រឌិត និងអះអាងថាមានការហោះហើរសាកល្បងត្រូវបានបញ្ចប់ទៀតផង។ ការឆ្លើយតបជាផ្លូវការរបស់ BYD បានបញ្ជាក់យ៉ាងច្បាស់ថា របាយការណ៍ទាំងនោះគឺជារឿងប្រឌិត និងមិនមានមូលដ្ឋានលើព័ត៌មានអភិវឌ្ឍន៍ផលិតផលដែលបានផ្ទៀងផ្ទាត់ណាមួយឡើយ។
ស្ថានភាពឧស្សាហកម្មរថយន្តហោះនៅចិន
ទោះបីជា BYD បានបដិសេធក៏ដោយ ក៏ការចាប់អារម្មណ៍លើបច្ចេកវិទ្យារថយន្តហោះកំពុងកើនឡើងនៅក្នុងផ្នែកខ្លះនៃវិស័យរថយន្ត និងអវកាសរបស់ប្រទេសចិន។ ក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Xpeng, Geely (តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធ Aerofugia), GAC, Changan, និង FAW សុទ្ធតែបានប្រកាសជាសាធារណៈអំពីការស្រាវជ្រាវលើយានយន្តហោះកម្ពស់ទាប ឬប្រព័ន្ធហោះហើរបែប Hybrid។ ក្រុមហ៊ុនមួយចំនួនបានឈានដល់ការបង្កើតគំរូដើម (prototypes), ចូលក្នុងដំណើរការបញ្ជាក់វិញ្ញាបនបត្រ ឬបានដាក់បង្ហាញគោលគំនិតរថយន្តហោះនៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មនានា។
ជាឧទាហរណ៍ របាយការណ៍បានបង្ហាញថា ក្រុមហ៊ុនបុត្រសម្ព័ន្ធយានយន្តអាកាសរបស់ Xpeng បានចាប់ផ្តើមផលិតរថយន្តហោះ Hybrid សាកល្បងហើយ ហើយគម្រោងរបស់ក្រុមហ៊ុនផលិតផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការអនុម័តបទប្បញ្ញត្តិ ឬគ្រោងនឹងដាក់លក់ផលិតផលយ៉ាងឆាប់បំផុតនៅឆ្នាំ 2026។ ការវិវឌ្ឍន៍ទាំងនេះគឺផ្ទុយស្រឡះពីគោលជំហរផ្លូវការរបស់ BYD ដែលមិនបានបញ្ជាក់ពីកម្មវិធីបែបនេះឡើយ។
ការបញ្ជាក់ច្បាស់នាពេលថ្មីៗនេះពី BYD មិនបានយោងទៅលើការស្រាវជ្រាវផ្ទៃក្នុង ឬផែនការណាមួយក្នុងវិស័យបច្ចេកវិទ្យាហោះហើរនោះទេ។ វាផ្តោតតែលើការកែតម្រូវព័ត៌មានមិនត្រឹមត្រូវ និងការអះអាងថាខ្លួនមិនមានគម្រោងផលិតរថយន្តហោះជាផ្លូវការណាមួយឡើយ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
