Admin, 14 June 2026
រថយន្តស្ព័រ BYD Denza Z បានលាតត្រដាងពីកម្លាំងអតិបរមារហូតដល់ទៅ 1,180 kW (1,582 សេះ) ព្រមទាំងលក្ខណៈបច្ចេកទេសចម្បងផ្សេងទៀត ក្នុងកំឡុងពេលដំណើរការចុះបញ្ជីអនុម័តក្នុងស្រុក (domestic homologation)។ រថយន្តអគ្គិសនី (EV) ដែលមានល្បឿនលឿនបំផុតដល់ទៅ 350 គីឡូម៉ែត្រ/ម៉ោង មួយនេះ នឹងឈានជើងចូលទីផ្សារប្រទេសចិនជាប្រភេទឡានស្ព័របើកដំបូល (Roadster និង Convertible) មានចំនួន 4 កៅអី នៅក្នុងខែកក្កដាខាងមុខ។
ម៉ូដែល Denza Z នេះ បង្ហាញពីភាពប្លែកដាច់គេពីខ្សែស្រឡាយផលិតផលទូទៅរបស់ម៉ាកយីហោ Denza ដែលជាធម្មតាផ្តោតជាចម្បងលើរថយន្តលក្ខណៈគ្រួសារ (minivans) មានផាសុកភាព, រថយន្ត Crossovers ខ្នាតធំ និងរថយន្តប្រភេទ Grand Tourers។ ម៉ូដែលថ្មីនេះគឺជារថយន្តស្ព័រដែលផ្តោតលើអ្នកបើកបរជាចម្ងាយ (driver-focused) និងដើរតាមទម្រង់រចនាថ្មីទាំងស្រុង។ វាជារថយន្តដែលមានកម្ពស់ទាបរាបទៅនឹងដី បន្ទាត់គម្របម៉ាស៊ីនខាងមុខស្លាយចុះក្រោមអមដោយរន្ធស្រូបខ្យល់ពិតប្រាកដ, ស្លាបកង់ក្រោយរីកធំច្បាស់ៗ, របាំងបែងចែកខ្យល់កន្ទុយក្រោយបែបស្ព័រ (rear diffuser) និងចង្កៀងក្រោយរាងគ្រាប់ពេជ្រ។
ព័ត៌មានមូលដ្ឋាននៃរថយន្ត Denza Z រថយន្ត Denza Z មកជាមួយជម្រើសទម្រង់តួខ្លួនស្តង់ដារចំនួនពីរប្រភេទ៖
ទម្រង់ទីមួយ ប្រភេទបើកដំបូលសំបកទន់ (Convertible): យានយន្តនេះមានបំពាក់ដៃទ្វារបែបលាក់ខ្លួនពាក់កណ្តាល (semi-hidden)។ វាប្រើប្រាស់យ៉ាន់កង់ខ្នាត 20 អ៊ីញ ជាមួយទំហំសំបកកង់មុខក្រោយខុសគ្នា (255/40 នៅខាងមុខ និង 265/40 នៅខាងក្រោយ)។ វិមាត្រនៃទម្រង់នេះមាន៖ បណ្តោយប្រវែង 4,780 មីឡីម៉ែត្រ, ទទឹង 1,990 មីឡីម៉ែត្រ និងកម្ពស់ 1,350 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ (wheelbase) 2,780 មីឡីម៉ែត្រ។ ដើម្បីឱ្យងាយយល់ វាមានប្រវែងវែងជាងរថយន្តអគ្គិសនី Mercedes-Benz AMG GT Coupe ចំនួន 52 មីឡីម៉ែត្រ។ ទម្ងន់ឡានទទេ (curb weight) នៃប្រភេទដំបូលបើកនេះគឺ 2,290 គីឡូក្រាម ខណៈទម្ងន់ផ្ទុកសរុប (gross weight) ឡើងដល់ 2,650 គីឡូក្រាម។
ទម្រង់ទីពីរ ប្រភេទស្ព័រដំបូលរឹង (Hardtop Roadster): កំណែទម្រង់នេះមានដៃទ្វាររាបស្មើនឹងសាច់ទ្វារ (flush door handles) ព្រមទាំងមានសសរដំបូល និងដំបូលពណ៌ខ្មៅ។ ស៊េរីស្តង់ដាររបស់វាប្រើប្រាស់កង់ខ្នាត 20 អ៊ីញ ជាមួយសំបកកង់ 255/40 នៅខាងមុខ និង 295/35 នៅខាងក្រោយ។ ស៊េរីនេះមានកម្ពស់ទាបជាងប្រភេទដំបូលបើកខាងលើចំនួន 20 មីឡីម៉ែត្រ។ ទោះបីជាមានខ្សែបន្ទាត់ដំបូលទាបក៏ដោយ ក៏ Denza Z មានចំនួន 4 កៅអីនៅខាងក្នុង។ ល្បឿនអតិបរមារបស់វាគឺ 300 គីឡូម៉ែត្រ/ម៉ោង ដោយមានទម្ងន់ឡានទទេ 2,220 គីឡូក្រាម និងទម្ងន់ផ្ទុកសរុប 2,580 គីឡូក្រាម។
