Admin, 29 September 2026
ក្រុមហ៊ុន BYD បានបញ្ចេញរូបភាពដំបូងជាផ្លូវការនៃរថយន្ត Seal 07 ជំនាន់ទីពីររបស់ខ្លួន ដែលជារថយន្ត Sedan ខ្នាតមធ្យមទៅធំ ដោយរួមបញ្ចូលនូវភាសារចនាចុងក្រោយបង្អស់របស់ម៉ាកយីហោ។ ម៉ូដែលថ្មីនេះ នឹងមានផ្តល់ជូនទាំងជម្រើសប្រព័ន្ធ Plug-in Hybrid (PHEV) និងអគ្គិសនីសុទ្ធ (BEV)។
ការរចនា និងវិមាត្រ
រថយន្ត Seal 07 ជំនាន់ទីពីរ ប្រើប្រាស់ទស្សនវិជ្ជារចនា «Ocean Aesthetics 2.0» ដោយធ្វើឱ្យអត្តសញ្ញាណរូបរាងរបស់វាស្របគ្នានឹងម៉ូដែល Seal 08។ ផ្នែកខាងមុខមានបំពាក់ប៉ាណាបិទជិត អមដោយបណ្តុំចង្កៀងមុខរាងរលកដាច់ពីគ្នា។ យានយន្តនេះមានបំពាក់សេនស័រ LiDAR ដំឡើងលើដំបូល ដែលបង្ហាញពីការរាប់បញ្ចូលនូវប្រព័ន្ធជំនួយការបើកបរ «God’s Eye B» របស់ BYD។
ម៉ូដែលថ្មីនេះ មានការកើនឡើងនូវទំហំតួខ្លួន បើធៀបនឹងជំនាន់បច្ចុប្បន្ន ដែលផ្តល់នូវកាប៊ីនខាងក្នុងកាន់តែទូលាយ។ វិមាត្រត្រូវបានប្រៀបធៀបនៅក្នុងតារាងខាងក្រោម៖
វិមាត្រ (Dimension) | Seal 07 បច្ចុប្បន្ន | Seal 07 ជំនាន់ទីពីរ |
ប្រវែង (Length) | 4,995 mm | 5,080 mm |
ទទឹង (Width) | 1,910 mm | 1,960 mm |
កម្ពស់ (Height) | 1,495 mm | 1,495 mm |
ប្រវែងចន្លោះកង់មុខក្រោយ (Wheelbase) | 2,900 mm | 2,960 mm |
ទម្រង់ខាងចំហៀងមានលក្ខណៈសម្គាល់ដោយខ្សែបន្ទាត់ត្រង់ស្អាត, ដំបូលកញ្ចក់ panoramic និងដៃទ្វារលិចពាក់កណ្តាល។ អតិថិជនអាចជ្រើសរើសរចនាបថយ៉ាន់កង់ផ្សេងៗគ្នា ក្នុងទំហំ 18អ៊ីញ ឬ 19 អ៊ីញ។ ការរចនាផ្នែកខាងក្រោយ មានលក្ខណៈឆ្លុះបញ្ចាំងពីផ្នែកខាងមុខ ដែលលេចធ្លោដោយបណ្តុំចង្កៀងរត់កាត់ពេញទទឹង ស្របគ្នានឹងម៉ូដែល Seal 08។
ប្រព័ន្ធថាមពល និងសមត្ថភាព
- វគ្គ PHEV៖ ម៉ូដែលនេះដំណើរការដោយម៉ាស៊ីនសាំងទើបូ 1.5T ជាមួយកម្លាំងទិន្នផលអតិបរមា 115 kW។ វាត្រូវ បានផ្គូរផ្គងជាមួយម៉ូទ័រអគ្គិសនីផលិតកម្លាំងបាន 160 kW (215 សេះ) និងកញ្ចប់អាគុយ LFP ទំហំ 38.029 kWh ដោយផ្តល់នូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ 245 គីឡូម៉ែត្រ ក្រោមវដ្តជុំ WLTC។
- វគ្គ BEV៖ វគ្គជម្រើសអគ្គិសនីសុទ្ធមានម៉ូទ័រកម្លាំង 300 kW (402 សេះ) រត់បានល្បឿនអតិបរមា 240 គីឡូម៉ែត្រ/ម៉ោង និងផ្តល់ចម្ងាយបើកបរបានរហូតដល់ 718 គីឡូម៉ែត្រ តាមស្តង់ដារ WLTP។
យោងតាមទិន្នន័យពី China EV DataTracker ក្រុមហ៊ុន BYD បានប្រគល់រថយន្ត Seal 07 ស៊េរីបច្ចុប្បន្ន (រាប់បញ្ចូលទាំងវគ្គ PHEV និង BEV) ជូនអតិថិជនបានត្រឹមតែ 1,005 គ្រឿងប៉ុណ្ណោះ ក្នុងខែសីហា ឆ្នាំ 2026។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
