Admin, 20 January 2026
ក្រុមហ៊ុន BYD បានបញ្ចេញរូបភាព Teaser ជាផ្លូវការនូវរថយន្តលំដាប់កំពូល (Flagship) ថ្មីចំនួនពីរម៉ូដែលនៅក្នុងត្រកូល Ocean Series របស់ខ្លួនគឺ៖ រថយន្ត Sedan ម៉ូដែល Seal 08 និងរថយន្ត SUV ម៉ូដែល Sealion 08។ រថយន្តទាំងពីរនេះត្រូវបានគ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិននាត្រីមាសទី 1 ឆ្នាំ 2026។ ការប្រកាសនេះបានបង្កើតឱ្យមានខ្សែរស្រឡាយរថយន្ត "Ocean 8" ដែលជាខ្សែស្រឡាយលំដាប់ខ្ពស់បំផុតនៅក្នុងគ្រួសារ Ocean របស់ BYD ចំពេលដែលមានការបញ្ចេញរថយន្តលំដាប់ផ្សេងៗទៀតនៅក្នុងត្រកូលស្របគ្នាជាមួយម៉ាកម៉ូដែលនេះ។
BYD Sedan Seal08
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីការបង្ហើបព័ត៌មានក្នុងព្រឹត្តិការណ៍ Ocean Day កាលពីខែធ្នូ ឆ្នាំ 2025 ដែលក្រុមហ៊ុនបានប្រកាសពីផែនការណែនាំរថយន្តលំដាប់ជួរមុខទាំងពីរប្រភេទនេះ (Dual-flagship) នៃខ្សែរស្រឡាយ Ocean 8 ដែលរួមមានប្រភេទ Sedan និង SUV។ រហូតមកដល់ពេលនេះ BYD មិនទាន់បានបញ្ចេញព័ត៌មានអំពីតម្លៃជាក់លាក់ណាមួយទេនិង លក្ខណៈបច្ចេកទេសលម្អិត ឬប្រព័ន្ធកម្លាំងម៉ាស៊ីននៅឡើយទេ ដោយរូបភាព Teaser គឺជាឯកសារផ្លូវការតែមួយគត់ដែលត្រូវបានផ្សព្វផ្សាយនៅដំណាក់កាលដំបូងនេះ។
ផ្អែកលើរូបភាពTeaser ដែលបានបង្ហាញថា៖
- Seal 08: ស្ថិតក្នុងប្រភេទរថយន្ត Sedan ខ្នាតធំ (Mid-to-large) ដែលមានខ្សែរដំបូលទាបបែប Coupe (Coupe-style roofline)។ វាត្រូវបានគេរំពឹងថាវាមានប្រវែងតួខ្លួន 4.9 ម៉ែត្រ និងមានចម្ងាយពីកង់មុខទៅកង់ក្រោយ (Wheelbase) 3 ម៉ែត្រ។
- Sealion 08: បង្ហាញរូបរាងជារថយន្ត SUV ខ្នាតធំដែលមានរាងខ្ពស់ និងជ្រុងជាងមុន។ តាមរបាយការណ៍ជាបឋម រថយន្តនេះអាចមានប្រវែងដល់ទៅ 5.04 ម៉ែត្រ និងមានកៅអី 3 ជួរ (អាចផ្ទុកអ្នកដំណើររហូតដល់ 7នាក់)។
BYD SUV Sealion08
ខ្សែរស្រឡាយ Ocean 8 ដំណើរការជាខ្សែផលិតផលលំដាប់កំពូលដាច់ដោយឡែកពីត្រកូល Dynasty ដែលទើបតែបានបញ្ជាក់ពីការចេញប្រភេទរថយន្តជំនាន់ថ្មីរបស់ខ្លួនគឺ SUV ម៉ូដែល Tang 9 និង Sedan ម៉ូដែល Han 9 ផងដែរ។ ម៉ូដែលក្នុងត្រកូល Dynasty ទាំងនោះត្រូវបានបង្ហាញកាលពីពេលមុន និងគ្រោងនឹងសម្ពោធជាផ្លូវការក្នុងឆមាសទី 1 ឆ្នាំ 2026 ផងដែរ។ ទោះបីជាស្រឡាយ Ocean 8 និង Dynasty 9 សុទ្ធតែតំណាងឱ្យប្រភេទរថយន្តកម្រិតខ្ពស់បំផុត (Highest-tier) ក្នុងគ្រួសាររថយន្តរៀងៗខ្លួនក៏ដោយ ប៉ុន្តែពួកវានៅតែរក្សាភាពដាច់ដោយឡែកពីគ្នាទាំងការប្រើប្រាស់ម៉ាកសញ្ញា ការរចនា និងការកំណត់គោលដៅទីផ្សារដាច់ដោយឡែកពីគ្នា។
ជាទម្លាប់ ត្រកូល Ocean របស់ BYD ផ្តោតលើការដាក់ឈ្មោះ និងការរចនាបែបសោភ័ណភាពពណ៌សមុទ្រ (Marine-themed) ដែលរួមមានម៉ូដែល Seal និង Sealion ខណៈដែលត្រកូល Dynasty ផ្តោតលើឈ្មោះការបំផុសគំនិតពីប្រវត្តិសាស្ត្រចិន រួមមាន Han និង Tang។ ការដាក់ចេញរថយន្តលំដាប់កំពូល Ocean 8 និង Dynasty 9 ក្នុងពេលដំណាលគ្នានេះ បង្ហាញថា BYD កំពុងពង្រីកយុទ្ធសាស្ត្រផលិតផលលំដាប់ខ្ពស់របស់ខ្លួននៅលើគ្រប់គ្រួសាររថយន្ត ជាជាងការបង្រួមតំណែងលំដាប់កំពូលឱ្យស្ថិតក្នុងស្រឡាយតែមួយ។
បច្ចុប្បន្ន BYD មិនទាន់បានបង្ហើបថា តើ Seal 08 និង Sealion 08 នឹងចែករំលែកបច្ចេកវិទ្យាជាមួយ Tang 9 និង Han 9 ឬយ៉ាងណានោះទេ ដែលរួមមានដូចជា ប្រព័ន្ធអគ្គិសនីកម្លាំងវ៉ុលខ្ពស់, ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ ឬជម្រើសប្រព័ន្ធកម្លាំងម៉ាស៊ីនច្រើនប្រភេទ (PHEV និង EV)។ ព័ត៌មានលម្អិតបន្ថែមត្រូវបានគេរំពឹងថានឹងលេចចេញជាបន្តបន្ទាប់នៅពេលខិតជិតដល់ថ្ងៃដាក់សម្ពោធផ្លូវការ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
