Admin, 08 October 2026

         ក្រុមហ៊ុន BYD បានដាក់ពាក្យស្នើសុំសិទ្ធិប៉ាតង់របកគំហើញថ្មីមួយ ដោយរៀបរាប់អំពីតួរអាគុយ (battery cabinet) ដែលបំបែកឧបករណ៍អគ្គិសនីរបស់ខ្លួន ឱ្យនៅដាច់ដោយឡែកពីថតផ្នែកខាងក្រោម ដែលជាទីកន្លែងម៉ូឌុលកោសិកាអាគុយ (cell modules) ត្រូវបានជ្រមុជចូលទៅក្នុងអង្គធាតុរាវមិនចម្លងអគ្គិសនី (dielectric fluid)។ ការរចនានេះ ផ្តោតសំខាន់លើសំណួរដ៏សាមញ្ញមួយ ប៉ុន្តែមានផលវិបាកយ៉ាងសំខាន់ សម្រាប់ប្រព័ន្ធអាគុយត្រជាក់បែបជ្រមុជ (immersion-cooled battery system) ៖ តើប្រព័ន្ធភ្ជាប់អគ្គិសនី អាចឆ្លងកាត់ព្រំដែនរវាងថតស្ងួត និងថតដែលផ្ទុកដោយអង្គធាតុរាវ ដោយរបៀបណា?

ត្រូវ បានចេញផ្សាយដោយរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិចិន (CNIPA) នាថ្ងៃទី 5 ខែតុលា ឆ្នាំ 2026 ក្រោមលេខសម្គាល់ CN 122868832 A ពាក្យស្នើសុំនេះ គ្របដណ្តប់លើទូរអាគុយ និងឧបករណ៍ស្តុកថាមពល។ បានដាក់ពាក្យស្នើសុំកាលពីខែមីនា ឆ្នាំ 2025 វាពិពណ៌នាអំពីទូរដែលមានថតបំបែកពីរ ដែលក្នុងនោះប្រព័ន្ធធ្វើឱ្យត្រជាក់ ស្រោបជុំវិញម៉ូឌុលកោសិកាអាគុយ ខណៈដែលឧបករណ៍អគ្គិសនី នៅតែបន្តស្ថិតនៅខាងក្រៅបរិមាណអង្គធាតុរាវ។

ហេតុអ្វីបានជាប្រព័ន្ធត្រជាក់បែបជ្រមុជ ផ្លាស់ប្តូរទម្រង់ទូរអាគុយ?

ប្រព័ន្ធអាគុយសម័យទំនើបជាច្រើន ប្រើប្រាស់ប្រព័ន្ធធ្វើឱ្យត្រជាក់ដោយអង្គធាតុរាវបែបប្រយោល (indirect liquid cooling)។ អង្គធាតុរាវត្រជាក់ (Coolant) រត់ឆ្លងកាត់បន្ទះត្រជាក់អាលុយមីញ៉ូម (aluminium cold plates) ដែលដាក់ប្រកបជាប់នឹងម៉ូឌុលអាគុយ ដោយកម្តៅបញ្ជូនឆ្លងកាត់សម្បកកោសិកា និងសម្ភារចន្លោះកណ្តាល មុនពេលទៅដល់អង្គធាតុរាវត្រជាក់។

ប្រព័ន្ធត្រជាក់បែបជ្រមុជ បានផ្លាស់ប្តូរការរៀបចំទាំងស្រុង។ ជំនួសឱ្យការនាំយកអង្គធាតុរាវត្រជាក់ ទៅកាន់បន្ទះត្រជាក់ដាច់ដោយឡែក ម៉ូឌុលអាគុយ ត្រូវ បានដាក់អង្គុយដោយផ្ទាល់ នៅក្នុងអង្គធាតុរាវមិនចម្លងអគ្គិសនី (dielectric fluid)។ ហេតុនេះ កម្តៅអាចបញ្ជូនចេញពីផ្ទៃសើមនៃម៉ូឌុល ដោយផ្ទាល់ទៅក្នុងអង្គធាតុរាវដែលនៅជុំវិញ។

ការរៀបចំនេះ បង្រួមផ្លូវបញ្ជូនកម្តៅរវាងអាគុយ និងប្រព័ន្ធធ្វើឱ្យត្រជាក់ ប៉ុន្តែវាក៏ផ្លាស់ប្តូរបញ្ហាប្រឈមនៃប្រអប់ផ្ទុកផងដែរ។ អង្គធាតុរាវត្រូវតែត្រូវ បានរក្សាទុកក្នុងប្រអប់យ៉ាងជិត ខណៈដែលគ្រឿងបង្គំអគ្គិសនី និងចំណុចភ្ជាប់អគ្គិសនី ដែលមិនត្រូវបានរចនាឡើងសម្រាប់ប្រតិបត្តិការក្នុងអង្គធាតុរាវ ត្រូវតែរក្សាឱ្យនៅដាច់ដោយឡែកពីវា។

