Admin, 30 January 2026

              ក្រុមហ៊ុនយក្សផ្នែកផលិតអាគុយ និងរថយន្តអគ្គិសនីរបស់ចិន BYD បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាផ្លូវការជាមួយក្រុមហ៊ុន Kim Long Motors របស់វៀតណាម ដើម្បី សាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនីថ្មីមួយនៅភាគកណ្តាលនៃប្រទេសវៀតណាម។ គម្រោងដែលមានតម្លៃ 130 លានដុល្លារអាមេរិកនេះ គឺជាជំហានដ៏សំខាន់មួយ នៅក្នុង យុទ្ធសាស្ត្រពង្រីកខ្លួនជាសកលរបស់ BYD ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Economic Observer ការប្រកាសដែល ត្រូវបានបង្ហាញដោយរដ្ឋាភិបាលវៀតណាមកាលពីថ្ងៃទី 27 ខែមករា 2026 បានបញ្ជាក់ថា រោងចក្រនេះនឹងផ្តោតលើការផ្គត់ផ្គង់អាគុយសម្រាប់រថយន្តពាណិជ្ជកម្មនៅដំណាក់កាលដំបូង។ Kim Long Motors គឺជាក្រុមហ៊ុនផលិតរថយន្តឯកជនក្នុងស្រុករបស់វៀតណាម ដែលមានជំនាញលើការស្រាវជ្រាវ ការដំឡើង ការផលិត និងការលក់រថយន្តដឹកទំនិញ រថយន្តក្រុង និងរថយន្តឯកទេសផ្សេងៗ។


យោងតាមកិច្ចព្រមព្រៀង គម្រោងរោងចក្រអាគុយនេះនឹងបែងចែកជាពីរដំណាក់កាល៖

  • ដំណាក់កាលទី1៖ រួមមានការសាងសង់រោងចក្រលើផ្ទៃដី 4.4 ហិកតា ជាមួយនឹង សមត្ថភាពផលិតគ្រោងទុក 3 ជីហ្គាវ៉ាត់ម៉ោង (GWh) ក្នុងមួយឆ្នាំ ដោយគោលដៅ ចម្បងគឺរថយន្តពាណិជ្ជកម្មដូចជារថយន្តក្រុង និងរថយន្តដឹកទំនិញ។
  • ដំណាក់កាលទី2៖ នឹងមានការពង្រីកផ្ទៃដីបន្ថែមចំនួន 6 ហិកតា ដែលធ្វើឱ្យផ្ទៃដី រោងចក្រសរុបឡើងដល់ ១០ ហិកតា។ ការពង្រីកនេះនឹងដាក់បញ្ចូលនូវខ្សែសង្វាក់ ផលិតកម្មសម្រាប់អាគុយរថយន្តទេសចរណ៍ ដែលជួយបង្កើនសមត្ថភាពផលិត សរុបប្រចាំឆ្នាំដល់ 6 GWh។

ប្រភពផ្ទៃក្នុងពី BYD បានបញ្ជាក់ព័ត៌មាននេះទៅកាន់អ្នកយកព័ត៌មាន ប៉ុន្តែព័ត៌មានលម្អិត ជាក់លាក់ទាក់ទងនឹងការបែងចែកភាគហ៊ុន និងកិច្ចសហការផ្សេងៗមិនទាន់ត្រូវបានបង្ហើបឱ្យ ដឹងនៅឡើយទេ។

សក្តានុពលទីផ្សាររថយន្តអគ្គិសនីនៅវៀតណាម ការសម្រេចចិត្តរបស់ BYD ក្នុងការបង្កើត រោងចក្រអាគុយនៅវៀតណាម គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងទីផ្សាររថយន្ត ថាមពលថ្មីដែលកំពុងរីកចម្រើននៅក្នុងប្រទេសនេះ។ វៀតណាមបានសង្កេតឃើញការ កើនឡើងយ៉ាងខ្លាំងនៃលក់រថយន្តអគ្គិសនី (EV) ដោយកើនឡើងពី 4,040 គ្រឿងក្នុងឆ្នាំ 2022 ដល់ 79,800 គ្រឿងក្នុងឆ្នាំ 2024។ ក្នុងរយៈពេល 11 ខែដំបូងនៃឆ្នាំ 2025 ការលក់រថយន្ត អគ្គិសនី និងរថយន្ត Hybrid នៅក្នុងប្រទេសវៀតណាមសម្រេចបានប្រមាណ 160,000 គ្រឿង ដែលស្មើនឹង 38.5% នៃចំណែកទីផ្សារសរុប។


