Admin, 27 March 2026
យោងតាមព័ត៌មានផ្លូវការដែលចុះផ្សាយដោយ Autohome បានឱ្យដឹងថា រថយន្ត Denza D9 ស៊េរីឆ្នាំ 2026 របស់ក្រុមហ៊ុន BYD នឹងចាប់ផ្ដើមបើកការលក់មុន (Pre-sales) នៅថ្ងៃទី 29 ខែមីនា ឆ្នាំ 2026 ខាងមុខនេះ។ រថយន្តប្រភេទ MPV ជំនាន់អាប់ដេតនេះ នៅតែបន្តផ្តល់ជូននូវជម្រើសទាំងប្រភេទ Plug-in Hybrid (PHEV) និងអគ្គិសនីសុទ្ធ (BEV) ដោយផ្តោតលើការផ្លាស់ប្តូរផ្នែករឹង (Hardware) សម្រាប់ការរក្សាថាមពល និងសមត្ថភាពសាកថ្ម។
ការរចនាខាងក្រៅ និងវិមាត្រ
ការផ្លាស់ប្តូររូបរាងខាងក្រៅផ្តោតសំខាន់លើផ្នែកខាងមុខ។ Denza D9 ថ្មីមានការរចនាប៉ាណា (Grille) ថ្មីដែលមានលក្ខណៈជាបីវិមាត្រ (3D) ជ្រៅជាងម៉ូដែលមុន ខណៈដែលនៅរក្សាទ្រង់ទ្រាយជាឡាន MPV ដដែល។ វិមាត្ររបស់វាបណ្តោយមានប្រវែង 5,250mm ទទឹងប្រវែង 1,960mm និងកម្ពស់ 1,900mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ 3,110mm ដែលមានទំហំ ប៉ុនជំនាន់មុនដដែល។
កម្លាំងម៉ាស៊ីន និងចម្ងាយបើកបរ
- ប្រភេទ PHEV: ប្រើម៉ាស៊ីនសាំង 1.5 លីត្រ Turbo ផ្គួបជាមួយម៉ូទ័រអគ្គិសនីភ្លោះ។ ម៉ាស៊ីនចំហេះមានកម្លាំង 115 គីឡូវ៉ាត់ (kW), ម៉ូទ័រមុខ 200 kW និងម៉ូទ័រក្រោយ 45 kW។ ចម្ងាយបើកបរដោយប្រើអគ្គិសនីសុទ្ធបានជាង 400 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC) និងកម្រិតស៊ីសាំងគឺ 6.35 លីត្រ/100 គីឡូម៉ែត្រ។
- ប្រភេទ BEV: បំពាក់ម៉ូទ័រមុខកម្លាំង 340 kW ហើយសម្រាប់ប្រភេទប៉ុងពីរ (AWD) បន្ថែមម៉ូទ័រក្រោយ 70 kW ទៀត ដែលផ្តល់ជម្រើសចម្ងាយបើកបរពី 750 គីឡូម៉ែត្រ ដល់ 800 គីឡូម៉ែត្រ។
អាគុយ និងការសាកភ្លើងលឿន
គ្រប់ជម្រើសនៃ Denza D9 ត្រូវបានបំពាក់ដោយអាគុយ Short Blade 2.0 ថ្មីរបស់ BYD ដែលរចនាឡើងសម្រាប់កម្លាំងខ្លាំង និងការសាកភ្លើងបានលឿនបំផុត។ តួលេខផ្លូវការបង្ហាញថា៖
- សាកពី 10% ទៅ 70% ចំណាយពេលប្រហែល 5នាទី។
- សាកពី 10% ទៅ 97% ចំណាយពេលប្រហែល 9 នាទី។
- ក្នុងអាកាសធាតុត្រជាក់ខ្លាំង (-30 អង្សាសេ) រយៈពេលសាកនឹងកើនឡើងត្រឹមតែ 3 នាទីបន្ថែមប៉ុណ្ណោះ។
ប្រព័ន្ធអេឡិចត្រូនិក និងជំនួយការបើកបរ
ម៉ូដែលថ្មីនេះត្រូវបានបញ្ជាក់ថានឹងប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ “God’s Eye” 5.0 ជំនាន់ចុងក្រោយបង្អស់របស់ BYD។ បន្ថែមពីនេះ ប្រភេទអគ្គិសនីសុទ្ធ (EV) ត្រូវបានបង្កើន កម្លាំងម៉ូទ័រមុខដល់ 340 គីឡូវ៉ាត់ (456សេះ) ដែលធ្វើឱ្យកម្លាំងសរុបនៃប្រភេទ AWD ឡើង ដល់ 410 គីឡូវ៉ាត់ (550 សេះ )។
បរិបទទីផ្សារពិភពលោក
គិតត្រឹមចុងឆ្នាំ 2025 ម៉ូដែល D9 សម្រេចបានការលក់សរុបចំនួន 300,000 គ្រឿងនៅ ទូទាំងពិភពលោក ដែលជាការលក់បានលឿនបំផុតក្នុងចំណោមរថយន្ត MPV ថាមពលថ្មី។
- នៅអូស្ត្រាលី: Denza D9 ឆ្នាំ 2026 ដាក់លក់ក្នុងតម្លៃចន្លោះពី 85,990 ដល់ 95,990 ដុល្លារអាមេរិក។
- នៅហ្វីលីពីន: Denza បានចូលទីផ្សារជាផ្លូវការនៅដើមឆ្នាំ 2026ជាមួយតម្លៃប្រហែល 77,400 ដុល្លារអាមេរិក៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