ព្រំដែនខណ្ឌចែកនោះហើយ គឺជាចំណុចដែលពាក្យស្នើសុំសិទ្ធិប៉ាតង់របស់ BYD ផ្តោតសំខាន់។

ប្រព័ន្ធអាគុយផលិតកម្មបច្ចុប្បន្ន នៅតែពឹងផ្អែកលើប្រព័ន្ធត្រជាក់បែបប្រយោល

ភាពខុសគ្នានេះ កាន់តែងាយស្រួលមើលឃើញ បើធៀបនឹងស្ថាបត្យកម្មផលិតកម្មដែលមានស្រាប់របស់ BYD និង CATL។

ប្រព័ន្ធស្តុកថាមពល MC Cube របស់ BYD រួមបញ្ចូលគ្នានូវអាគុយ Blade ដោយប្រើប្រាស់ស្ថាបត្យកម្ម Cell-to-system ខណៈដែលម៉ូដែល MC Cube-T បញ្ជាក់ពីប្រព័ន្ធធ្វើឱ្យត្រជាក់ដោយអង្គធាតុរាវ។ ប្រព័ន្ធស្តុកថាមពល EnerOne និង EnerC របស់ CATL ក៏ប្រើប្រាស់ប្រព័ន្ធធ្វើឱ្យត្រជាក់ដោយអង្គធាតុរាវដូចគ្នា ដោយមានបន្ទះត្រជាក់តាំងនៅខាងក្រៅម៉ូឌុលអាគុយ។

អាគុយសម្រាប់រថយន្តអ្នកដំណើរ Qilin របស់ CATL ប្រើប្រាស់ការរៀបចំកញ្ចប់ខុសប្លែកពីគេ ដោយរួមបញ្ចូលគ្នានូវបន្ទះត្រជាក់អង្គធាតុរាវ ទៅក្នុងស្រទាប់ចន្លោះពហុមុខងារ ដែលតាំងនៅចន្លោះកោសិកាអាគុយជាប់គ្នា។

ប្រព័ន្ធទាំងនេះ រក្សាទុកប្រព័ន្ធធ្វើឱ្យត្រជាក់ នៅក្នុងផ្លូវកម្តៅកំណត់ច្បាស់លាស់ ជំនួសឱ្យការស្រោបជុំវិញម៉ូឌុលអាគុយដោយផ្ទាល់។ ការចុះបញ្ជីថ្មីរបស់ BYD រៀបរាប់អំពីការរៀបចំមួយផ្សេងទៀត៖ ម៉ូឌុលកោសិកាអាគុយ ស្ថិតនៅក្នុងថតដែលពេញដោយអង្គធាតុរាវដោយផ្ទាល់ ខណៈដែលឧបករណ៍អគ្គិសនី ត្រូវ បានរក្សាទុកនៅក្នុងថតស្ងួតដាច់ដោយឡែក។

បញ្ហាបច្ចេកវិទ្យាដែលកើតឡើង មិនមែនត្រឹមតែជារបៀបបញ្ជូនកម្តៅនោះទេ។ វា ជារបៀបរក្សាការភ្ជាប់អគ្គិសនី ឆ្លងកាត់ព្រំដែនការពារជ្រាបទឹកដ៏រឹងមាំ។

ក្រុមហ៊ុន BYD រៀបចំខ្សែផ្លូវភ្ជាប់អគ្គិសនីតាមផ្នែកខាងលើ

លេខកូដ CN 122868832 A បែងចែកថតអាគុយ ជាពីរថយដាច់ដោយឡែកពីគ្នា៖

  • ថតទី ១ (Chamber 1)៖ ថតស្ងួតផ្នែកខាងលើ ដែលមានផ្ទុកនូវគ្រឿងបង្គំឧបករណ៍អគ្គិសនី។
  • ថតទី ២ (Chamber 2)៖ ថតជោគដោយអង្គធាតុរាវផ្នែកខាងក្រោម ដែលមានផ្ទុកនូវម៉ូឌុលកោសិកាអាគុយ ជ្រមុជនៅក្នុងអង្គធាតុរាវមិនចម្លងអគ្គិសនី។

