Admin, 22 December 2025

           យោងតាមគេហទំព័រ IT-home ក្រុមហ៊ុន BYD Automotive បានដាក់សំណើរសុំចូលរួម​ជាមួយក្រុមហ៊ុនសម្ព័ន្ធអ៊ីនធឺណិតឆ្លាតវៃជាសកល (Global Intelligent Internet of Things Alliance - GIIC) និងមានបំណងចង់ក្លាយជាសមាជិកក្រុមប្រឹក្សាផងដែរ។ ពាក្យស្នើរសុំនេះ​ត្រូវបានដាក់ជូននៅថ្ងៃទី 17 ខែធ្នូ ឆ្នាំ 2025។ GIIC ដែលត្រូវបានបង្កើតឡើងក្នុងខែ មិថុនា ឆ្នាំ 2024 គឺជាអង្គការឧស្សាហកម្មអន្តរជាតិមួយដែលផ្តោតលើការបញ្ចូលបច្ចេកវិទ្យា IoT ទៅក្នុងប្រព័ន្ធអេកូឡូស៊ី HarmonyOS ដោយប្រមូលផ្តុំក្រុមហ៊ុន និងស្ថាប័នទាំងក្នុងស្រុក និងអន្តរជាតិ។

សម្ព័ន្ធនេះរួមមានសហគ្រាស និងអង្គការជាង 350 រួមមានក្រុមហ៊ុន Huawei, Haier, China Mobile និងវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន និង Communication Technology របស់ប្រទេស ចិន។ GIIC មានគោលបំណងបង្កើតមូលដ្ឋានគ្រឹះឌីជីថលស្តង់ដារសម្រាប់កម្មវិធី IoT និងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី HarmonyOS ក្នុងកម្រិតឧស្សាហកម្ម។ ការចូលរួមរបស់ BYD គឺក្នុងគោលបំណងទាញយកបទពិសោធន៍របស់ក្រុមហ៊ុនក្នុងបច្ចេកវិទ្យាយានយន្ត​ឆ្លាតវៃ រួមជាមួយធនធានឧស្សាហកម្មរបស់ GIIC។


ការតភ្ជាប់គ្រប់ស្ថានភាពរវាង មនុស្ស-យានយន្ត-គេហដ្ឋាន

BYD និង GIIC គ្រោងនឹងដឹកនាំការអភិវឌ្ឍស្តង់ដារតភ្ជាប់គ្រប់ស្ថានភាពដែលភ្ជាប់រវាង មនុស្ស យានយន្ត និងគេហដ្ឋាន។ កិច្ចខិតខំប្រឹងប្រែងនឹងផ្តោតលើការច្នៃប្រឌិតកម្រិត AI agent និងស្តង់ដារបច្ចេកទេសនៃ interfaces និង data protocols រវាងឧបករណ៍ HarmonyOS ក្នុងរថយន្ត និងឧបករណ៍ឆ្លាតវៃក្នុងផ្ទះ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងកាត់បន្ថយការ fragmentation ដែលបង្កឡើងដោយភាពមិនស៊ីសង្វាក់គ្នារវាង​ Protocols និង ​interface ដែលមិនអាចប្រើរួមគ្នាបាននៅក្នុងឧស្សាហកម្មតែមួយបាន។

កិច្ចសហការនេះនឹងផ្តោតលើការតភ្ជាប់ឆ្លងស្ថានភាពនៅទូទាំងជួររថយន្តរបស់ BYD និងឧបករណ៍ផ្ទះឆ្លាតវៃ (smart home) ព្រមទាំងឧបករណ៍ពាក់ជាប់ខ្លួន (wearable devices)។ អ្នកប្រើប្រាស់ត្រូវបានរំពឹងថានឹងអាចទទួលបានបទពិសោធន៍អន្តរកម្មដែលបានបង្រួបបង្រួមគ្នាតែមួយនៅពេលធ្វើដំណើរ ការរស់នៅ និងការកម្សាន្ត៖

  • ពីក្នុងរថយន្ត: អ្នកអាចប្រើសម្លេងបញ្ជាចេញពីក្នុងរថយន្តអោយបើកម៉ាស៊ីនត្រជាក់ ពន្លឺ និងម៉ាស៊ីនទឹកកម្តៅនៅក្នុងផ្ទះទុកជាមុនមុនពេលទៅដល់។
  • ពីក្នុងផ្ទះ: អ្នកអាចបបញ្ជាបន្ទះឬបូតុងក្នុងផ្ទះឆ្លាតវៃអាចគ្រប់គ្រងការកម្តៅរថយន្ត ការកំណត់ទិសដៅធ្វើដំណើរ និងការតាមដានស្ថានភាពអាគុយផងដែរ។


សន្តិសុខ និងបទពិសោធន៍ជីវិតឆ្លាតវៃ

គំនិតផ្តួចផ្តើមនេះក៏មានគោលបំណងបញ្ចូលនូវលក្ខណៈពិសេសផ្នែកសន្តិសុខ ដែលអនុញ្ញាតឱ្យមានការទំនាក់ទំនងពីររបៀប (two-way communication) រវាងប្រព័ន្ធសុវត្ថិភាពផ្ទះ និងការជូនដំណឹងអំពីស្ថានភាពយានយន្ត។ ការរួមបញ្ចូលគ្នានេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវបណ្តាញការពារបន្តបន្ទាប់គ្នាទាំងក្នុងបរិវេនយានយន្ត និងក្នុងគេហដ្ឋាន។


BYD និង GIIC មានបំណងស្វែងរកគម្រោងសាកល្បងដែលបង្កើតលំហបទពិសោធន៍ជីវិតឆ្លាតវៃ “មនុស្ស-យានយន្ត-គេហដ្ឋាន”។ លំហទាំងនេះនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍​នៃ​​ស្ថានភាព​ដែលរួមបញ្ចូលគ្នានៅពេលទិញរថយន្ត និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ដោយ​ផ្តល់​នូវបរិយាកាសអន្តរកម្ម​ដើម្បីបង្ហាញពីការតភ្ជាប់ឧបករណ៍ក្នុងការអនុវត្តជាក់ស្តែង។

ការដាក់ពាក្យស្នើរសុំចូលរួម GIIC របស់ BYD គឺជាជំហានមួយឆ្ពោះទៅរកការបង្កើត​ភាពឆ្លាតវៃតភ្ជាប់ជាមួយឧបករណ៏ស្តង់ដាររវាងយានយន្ត និងគេហដ្ឋាននៅក្នុងប្រ​ព័ន្ធ​អេកូឡូស៊ី HarmonyOS៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)