Admin, 05 June 2026

        យោងតាមការចុះផ្សាយរបស់ First Financial ក្រុមហ៊ុនយក្សផ្នែករថយន្តអគ្គិសនី (EV) របស់ចិន BYD បានបញ្ជាក់ជាផ្លូវការថា ខ្លួនកំពុងអភិវឌ្ឍរ៉ូបូតដែលមានរូបរាងដូចមនុស្ស (humanoid robots) ដែលនេះជាការថ្លែងជាសាធារណៈដោយផ្ទាល់បំផុតរបស់ក្រុមហ៊ុន អំពីមហិច្ឆតានៅក្រៅរង្វង់វិស័យយានយន្ត។

អនុប្រធានប្រតិបត្តិក្រុមហ៊ុន BYD លោកស្រី Li Ke បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងដំណើរការការងារលើរ៉ូបូតមានរូបរាងដូចមនុស្សរួចរាល់ហើយ ហើយលោកស្រីជឿជាក់ថាកត្តាប្រកួតប្រជែងដ៏សំខាន់នៅក្នុងវិស័យនេះ គឺសមត្ថភាពផលិតកម្ម software និង hardware

លោកស្រីបានបន្ថែមថា បច្ចេកវិទ្យា AI នៃយានយន្ត និងវិស័យរ៉ូបូត គឺមានមូលដ្ឋានគ្រឹះបច្ចេកវិទ្យារួមគ្នា។ ប្រសិនបើរ៉ូបូតមានរូបរាងដូចមនុស្សទាំងនេះ ក្លាយជាផលិតផលប្រើប្រាស់ក្នុងផ្ទះនាពេលអនាគត ក្រុមហ៊ុន BYD អាចនឹងចែកចាយពួកវា តាមរយៈបណ្តាញដេប៉ូចែកចាយរថយន្តដែលមានស្រាប់របស់ខ្លួន។

BYD មើលឃើញពីភាពប្រទាក់ក្រឡាគ្នារវាងរថយន្ត និងរ៉ូបូត លោកស្រី Li Ke បានថ្លែងថា ជំនាញបច្ចេកវិទ្យា AI ផ្នែកយានយន្តរបស់ក្រុមហ៊ុន អាចយកទៅអនុវត្តជាមួយវិស័យរ៉ូបូតបាន ពីព្រោះឧស្សាហកម្មទាំងពីរនេះពឹងផ្អែកលើប្រព័ន្ធនៃការយល់ដឹង (perception) ការធ្វើសេចក្តីសម្រេចចិត្ត ការបញ្ជាចលនា ការរួមបញ្ចូលផ្នែកទន់ និងវិស្វកម្មផ្នែករឹងដូចគ្នា។

រ៉ូបូតមានរូបរាងដូចមនុស្ស បានរួមបញ្ចូលនូវបច្ចេកវិទ្យាជាច្រើនដែលកំពុងប្រើប្រាស់រួចជាស្រេចនៅក្នុងយានយន្តឆ្លាតវៃទំនើបៗ រួមមាន៖ ប្រព័ន្ធសេនស័រ (sensors), ម៉ូទ័រអគ្គិសនីបញ្ជាចលនា (electric actuators), អាគុយ, គ្រោងប្រព័ន្ធគណនា (computing platforms) និងគំរូប្រព័ន្ធ AI (AI models)។ ក្រុមក្រុមហ៊ុនផលិតយានយន្តក៏មានបទពិសោធន៍ខ្ពស់ក្នុងការផលិតទ្រង់ទ្រាយធំ សមត្ថភាពគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ និងជំនាញលើប្រព័ន្ធសុវត្ថិភាពសំខាន់ៗផងដែរ។ ភាពស្រដៀងគ្នានេះ បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តចិនជាច្រើន ចាប់ផ្តើមស្វែងយល់ពីវិស័យរ៉ូបូត ក្នុងនាមជាផ្នែកពង្រីកនៃបច្ចេកវិទ្យាដែលមានស្រាប់របស់ពួកគេ។