ការភ្ជាប់គ្នារវាងថតទាំងពីរ ត្រូវ បានរៀបចំខ្សែផ្លូវឆ្លងកាត់ផ្នែកខាងលើ នៃថតអង្គធាតុរាវ។ ជំនួសឱ្យការនាំយកខ្សែចរន្តអគ្គិសនី និងខ្សែសញ្ញា ឆ្លងកាត់បាត ឬជញ្ជាំងចំហៀងនៃថតជោគទឹក ការរចនានេះបានតម្រង់ទិសដៅពួកវាឡើងទៅលើ មុនពេលពួកវាចូលទៅកាន់ថតស្ងួត។

ទីតាំងមានសារៈសំខាន់ ពីព្រោះសម្ពាធអ៊ីដ្រូស្តាទិក (hydrostatic pressure) នឹងកើនឡើងទៅតាមជម្រៅនៃអង្គធាតុរាវ។ ដូច្នេះ ចំណុចប្រទាក់បិទជិត (sealing interface) ដែលស្ថិតនៅទីតាំងខ្ពស់ជាងនៅក្នុងថត នឹងទទួលរងសម្ពាធអ៊ីដ្រូស្តាទិកតិចជាង ចំណុចប្រទាក់ដែលស្ថិតនៅជម្រៅជ្រៅនៅក្នុងអង្គធាតុរាវ។

ឧបករណ៍អគ្គិសនី នៅតែបន្តស្ថិតនៅខាងក្រៅបរិមាណអង្គធាតុរាវ ខណៈពេលដែលរក្សាបាននូវការភ្ជាប់ទៅកាន់ម៉ូឌុលអាគុយដែលជ្រមុជទឹក។

និយាយម្យ៉ាងទៀត ការចុះបញ្ជីនេះ មិនមែនពឹងផ្អែកតែលើគុណសម្បត្តិមិនចម្លងអគ្គិសនីរបស់អង្គធាតុរាវ ក្នុងការបំបែកបរិស្ថានកម្តៅ និងអគ្គិសនីរបស់អាគុយនោះទេ។ វា ក៏ប្រើប្រាស់ប្លង់រូបវន្តរបស់ទូរ ដើម្បីរក្សាចំណុចភ្ជាប់អគ្គិសនី ឱ្យស្ថិតនៅខាងលើបរិមាណអង្គធាតុរាវចម្បងផងដែរ។

ការចុះបញ្ជីនេះ គឺសម្រាប់ថតអាគុយ មិនមែនជាអាគុយរថយន្តថ្មីនោះទេ

ពាក្យស្នើសុំនេះ គ្របដណ្តប់លើថតអាគុយ និងឧបករណ៍ស្តុកថាមពល ហើយមិនបានបញ្ជាក់ពីការយកទៅប្រើប្រាស់លើរថយន្តអ្នកដំណើរនោះទេ។

វា បញ្ជាក់ច្បាស់ៗពីអង្គធាតុរាវមិនចម្លងអគ្គិសនី (dielectric fluid) រាប់បញ្ចូលទាំងរូបមន្តផ្សំផ្អែកលើអ៊ីដ្រូកាតបូន (hydrocarbon-) ឬអេស្តែរ (ester-based) ជំនួសឱ្យអង្គធាតុរាវត្រជាក់ស្តង់ដារ។ ដូច្នេះ ការចុះបញ្ជីនេះ ពិពណ៌នាអំពីទូរអាគុយស្តុកថាមពលអចល័ត ត្រជាក់បែបជ្រមុជ ជាមួយនឹងថតអគ្គិសនីស្ងួត និងថតអាគុយជោគទឹក។

ភាពខុសគ្នានោះមានសារៈសំខាន់ ពីព្រោះពាក្យស្នើសុំសិទ្ធិប៉ាតង់ មិនមែនជាភស្តុតាងបញ្ជាក់ថា ស្ថាបត្យកម្មនេះបានឈានចូលដល់ដំណាក់កាលផលិតកម្មនោះទេ។ ពាក្យស្នើសុំនៅតែស្ថិតក្រោមការពិនិត្យមើលស៊ីជម្រៅ ហើយ BYD មិនទាន់បានប្រកាសពីផែនការផលិតកម្មពាណិជ្ជកម្ម សម្រាប់ការរចនានេះនៅឡើយទេ។

សម្រាប់ពេលនេះ CN 122868832 A គ្រាន់តែជាឯកសារកំណត់ត្រាអំពីស្ថាបត្យកម្មទូរអាគុយ និងវិធីសាស្ត្រជាក់លាក់មួយ ក្នុងការរៀបចំខ្សែផ្លូវភ្ជាប់អគ្គិសនី ឆ្លងកាត់ព្រំដែនរវាងផ្នែកស្ងួត និងផ្នែកផ្ទុកអង្គធាតុរាវរបស់វាតែប៉ុណ្ណោះ។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)