Admin, 14 March 2026
យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ក្រុមហ៊ុន BYD កំពុងស្ថិតក្នុងកិច្ចពិភាក្សាដើម្បីចូលរួមក្នុងកម្មវិធីប្រណាំងរថយន្ត Formula 1 (F1) ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនរថយន្តល្បីៗដូចជា Ferrari និង McLaren។ ក្រុមហ៊ុនយក្សផ្នែករថយន្តអគ្គិសនី និងអាគុយរបស់ចិនមួយនេះ មានគោលបំណងបង្កើនការ យល់ដឹងអំពីម៉ាកសញ្ញារបស់ខ្លួននៅទូទាំងពិភពលោក ខណៈពេលដែលខ្លួនកំពុងពង្រីក ការលក់ជាសកល។
BYD បានបញ្ឈប់ការផលិតរថយន្តដែលប្រើម៉ាស៊ីនសាំងសុទ្ធ (ICE) ចាប់តាំងពីខែមីនា ឆ្នាំ 2022 មកម្ល៉េះ ដោយផ្តោតតែលើរថយន្តអគ្គិសនីសុទ្ធ (BEV) និងរថយន្ត Hybrid (PHEV) ប៉ុណ្ណោះ។ ប្រសិនបើ BYD ចូលរួមក្នុង F1 មែននោះ វានឹងក្លាយជាសមាជិកថ្មីមួយទៀតក្នុង រយៈពេលដ៏ខ្លី បន្ទាប់ពីម៉ាក Cadillac (គាំទ្រដោយ GM) ដែលទើបតែបានបង្ហាញខ្លួន កាលពីថ្ងៃទី 8 ខែមីនាកន្លងទៅ។
ការផ្លាស់ប្តូរបទបញ្ជាថ្មីក្នុង F1
រថយន្ត F1 បានប្រើប្រាស់ប្រព័ន្ធកម្លាំង Hybrid អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ នៅក្នុងរដូវកាលឆ្នាំ 2026 Formula 1 បានដាក់ចេញនូវការផ្លាស់ប្តូរដ៏ធំចំពោះបទបញ្ជា ផ្នែកម៉ាស៊ីន (Power unit) ដោយបង្កើនតួនាទីថាមពលអគ្គិសនីយ៉ាងខ្លាំង ពោលគឺបច្ចុប្បន្ន F1 ជិតក្លាយជារថយន្តអគ្គិសនី 50% ទៅហើយ។
ឧបករណ៍ MGU-K (Motor Generator Unit – Kinetic) ឥឡូវនេះអាចបញ្ចេញកម្លាំងរហូតដល់ 350 គីឡូវ៉ាត់ ទៅកាន់កង់ក្រោយ ដែលស្ទើរតែបីដងនៃកម្លាំង 120 គីឡូវ៉ាត់ពីមុន។ នេះមានន័យថា ប្រហែលពាក់កណ្តាលនៃកម្លាំងសរុបរបស់រថយន្ត គឺបានមកពីម៉ូទ័រអគ្គិសនី។ ម៉ូទ័រអគ្គិសនីនេះ ត្រូវបានភ្ជាប់ជាមួយនឹងម៉ាស៊ីនសាំង V6 Turbocharger ទំហំ 1.6 លីត្រ។
ការប្រើប្រាស់បច្ចេកវិទ្យាពី Yangwang
BYD ប្រហែលជានឹងប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនពីម៉ាកកម្រិតខ្ពស់របស់ខ្លួនគឺ Yangwang សម្រាប់កម្មវិធី F1 នេះ។ Yangwang ត្រូវបានដាក់ដំណើរការក្នុងខែមករា ឆ្នាំ 2023 ដែលជា ម៉ាកស្ថិតនៅពីលើរថយន្តកម្រិតទូទៅ និងកម្រិត Premium របស់ក្រុមហ៊ុន។ រថយន្តដែលមានកម្លាំងខ្លាំងបំផុតរបស់វាគឺ U9 ដែលប្រើប្រាស់ platform e⁴ របស់ BYD បំពាក់ម៉ូទ័រអគ្គិសនីឯករាជ្យចំនួន 4 គ្រាប់ ផ្តល់កម្លាំងប្រហែល 960 គីឡូវ៉ាត់ (1,287 សេះ) និងអាចបង្កើនល្បឿនពី ០ ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 2.3 វិនាទី ប៉ុណ្ណោះ។ ចំណែកប្រភេទ Extreme version មានកម្លាំងរហូតដល់ 3,000 សេះ។
វានៅមិនទាន់ច្បាស់នៅឡើយទេថា តើ BYD នឹងចូលរួមក្នុងនាមជាក្រុមទី 12 ឬនឹង ទិញយកក្រុមដែលមានស្រាប់ណាមួយ ប៉ុន្តែរបាយការណ៍បានលើកឡើងអំពីក្រុម Alpine ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Renault។
យុទ្ធសាស្ត្រក្នុងវិស័យកីឡាយានយន្ត
BYD ក៏ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងមើលការប្រកួតមួយផ្សេងទៀតគឺ World Endurance Championship (WEC)។ ហើយពួកគេទាំងនេះមិនមែនជាម៉ាករថយន្តចិនតែមួយគត់ដែលចង់ប្រឡូកក្នុងវិស័យកីឡាយានយន្តនោះទេគឺមាន៖
- Chery ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាចូលរួមក្នុងកម្មវិធី Le Mans។
- Nio បានក្លាយជាសមាជិកនៃ Formula E អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
ជាមួយនឹងពាក្យចចាមអារ៉ាមជាច្រើនបែបនេះយើងនឹងបន្តតាមដានព័ត៌មាននេះជាបន្តទៀត៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
