Admin, 20 October 2026

            រថយន្តអគ្គិសនីប្រភេទ Kei car ម៉ូដែល BYD Racco ត្រូវ បានដាក់លក់នៅក្នុងទីផ្សារដំបូងគេនៅក្រៅប្រទេសជប៉ុន។ វាបានឈានជើងចូលដល់ប្រទេសស្រីលង្កា ជាមួយនឹងតម្លៃ ដំបូង ប្រហែល 34,615ដុល្លារអាមេរិក។ ម៉ូដែលនេះ នឹងឈានជើងចូលទីផ្សារម៉ាកាវនាពេលឆាប់ៗនេះផងដែរ។ Racco លេចធ្លោដោយម៉ូទ័រអគ្គិសនីកម្លាំង 47 kW និងចម្ងាយបើកបរ 320 គីឡូម៉ែត្រ តាមស្តង់ដារ WLTC។

រថយន្ត Kei car ម៉ូដែល BYD Racco ត្រូវ បានណែនាំជាលើកដំបូងទៅកាន់ប្រទេសជប៉ុន កាលពីចុងខែកក្កដា ឆ្នាំ 2026 ដោយទទួលបានការបញ្ជាទិញចំនួន 1,000 គ្រឿង ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ បន្ទាប់ពីការដាក់លក់ជាមួយនឹងតម្លៃចន្លោះពី 2,140,000 ដល់ 2,497,000 យ៉េន (ប្រហែល 13,555 ដល់ 15,815 ដុល្លារអាមេរិក) វាមានបីជម្រើស​គឺម៉ូឌែល 200, 300 Plus, និង 300 Premium។ បន្ទាប់ពីត្រូវបានលេចឮថា BYD នឹងមានផែនការដាក់លក់រថយន្តខ្នាតតូចមួយនេះនៅក្រៅប្រទេសជប៉ុន ដោយមានប្រទេសស្រីលង្កា និងម៉ាកាវ ស្ថិតនៅក្នុងចំណោមទីផ្សារប្រើប្រាស់ចង្កូតខាងស្តាំ (RHD) ដំបូងគេ។

យោងតាម BYD Sri Lanka រថយន្ត Kei car ម៉ូដែល Racco អាចបញ្ជាទិញបានក្នុងតម្លៃ ប្រហែល 34,615 ដុល្លារអាមេរិក ដែលមានតម្លៃខ្ពស់ជាងតម្លៃចាប់ផ្តើមនៅក្នុងប្រទេសជប៉ុនរហូតដល់ 2.5 ដង។ ក្នុងពេលជាមួយគ្នានេះ តំណាងផ្លូវការរបស់ BYD Sri Lanka បានគូសបញ្ជាក់ថា នេះគឺជាតម្លៃប្រកាសដំបូងដែលមានសុពលភាពរហូតដល់ថ្ងៃទី 9 ខែវិច្ឆិកា ប៉ុណ្ណោះ។ នេះមានន័យថា Racco នឹងមានតម្លៃកាន់តែថ្លៃជាងពេលនេះទៅទៀត នៅពេលដែលវាដល់ពេលផុតកំណត់។

វាត្រូវបានគេកត់សម្គាល់ថា រថយន្តជាទូទៅគឺមានតម្លៃថ្លៃនៅក្នុងទីផ្សារប្រទេសស្រីលង្កា ដោយសារតែពន្ធនាំចូល និងពន្ធផ្សេងៗ។ ដើម្បភាពច្បាស់លាស់ រថយន្ត Toyota Yaris Cross ប្រើម៉ាស៊ីនសាំង មានតម្លៃរហូតដល់ 60,315 ដុល្លារអាមេរិក នៅក្នុងប្រទេសកោះមួយនេះ។ ដូច្នេះ រថយន្ត Kei car ម៉ូដែល Racco ហាក់ដូចជាមានតម្លៃសមរម្យ បើគិតទៅលើលក្ខខណ្ឌក្នុងស្រុកជាក់ស្តែង។

BYD Racco ជារថយន្ត Kei car បើកបរកង់មុខ​( FWD) ជាមួយនឹងរូបរាងតួខ្លួនរាងប្រអប់ដែលមានវិមាត្រ៖ បណ្តោយប្រវែង 3,395 មីឡីម៉ែត្រ, ទទឹងប្រវែង 1,475មីឡីម៉ែត្រ, កម្ពស់ 1,800 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) 2,520 មីឡីម៉ែត្រ។ រថយន្តអគ្គិសនីខ្នាតតូចមួយនេះ មានកាំបត់អប្បបរមា 4.8 ម៉ែត្រ។ វា មានកៅអីចំនួនបួន និងឃ្លុបក្រោយផ្ទុកឥវ៉ាន់បានចំណុះ 280លីត្រ។ មានជម្រើសអាគុយ LFP ចំនួនពីរ៖ ទំហំ 22.4 kWh និង 35.84 kWh។ ពួកវាបញ្ជូនថាមពលទៅកាន់ម៉ូទ័រអគ្គិសនីដែលមានកម្លាំងទិន្នផលកំពូល 47 kW (63 សេះ) និងកម្លាំងរមួល 160 Nm។ ចម្ងាយបើកបរដោយថាមពលអគ្គិសនីរបស់រថយន្ត គឺស្ថិតនៅចន្លោះពី 210 គីឡូម៉ែត្រ ដល់ 320គីឡូម៉ែត្រ អាស្រ័យលើជម្រើសកញ្ចប់អាគុយ។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)