ការពិភាក្សាលើវិធីសាស្ត្រ Open-Platform លោកស្រី Li Ke បានបញ្ជាក់ថា BYD អាចនឹងបង្កើតជាប្រព័ន្ធ open platform មួយ ជាជាងការកម្រិតខ្លួនឯងឱ្យផលិត តែជាផលិតផលដែលអភិវឌ្ឍក្នុងស្រុក។

នៅក្រោមវិធីសាស្ត្រនោះ ក្រុមហ៊ុនអាចផលិតរ៉ូបូតផ្ទាល់ខ្លួន ផងដែរ និងសហការជាមួយក្រុមហ៊ុនរ៉ូបូតខាងក្រៅផងដែរ។ គំរូនេះមានលក្ខណៈស្រដៀងទៅនឹងយុទ្ធសាស្ត្រទូទៅរបស់ BYD នៅក្នុងវិស័យយានយន្ត ដែលក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាស្នូលនៅខាងក្នុង រួមទាំងរក្សាបណ្តាញអ្នកផ្គត់ផ្គង់ និងដៃគូខាងក្រៅយ៉ាងទូលំទូលាយ។

ទោះជាយ៉ាងណា ថ្នាក់ដឹកនាំរូបនេះមិនបានផ្តល់កាលវិភាគនៃការធ្វើពាណិជ្ជកម្ម លក្ខណៈបច្ចេកទេស តួលេខវិនិយោគ ឬគោលដៅផលិតកម្មជាក់លាក់នោះទេ។

ក្រុមហ៊ុនផលិតរថយន្តចិន បង្កើនល្បឿនលើវិស័យរ៉ូបូត BYD បានចូលរួមក្នុងបញ្ជីឈ្មោះក្រុមហ៊ុនផលិតរថយន្តចិនដែលកំពុងកើនឡើង ក្នុងការឈានជើងចូលទៅក្នុងវិស័យរ៉ូបូតមានរូបរាងដូចមនុស្ស៖

កាលពីខែមេសា មានរបាយការណ៍ថា ក្រុមហ៊ុន Chery បានចាប់ផ្តើមលក់រ៉ូបូតមានរូបរាងដូចមនុស្សតាមប្រព័ន្ធអនឡាញ ដែលបំពាក់អាគុយទំហំ 0.7 kWh ក្នុងតម្លៃ ប្រហែល 41,400 ដុល្លារអាមេរិក។ ជំហាននេះបានធ្វើឱ្យ Chery ក្លាយជាក្រុមហ៊ុនផលិតរថយន្តចិនឈានមុខដំបូងគេ ដែលបានធ្វើពាណិជ្ជកម្មផលិតផលរ៉ូបូតជាសាធារណៈ។

អ្នកចូលរួមម្នាក់ទៀតគឺក្រុមហ៊ុន Xpeng ដែលបានភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ AI របស់ខ្លួនកាន់តែខ្លាំង ជាមួយកម្មវិធីរ៉ូបូតនាពេលអនាគត។ ក្រុមហ៊ុនបានកំណត់ទីតាំងបញ្ញាសិប្បនិម្មិត ការបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធ AI រួមបញ្ចូលគ្នា (embodied AI) ជានិរន្តរភាពបច្ចេកវិទ្យាពាក់ព័ន្ធគ្នា។

បរិបទនៃការលក់ BYD នៅតែជាក្រុមហ៊ុនផលិតរថយន្តថាមពលថ្មី (NEV) ធំបំផុតរបស់ប្រទេសចិន បើគិតតាមបរិមាណ។ យោងតាមទិន្នន័យពី China EV DataTracker ក្រុមហ៊ុនលក់រថយន្តបាន 321,123 គ្រឿង ក្នុងខែមេសា ឆ្នាំ 2026។ ម៉ូដែលដែលលក់ដាច់បំផុតប្រចាំខែនោះគឺ Sealion 06 ដែលសម្រេចបានការប្រគល់ចំនួន 19,649 គ្រឿង បន្ទាប់មកគឺម៉ូដែល Yuan UP ចំនួន 15,658 គ្រឿង និងម៉ូដែល Dolphin ចំនួន 1,4218 គ្រឿង។

Chery's AI Powered Robot: Credit Chery

Xpeng's Iron humaniod Robot: Credit: Xpeng

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)