Admin, 09 March 2026
ក្រុមហ៊ុន BYD បានបង្ហាញរថយន្ត Crossover ម៉ូដែល Fang Cheng Bao Ti3 និង Fang Cheng Bao Ti7 កំណែថ្មី ដែលបំពាក់នូវមុខងារសាកថ្មល្បឿនលឿនកម្រិត Megawatt។ រថយន្តទាំងពីរនេះត្រូវបានគ្រោងនឹងដាក់លក់ទូទាំងពិភពលោកក្រោមឈ្មោះថា BYD Ti3 និង BYD Ti7។ ក្នុងនោះ ម៉ូដែល Ti7 អាចបើកបរបានចម្ងាយរហូតដល់ 755 គីឡូម៉ែត្រ និងអាចសាកថ្មពី 10% ដល់ 97%ក្នុងរយៈពេលត្រឹមតែ 9 នាទីប៉ុណ្ណោះ។
កាលពីថ្ងៃទី 5 ខែមីនា BYD បានដាក់សម្ពោធអាគុយ Blade Battery ជំនាន់ទី 2ដែលមាន អត្ថប្រយោជន៍ចម្បងគឺសមត្ថភាពសាកថ្មល្បឿនលឿនកម្រិត Megawatt និងភាពធន់នឹង អាកាសធាតុត្រជាក់។ រថយន្តសរុបចំនួន 11 ម៉ូដែលនឹងបំពាក់អាគុយថ្មីនេះ ដែលក្នុងនោះ រួមមាន FCB Ti3 និង FCB Ti7 ផងដែរ។ រថយន្តទាំងនេះក៏នឹងបំពាក់នូវស៊ែនស័រ LiDAR ពីក្រុមហ៊ុន Robosense ដែលគាំទ្រដោយ BYD។
The FCB Ti3 charges from 10 to 97% in less than 9 minutes
ព័ត៌មានលម្អិតអំពី FCB Ti3
រថយន្ត FCB Ti3 ថ្មីនេះ រក្សានូវការរចនាដូចម៉ូដែលមុនដដែល វាជារថយន្ត Crossover ខ្នាតតូចដែលមានវិមាត្រ បណ្តោយប្រវែង 4,605mm, ទទឹងប្រវែង 1,900mm, និងកម្ពស់1,720mm។
- អាគុយ និងចម្ងាយបើកបរ៖ បំពាក់អាគុយ LFP ទំហំ 75.6 kWh ផ្ដល់ចម្ងាយបើកបរ រហូតដល់ 620 គីឡូម៉ែត្រ (CLTC) សម្រាប់ប្រភេទប៉ុងក្រោយ (RWD) ដែលមានកម្លាំង 200 គីឡូវ៉ាត់ (268 សេះ)។
- ការសាកថ្ម៖ អាចសាកថ្មសម្រាប់ចម្ងាយបើកបរ 400 គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹមតែ 5 នាទី។ នៅក្នុងការធ្វើតេស្តផ្ទាល់ វាអាចសាកពី 10% ដល់ 97% ក្នុងរយៈពេល 8 នាទី និង 45 វិនាទី។
- មុខងារផ្សេងៗ៖ មានជម្រើសប៉ុងពីរ (AWD), ដំបូលកញ្ចក់ធំ, ប្រព័ន្ធជើងក្រោម DiSus-C និងប្រព័ន្ធជំនួយការបើកបរ DiPilot 300 ជាមួយ LiDAR។
The FCB Ti7 Flash Charging Edition
ព័ត៌មានលម្អិតអំពី FCB Ti7
រថយន្ត FCB Ti7 EV គឺជាប្រភេទ SUV ខ្នាតធំជាងមុន ដែលមានវិមាត្រ បណ្តោយប្រវែង4,999mm, ទទឹងប្រវែង 1,995mm, និងកម្ពស់ 1,865mm។
- កម្លាំង និងចម្ងាយបើកបរ៖ ប្រភេទប៉ុងក្រោយ (RWD) មានកម្លាំង 300 គីឡូវ៉ាត់ (402សេះ) និងអាចបើកបរបានចម្ងាយ 755 គីឡូម៉ែត្រ។ វាអាចសាកថ្មពី 10% ដល់ 97% ក្នុងរយៈពេល 9 នាទី និង 5 វិនាទី។
- សមត្ថភាពខ្ពស់៖ ប្រភេទប៉ុងបួន (4WD) មានកម្លាំងរហូតដល់ 515 គីឡូវ៉ាត់ (691 សេះ) និងអាចរត់បានល្បឿនអតិបរមា 240 គីឡូម៉ែត្រ/ម៉ោង។
- ផ្នែកខាងក្នុង៖ មានកៅអី 5, បំពាក់ឧបករណ៍បំពងសំឡេង Devialet ចំនួន 20 គ្រាប់ និងឃ្លប់ក្រោយមានទំហំធំដល់ទៅ 970 លីត្រ។
ចំពោះតម្លៃ និងព័ត៌មានលម្អិតផ្សេងទៀតនៃ FCB Ti7 មិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
