Admin, 15 November 2026

        សេចក្តីសម្រេចរបស់តុលាការនៅក្នុងប្រទេសហូឡង់ បានផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុន BYD ខណៈដែលខ្លួនកំពុងតតាំងនឹងការចោទប្រកាន់ពីក្រុមហ៊ុន JLR។

ចៅក្រមម្នាក់នៅក្នុងប្រទេសហូឡង់ បានចេញសេចក្តីសម្រេចថា ក្រុមហ៊ុន Jaguar Land Rover ត្រូវតែប្រគល់មកវិញ ឬបំផ្លាញចោលនូវឯកសារទាំងឡាយដែលត្រូវ បានរឹបយកចេញពីការិយាល័យរបស់ក្រុមហ៊ុន BYD នៅប្រទេសហូឡង់ ដែលជាផ្នែកមួយនៃវិវាទជុំវិញការចោទប្រកាន់ថា ក្រុមហ៊ុនផលិតរថយន្តមួយនេះត្រូវបានចោទថាលួចចម្លងរចនានៃរថយន្ត Defender នៅពេលដែលខ្លួនផលិតរថយន្ត SUV ម៉ូដែល Ti7។

មន្ត្រីតុលាការ (Bailiffs) ដែលតំណាងឱ្យ JLR បានដកហូតឯកសារទាំងនោះកាលពីខែសីហា ក្នុងការចុះឆែកឆេរតាមដីកាតុលាការ ដើម្បីស្វែងរកភស្តុតាងជុំវិញការអះអាងថា BYD បានរំលោភបំពានលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនJLR។ កាលពីថ្ងៃទី 11 ខែវិច្ឆិកា ចៅក្រម H.F.R. van Heemstra នៃតុលាការក្នុងស្រុកនៃទីក្រុងឡាអេ (District Court of the Hague) បានបង្គាប់ឱ្យ JLR ប្រគល់មកវិញ នូវឯកសារដែលបានដកហូត ក្នុងរយៈពេល 24 ម៉ោង បន្ទាប់ពីសាលក្រមផ្លូវការត្រូវ បានចេញ។ ការខកខានមិនបានអនុវត្តតាម នឹងធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តមួយនេះ (JRL) និងត្រូវពិន័យជាប្រាក់ចំនួន 50,000 អឺរ៉ូ (ប្រហែល 81,190 ដុល្លារអាមេរិក) រៀងរាល់មួយម៉ោងម្តង រហូតដល់ 500,000 អឺរ៉ូ (ប្រហែល 811,900 ដុល្លារអាមេរិក)។

ចៅក្រម van Heemstra បានរកឃើញថា ការដកហូតនេះគឺមិនចាំបាច់នោះទេ ហើយក៏បានច្រានចោលរាល់ការទាមទាររបស់ JLR ដែលថា BYD ជំពាក់ប្រាក់ពិន័យចំនួន 500,000 អឺរ៉ូ ចំពោះការខកខានមិនបានសហការជាមួយនឹងការដកហូតកាលពីខែសីហាផងដែរ។ ផ្ទុយទៅវិញ លោកបានបង្គាប់ឱ្យ JLR សងប្រាក់សំណងខូចខាតដល់ BYD ចំនួន 25,376អឺរ៉ូ (ប្រហែល 41,204 ដុល្លារអាមេរិក)។

ចៅក្រម van Heemstra បានសរសេរថា៖ «សេចក្តីសម្រេចនេះ ដកហូតមកវិញនូវការរឹបអូសភស្តុតាង ប៉ុន្តែមិនទាន់សម្រេចថាតើរថយន្ត SUV នេះ បានរំលោភបំពានសិទ្ធិកម្មសិទ្ធិបញ្ញារបស់ JLR ឬយ៉ាងណានោះទេ» ដោយលោកក៏បានហាមឃាត់ JLR មិនឱ្យធ្វើការដកហូតឯកសារបន្ថែមទៀត។

BYD បានប្រាប់សារព័ត៌មាន Guancha របស់ប្រទេសចិនថា ក្រុមហ៊ុនអនុវត្តការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដោយខ្លួនឯង គោរពតាមច្បាប់កម្មសិទ្ធិបញ្ញានៅគ្រប់ប្រទេសទាំងអស់ និងនឹងបន្តការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនផងដែរ។តុលាការទីក្រុងឡាអេ នឹងបន្តបើកសវនាការលើបញ្ហានេះ និងសម្រេចថាតើ BYD មានករណីត្រូវឆ្លើយតបជុំវិញការចោទប្រកាន់ទាំងនោះឬយ៉ាងណា ដែលនៅក្នុងនោះ JLR ចោទប្រកាន់ម៉ាកយីហោនេះពីបទលួចចម្លងការរចនា Defender របស់ខ្លួន និងការសិក្សាស្រាវជ្រាវ reverse-engineering​ លើបច្ចេកវិទ្យាមួយចំនួនរបស់វាផងដែរ។​ បើតាមសេចក្តីសម្រេចរបស់ចៅក្រមដែលឱ្យបំផ្លាញចោលឯកសារដែលបានដកហូត គឺផ្អែកលើការពិតដែលថា BYD មិនបានដាក់លក់រថយន្ត Ti7 នៅក្នុងសហភាពអឺរ៉ុបនោះទេ ដែលមានន័យថា ការចោទប្រកាន់ពីការរំលោភបំពាននេះ មិនអាចបង្កការខូចខាតណាមួយដល់ JLR ឡើយ។




ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)