ក្រៅពីនេះ ក៏មានជម្រើស Denza Z roadster ដែលបំពាក់កញ្ចប់ស្ព័រ (sports package) ផងដែរ។ វាមានកាងឡានរចនាបែបកាចជាងមុន និងមានស្លាបខ្យល់ក្រោយខ្នាតធំ (large rear wing) បំពាក់នៅលើទ្វារឃ្លុបក្រោយ។ ប្រវែងតួខ្លួននៃទម្រង់កែច្នៃនេះឡើងដល់ 4,870 មីឡីម៉ែត្រ និងប្រើប្រាស់សំបកកង់ទំហំ 275/35 ZR21 នៅខាងមុខ និង 325/30 ZR21 នៅខាងក្រោយ។ អរគុណដល់កម្លាំងសង្កត់ (downforce) បន្ថែមដែលបង្កើតឡើងដោយស្លាបខ្យល់ខាងក្រោយ រថយន្តនេះអាចជាន់ល្បឿនបានលឿនបំផុតរហូតដល់ 350 គីឡូម៉ែត្រ/ម៉ោង។ សម្រាប់ការប្រៀបធៀប រថយន្ត AMG GT Coupe ដែលបានរៀបរាប់ខាងលើ មានល្បឿនអតិបរមាត្រឹមតែ 317 គីឡូម៉ែត្រ/ម៉ោង ប៉ុណ្ណោះ។
ប្រព័ន្ធថាមពល និងកម្លាំងម៉ាស៊ីន សមត្ថភាពល្បឿនដ៏កំពូលរបស់ Denza Z គឺទទួលបានមកពីការរៀបចំប្រព័ន្ធម៉ូទ័រចំនួនបី (three-motor layout) ដោយមានម៉ូទ័រអគ្គិសនីខាងមុខកូដ TZ220QYD ផលិតកម្លាំងបាន 500 kW (670 សេះ) និងម៉ូទ័រអគ្គិសនីខាងក្រោយចំនួនពីរកូដ TZ226XYG ដែលរួមគ្នាបង្កើតកម្លាំងបាន 680 kW (912 សេះ)។ កម្លាំងរួមបញ្ចូលគ្នាអតិបរមានៃប្រព័ន្ធថាមពលនេះសម្រេចបានដល់ 1,180 kW (1,582 សេះ)។ ចំណែកឯម៉ូដែល AMG GT Coupe មានកម្លាំងអតិបរមាត្រឹម 860 kW (1,153 សេះ)។
ម៉ូទ័រអគ្គិសនីទាំងនោះរត់ដោយថាមពលអាគុយប្រភេទ LFP (Lithium Iron Phosphate) ដែលទំហំសមត្ថភាពពិតប្រាកដមិនទាន់ត្រូវបានលាតត្រដាងនៅឡើយទេ។ កាលពីមុនធ្លាប់មានការអះអាងថា Denza Z អាចធ្វើការស្ទុះល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 2 វិនាទី ប៉ុណ្ណោះ។ វានឹងមកជាមួយប្រព័ន្ធបូមសកម្ម magnetorheological (MR) ជំនាន់ DiSus-M, ប្រព័ន្ធសាកថ្មល្បឿនផ្លេកបន្ទោរ (flash charging) និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ DiPilot 5.0។ ព័ត៌មានលម្អិតបន្ថែមទៀតនឹងត្រូវប្រកាសឱ្យដឹងនៅពេលកៀកថ្ងៃសម្ពោធផ្លូវការក្នុងខែកក្កដា។
បរិបទនៃការលក់ យោងតាមទិន្នន័យពី China EV DataTracker ម៉ាកយីហោ Denza បានប្រគល់រថយន្តចំនួន 15,620 គ្រឿងនៅក្នុងស្រុក កាលពីខែឧសភាកន្លងទៅ ដែលកើនឡើង 7.3% ធៀបនឹងឆ្នាំមុន។ នេះគឺជាខែដំបូងគេបង្អស់ដែលទទួលបានជោគជ័យពិតប្រាកដសម្រាប់ម៉ាកយីហោនេះនៅក្នុងឆ្នាំនេះ ដោយសារវាបានបញ្ឈប់ការធ្លាក់ចុះនៃបរិមាណលក់ធៀបនឹងឆ្នាំមុន (Y-O-Y) បានសម្រេច។
Denza Z convertible
Denza Z hardtop roadster
Sporty variant of the Denza Z
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
