Admin, 30 July 2026
ក្រុមហ៊ុន BYD បានអះអាងថា ខ្លួននឹងលាតត្រដាងរ៉ូបូតរូបរាងដូចមនុស្ស (humanoid robot) ដំបូងបង្អស់របស់ខ្លួននៅក្នុងខែសីហាខាងមុខនេះ ដោយបានក្លាយជាក្រុមហ៊ុនផលិតរថយន្តចិនចុងក្រោយបង្អស់ដែលបានឈានជើងចូលទៅក្នុងប្រកួតប្រជែងវិស័យរ៉ូបូត។
ក្រុមហ៊ុនផលិតរថយន្តថាមពលថ្មី (NEV) របស់ចិនមួយនេះ បានប្រាប់សារព័ត៌មាន China Securities Journal កាលពីថ្ងៃអង្គារថា ខ្លួនមានផែនការប្រកាសបង្ហាញរ៉ូបូតរូបរាងដូចមនុស្សនៅក្នុងខែសីហានៅឯមជ្ឈមណ្ឌល "Di Space" របស់ខ្លួន។
Di Space គឺជាបណ្តាញទីតាំងអប់រំវិទ្យាសាស្ត្រ និងបទពិសោធន៍ផ្ទាល់របស់ BYD។ គណនី WeChat នៃទីតាំង Di Space ក្នុងទីក្រុង Zhengzhou បានបង្ហោះរូបភាពបង្ហើប (teaser image) នៃរ៉ូបូតរូបរាងដូចមនុស្សកាលពីថ្ងៃទី 25 ខែកក្កដា ដោយបានបង្ហើបថានៅដើមខែសីហា ផលិតផលរ៉ូបូតដំបូងបង្អស់របស់ខ្លួននឹងបង្ហាញខ្លួនជាផ្លូវការ។
ការពិពណ៌នានៅលើរូបភាពបង្ហើប បានផ្តោតសំខាន់លើបទពិសោធន៍អន្តរកម្ម ជាជាងលក្ខណៈបច្ចេកទេស។ អត្ថបទនោះបានសរសេរថា៖ «វានឹងមិនបង្ហាញខ្លួនជាមួយនឹងបញ្ជីបច្ចេកទេស និងពាក្យបច្ចេកទេសដ៏ច្រើនសន្ធឹកសន្ធាប់នោះទេ។ ប្រហែលជាពេលអ្នកដើរចូលទៅជិត វាអាចនឹងមានការផ្លាស់ទី ឬចលនាបន្តិចបន្តួច»។ ដោយសារតែ Di Space ត្រូវបានរៀបចំឡើងជុំវិញការបង្ហាញបទពិសោធន៍ផ្ទាល់ និងអន្តរកម្ម ព្រឹត្តិការណ៍នាខែសីហានេះ ត្រូវបានរំពឹងថានឹងជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៃគំរូរូបវន្តពិតប្រាកដ (physical prototype) មិនមែនត្រឹមតែជាការប្រកាសពីគំនិតច្នៃប្រឌិត (concept announcement) នោះទេ។
ថ្នាក់ដឹកនាំរបស់ BYD ធ្លាប់បានផ្តល់សញ្ញាអំពីជំហាននេះជាច្រើនលើកមកហើយកាលពីមុន។ លោកស្រី Stella Li អនុប្រធានប្រតិបត្តិក្រុមហ៊ុន បានថ្លែងនៅក្នុងកម្មវិធីកម្សាន្តមួយថា ក្រុមហ៊ុនកំពុងតែអភិវឌ្ឍរ៉ូបូត។
លោកស្រី Li បានមានប្រសាសន៍ថា ស្នូលចម្ងាយនៃការប្រកួតប្រជែងក្នុងវិស័យរ៉ូបូត គឺស្ថិតនៅលើសមត្ថភាពផលិតកម្ម រួមជាមួយកម្លាំងនៃប្រព័ន្ធផ្នែកទន់ (software) និងផ្នែករឹង (hardware) ហើយសមត្ថភាពបច្ចេកវិទ្យាយានយន្ត គឺមានប្រភពឬសគល់រួមគ្នាជាមួយបច្ចេកវិទ្យារ៉ូបូត។
លោកស្រីក៏បានបន្ថែមថា BYD មានផែនការកសាងប្រព័ន្ធបើកចំហ (open platform) ដែលនឹងផលិតទាំងរ៉ូបូតផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន និងផលិតផលដែលអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុនផ្សេងទៀត។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនាពេលនោះ BYD បានបង្កើតក្រុមការងារជំនាញមួយកាលពីចុងឆ្នាំ 2024 ដើម្បីអភិវឌ្ឍផលិតផលបញ្ញាសិប្បនិម្មិតបែបលក្ខណៈរូបវន្ត (embodied AI products) រួមទាំងរ៉ូបូតរូបរាងដូចមនុស្ស ស្ថិតក្រោមនាយកដ្ឋានអាជីវកម្មទី 15 (15th Business Division)។
កាលពីខែមុន លោកស្រី Li បានថ្លែងថា លោកស្រីសង្ឃឹមថារាល់ហាងលក់រថយន្ត BYD ទាំងអស់ នឹងមានបំពាក់រ៉ូបូតចំនួន 2 ទៅ 3 គ្រឿង ដើម្បីណែនាំ និងបង្ហាញយានយន្តជូនដល់អតិថិជន។ លោកស្រីរំពឹងថា រ៉ូបូតប្រឹក្សាផ្នែកលក់ នឹងរួចរាល់សម្រាប់ការប្រើប្រាស់ក្នុងពិភពពិត នៅក្នុងអំឡុងពេលមួយ ឬពីរឆ្នាំខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់ថា រ៉ូបូតមិនអាចជំនួសនូវការតភ្ជាប់ផ្លូវចិត្ត និងអារម្មណ៍រវាងបុគ្គលិកលក់ជាមនុស្ស និងអតិថិជនបានឡើយ។
ការឈានជើងចូលទៅក្នុងវិស័យរ៉ូបូតរបស់ក្រុមហ៊ុនផលិតរថយន្តចិន បានប្រែប្រួលទៅជានិន្នាការទូទៅមួយ។ ម៉ាក Aimoga ដែលជាម៉ាកយីហោបង្កើតឡើងដោយក្រុមហ៊ុន Chery បានចាប់ផ្តើមលក់រ៉ូបូតរូបរាងដូចមនុស្សទៅកាន់អ្នកប្រើប្រាស់រួចហើយ ខណៈដែល SAIC-GM បានដាក់ពង្រាយរ៉ូបូតរូបរាងដូចមនុស្សប្រភេទមានកង់ នៅលើខ្សែសង្វាក់ដំឡើងអាគុយ។ ដោយឡែក ក្រុមហ៊ុន Xpeng (NYSE: XPEV) ក៏មានផែនការចាប់ផ្តើមការផលិតទ្រង់ទ្រាយធំ នៃរ៉ូបូតរូបរាងដូចមនុស្សម៉ូដែល Iron របស់ខ្លួន នៅចុងឆ្នាំនេះផងដែរ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
