Admin, 17 February 2026
ក្រុមហ៊ុនផលិតរថយន្តចិនរួមមាន BYD, Chery, Great Wall Motor (GWM) និង Geely បានក្លាយជាបេក្ខភាពចុងក្រោយក្នុងចំណោមក្រុមហ៊ុនទាំង 4 ដែលកំពុងដេញ ថ្លៃទិញ យកមជ្ឈមណ្ឌលផលិតកម្មរួមគ្នា COMPAS (Cooperation Manufacturing Plant Aguascalientes) ដែលជារោងចក្របណ្តាក់ទុនរួមគ្នារវាង Nissan និង Mercedes-Benz នៅភាគកណ្តាលប្រទេសម៉ិកស៊ិក ដែលគ្រោងនឹងបិទរោងចក្រនៅត្រឹមខែឧសភា ឆ្នាំ 2026។
យោងតាមការចុះផ្សាយរបស់ Sina ការដេញថ្លៃទិញយកមូលដ្ឋានផលិតកម្មដែលមាន សមត្ថភាពផលិតរហូតដល់ 230,000 គ្រឿងក្នុងមួយឆ្នាំនេះ បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុនចិន (OEMs) ឆ្ពោះទៅរកការបង្កើតបណ្តាញផលិតកម្មក្នុង ស្រុក នៅតំបន់អាមេរិកខាងជើង ខណៈដែលខ្សែសង្វាក់ផ្គត់ផ្គង់រថយន្តជាសកលកំពុងមានការ រៀបចំឡើងវិញក្នុងឆ្នាំ 2026។
Aguascalientes factory, set to close in May 2026, capacity 230,000 units. Credit: Nikkei
មជ្ឈមណ្ឌល COMPAS ដែលបានបើកដំណើរការក្នុងឆ្នាំ 2017 ជាកិច្ចសហការរវាង Nissan និង Mercedes-Benz នឹងត្រូវបញ្ឈប់ប្រតិបត្តិការ ចំពេលដែលមានការប្រែប្រួលនៃទីផ្សារ និងសម្ពាធពន្ធគយ។ យោងតាមរបាយការណ៍ មានក្រុមហ៊ុនចំនួន 9 បានបង្ហាញចំណាប់ អារម្មណ៍ក្នុងការទិញយកវា ហើយក្នុងចំណោមនោះមានក្រុមហ៊ុនចិនដូចជា BYD, Geely, Chery និង GWM ព្រមទាំងក្រុមហ៊ុន VinFast របស់វៀតណាមផងដែរ ដែលបានឈានដល់ ដំណាក់កាលចុងក្រោយនៃការចរចា។
យុទ្ធសាស្ត្រ និងស្ថានភាពទីផ្សារ
អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយវិស័យរថយន្តរបស់ម៉ិកស៊ិកបានផ្ដោតខ្លាំងលើការនាំចេញដោយក្នុងនោះសហរដ្ឋអាមេរិកគឺជាអ្នកទទួលទិញរថយន្តធំបំផុតដែល ផលិតក្នុង ស្រុក។ ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយពន្ធគយថ្មីៗរបស់អាមេរិកបានរួម ចំណែកដល់ការថយចុះនៃផលិតកម្ម និងការបាត់បង់ការងារ ដែលជំរុញឱ្យអ្នកពាក់ព័ន្ធក្នុង ឧស្សាហកម្ម និងអ្នកបង្កើតគោលនយោបាយ ត្រូវធ្វើការពិចារណារវាងផលចំណេញសេដ្ឋកិច្ច ពីការវិនិយោគថ្មី ធៀបនឹងបញ្ហាពាណិជ្ជកម្មកាន់តែទូលំទូលាយ។ ការដេញថ្លៃប្រកួតប្រជែង នេះ មានភាពខុសប្លែកពីកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមហ៊ុនចិន ដែលធ្លាប់ត្រូវបានរាំង ស្ទះដោយសារភាពមិនច្បាស់លាស់នៃបទប្បញ្ញត្តិ និងភូមិសាស្ត្រនយោបាយ។ ឧទាហរណ៍៖ ផែនការមុនរបស់ BYD សម្រាប់ការសាងសង់រោងចក្រថ្មីនៅម៉ិកស៊ិក ត្រូវបានរារាំងដោយ ការយឺតយ៉ាវនៃកិច្ចការរដ្ឋបាល។ ការទិញយកមូលដ្ឋានដែលមានស្រាប់ដូចជា COMPAS អាចផ្តល់នូវផ្លូវកាត់ដ៏លឿនជាងមុនសម្រាប់ការដំឡើងរថយន្តក្នុងស្រុក ដែលអនុញ្ញាត ឱ្យក្រុមហ៊ុនផលិតអាចបម្រើទីផ្សារក្នុងស្រុក និងការនាំចេញបានដោយមិនចាំបាច់ឆ្លងកាត់ ដំណើរការសុំច្បាប់ដ៏យូរអង្វែង ដូចការសាងសង់រោងចក្រថ្មី។
ការកើនឡើងនៃចំណាប់អារម្មណ៍ពីក្រុមហ៊ុនចិន ក៏ឆ្លុះបញ្ចាំងពីការពង្រីកវត្តមានយ៉ាង ឆាប់រហ័សនៃយានយន្តចិននៅអាមេរិកឡាទីនផងដែរ។ ទិន្នន័យទីផ្សារបានបង្ហាញថា ចំណែកទីផ្សារនៃម៉ាករថយន្តចិននៅក្នុងការលក់រថយន្តប្រចាំឆ្នាំនៅម៉ិកស៊ិក បានកើនឡើង ពីកម្រិតតិចតួចបំផុតក្នុងឆ្នាំ 2020 ដល់ប្រហែល 10% នៅឆ្នាំ 2025។
ប្រសិនបើក្រុមហ៊ុនផលិតរថយន្តចិនណាមួយទទួលបានជោគជ័យក្នុងការទិញរោងចក្រនេះ វានឹងបង្កើតឱ្យមានវត្តមានផលិតកម្មផ្ទាល់នៅក្នុងមជ្ឈមណ្ឌលផលិតរថយន្តដ៏សំខាន់មួយនៅក្រៅតំបន់អាស៊ី។ ដំណើរការដេញថ្លៃកំពុងបន្តប្រព្រឹត្តទៅ ហើយការសម្រេចចិត្តចុងក្រោយ ត្រូវបានគេរំពឹងថានឹងដឹងនៅក្នុងប៉ុន្មានខែខាងមុខនេះ៕
ប្រភព៖ JP. News
ប្រែសំរួល៖ Chea SokNang (AC Auto)