រដ្ឋាភិបាលវៀតណាមបានគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍរថយន្តថាមពលថ្មី ដើម្បីសម្រេច ឱ្យបាននូវគោលដៅបញ្ចេញឧស្ម័នកាបូនសូន្យត្រឹមឆ្នាំ 2050។ គោលនយោបាយទាំងនោះ រួមមាន ការពន្យារពេលលើកលែងថ្លៃចុះបញ្ជីរថយន្តអគ្គិសនីលើកដំបូងរហូតដល់ឆ្នាំ 2027 រួមជាមួយការកាត់បន្ថយពន្ធលើការប្រើប្រាស់ និងការឧបត្ថម្ភធនសម្រាប់ ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធសាកថ្ម។

យុទ្ធសាស្ត្រខ្សែសង្វាក់ផលិតកម្មក្នុងស្រុក សម្រាប់ BYD៖រោងចក្រអាគុយនៅវៀតណាម​គឺជាការពង្រឹងយុទ្ធសាស្ត្រអាស៊ីអាគ្នេយ៍របស់ខ្លួន។ ក្នុងឆ្នាំ 2024 BYD បានបើកហាងដំបូង របស់ខ្លួននៅវៀតណាម ហើយគ្រោងនឹងពង្រីកបណ្តាញលក់រាយឱ្យដល់ប្រហែល 100 កន្លែងនៅត្រឹមឆ្នាំ 2026។ ការវិនិយោគលើផលិតកម្មអាគុយនេះ បង្ហាញពីការបង្កើត បឋម នៃបណ្តាញផលិតកម្មពេញលេញនៅក្នុងស្រុករបស់ BYD នៅវៀតណាម ដែលរួមមានទាំង ការលក់ ការផលិតគ្រឿងបន្លាស់ និងការផ្គត់ផ្គង់អាគុយដែលជាបេះដូងនៃរថយន្ត។

អត្ថប្រយោជន៍នៃពន្ធគយ និងការនាំចេញ ការបង្កើតរោងចក្រអាគុយនៅវៀតណាម មិនត្រឹមតែជួយ BYD ក្នុងការទាញយកផលចំណេញពីការរីកចម្រើន នៃទីផ្សារក្នុងស្រុក ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាញយកអត្ថប្រយោជន៍ពីពន្ធគយ ដើម្បីពន្លឿនដំណើរការ សកលភាវូបនីយកម្មរបស់ខ្លួនផងដែរ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមជាមួយអាស៊ាន និងសហភាពអឺរ៉ុប រថយន្ត និងគ្រឿងបន្លាស់ដែលផលិតក្នុង ប្រទេសវៀតណាមអាចទទួលបានអត្ថប្រយោជន៍ពីពន្ធទាប ឬសូន្យភាគរយ។


ក្រោមក្របខ័ណ្ឌ ATIGA រថយន្ត និងគ្រឿងបន្លាស់ដែលផលិតនៅវៀតណាម អាចទទួល បានពន្ធ ០% នៅពេលនាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានផ្សេងទៀតដូចជា ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី។ នេះមានន័យថា អាគុយដែលផលិតនៅវៀតណាមរបស់ BYD អាចនាំចេញដោយមិនបង់ពន្ធទៅកាន់រោងចក្រដែលមានស្រាប់របស់ខ្លួននៅប្រទេសថៃ ឬលក់ដោយផ្ទាល់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលជួយកាត់បន្ថយ ថ្លៃដើម យ៉ាងច្រើន។ ស្រដៀងគ្នានេះដែរ កិច្ចព្រមព្រៀង EVFTA ក៏ផ្តល់នូវអត្ថប្រយោជន៍ពន្ធ ០% សម្រាប់ការនាំចេញទៅកាន់សហភាពអឺរ៉ុប ដែលផ្តល់នូវគុណសម្បត្តិប្រកួតប្រជែងខ្ពស់ បើធៀបនឹងការនាំចេញដោយផ្ទាល់ពីប្រទេសចិន។

ក្នុងឆ្នាំ 2025 ការលក់សរុបរបស់ BYD បានកើនលើស 4.6 លានគ្រឿង ហើយការលក់ នៅក្រៅប្រទេសបានកើនឡើង 145% ដោយសម្រេចបានលើសពី 1 លានគ្រឿងជាលើក ដំបូង។ ជាមួយនឹងគោលដៅលក់នៅក្រៅប្រទេស 1.3 លានគ្រឿងក្នុងឆ្នាំ 2026 (BYD កំណត់គោលដៅលក់រថយន្តនៅក្រៅប្រទេសឱ្យបាន 1.3 លានគ្រឿងក្នុងឆ្នាំ 2026 បន្ទាប់ពីចែកចាយបាន 1.04 លានគ្រឿងក្នុងឆ្នាំ 2025)BYD ត្រូវបានរំពឹងថានឹងពង្រីកវត្តមានទីផ្សារសកលរបស់ខ្លួនយ៉ាងឆាប់រហ័ស៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)