Admin, 08 February 2026
ក្រុមហ៊ុនផលិតអាគុយ CATL បានបង្ហើបថា កញ្ចប់អាគុយថ្មីរបស់ខ្លួនអាចរក្សា ថាមពលបាន រហូតដល់ 80% បន្ទាប់ពីឆ្លងកាត់ការសាកបញ្ចូលថាមពលចំនួន 3,000 ដង ឬស្មើនឹងការ បើកបរចម្ងាយ 1.8 លានគីឡូម៉ែត្រ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន IT Home វដ្តជីវិតរបស់អាគុយនេះគឺវែងជាងមធ្យមភាគនៃឧស្សាហកម្មបច្ចុប្បន្នរហូតដល់ទៅ 6 ដង។
អាគុយប្រភេទ 5C នេះត្រូវបានណែនាំនៅក្នុងវីដេអូផ្លូវការមួយដែលបានចេញ ផ្សាយកាលពី ថ្ងៃទី 29 ខែមករា ឆ្នាំ 2026ក្រោមចំណងជើងថា "5C Charging: 1,000,000 KM Made Easy"។ CATL កំណត់តំណែងបច្ចេកវិទ្យានេះថាជាការទម្លាយភាពទាល់ច្រកនៃភាពធន់នៃ អាគុយសាកល្បឿនលឿនបំផុត (Ultra-fast-charging) ដែលមានសមត្ថភាពអាចប្រើប្រាស់ បានយូរជាងអាយុកាលរបស់រថយន្តទៅទៀត។ ក្នុងលក្ខខណ្ឌកម្ដៅខ្លាំងរហូតដល់ 60 អង្សាសេ (ដែលក្នុងវីដេអូប្រៀបធៀបទៅនឹងសីតុណ្ហភាពរដូវក្តៅនៅទីក្រុងឌូបៃ) អាគុយនេះត្រូវបានគេរាយការណ៍ថា នៅតែអាចរក្សាថាមពលបាន 80% បន្ទាប់ពីសាកបាន 1,400 ដង ឬស្មើនឹងចម្ងាយប្រហែល 840,000 គីឡូម៉ែត្រ។ សមត្ថភាពនេះគឺលើសពីអាគុយ លីចូម-អាយអនសម្រាប់ពាណិជ្ជកម្មទូទៅដែលមានលក់នៅលើទីផ្សារបច្ចុប្បន្ន។
តើអ្វីទៅជាកម្រិត "5C"? កម្រិត "C" បង្ហាញពីអត្រានៃការសាកបញ្ចូល និងការបញ្ចេញ ថាមពល។ អាគុយប្រភេទ 5C អាចសាកថ្មពេញក្នុងរយៈពេលត្រឹមតែប្រហែល 12 នាទី ប៉ុណ្ណោះ ដែលធ្វើឱ្យវាស្ថិតក្នុងចំណាត់ថ្នាក់អាគុយសាកល្បឿនលឿនបំផុត។ ដើម្បី សម្រេចបាននូវចំណុចនេះ អាគុយត្រូវតែរក្សាស្ថិរភាពរចនាសម្ព័ន្ធ និងសុវត្ថិភាព កម្ដៅក្នុងអំឡុងពេលប្រតិបត្តិការក្នុងល្បឿនខ្ពស់។ CATL បានបញ្ជាក់ថា ភាពជោគជ័យ នៃវដ្តជីវិតដ៏វែងនេះ គឺបានមកពីការច្នៃប្រឌិតបច្ចេកវិទ្យាសំខាន់ៗចំនួន 3៖ 1. ស្រទាប់កាតូត (Cathode) កាន់តែហាប់ និងស្មើគ្នា៖ កាត់បន្ថយការខូចខាតរចនាសម្ព័ន្ធ និងកម្រិតការ បាត់បង់អ៊ីយ៉ុងលោហៈក្នុងពេលសាក និងបញ្ចេញថាមពលល្បឿនលឿន។ 2. សារធាតុបន្ថែមសម្រាប់ជួសជុលក្នុងអេឡិចត្រូឡីត៖ ជួយស្វែងរក និងបិទស្នាមប្រេះតូចៗ (Microcracks) ព្រមទាំងកាត់បន្ថយការបាត់បង់លីចូម។ 3. ស្រទាប់ការពារឆ្លើយតប នឹង សីតុណ្ហភាព៖ នៅលើផ្ទៃសន្លឹកខណ្ឌ (Separator) ដែលជួយពន្យឺតការផ្លាស់ទីរបស់អ៊ីយ៉ុង នៅពេលសីតុណ្ហភាពក្នុងតំបន់ឡើងខ្ពស់ ដើម្បីការពារហានិភ័យនៃចំហេះ។
ប្រព័ន្ធគ្រប់គ្រងអាគុយ (BMS) ក៏ត្រូវបានធ្វើបច្ចុប្បន្នភាពផងដែរ។ ប្រព័ន្ធថ្មីនេះអាចបញ្ជូន សារធាតុត្រជាក់ទៅកាន់ចំណុចដែលឡើងកម្ដៅខ្លាំងនៅក្នុងកញ្ចប់អាគុយ ដែលជួយឱ្យ សីតុណ្ហភាពមានភាពស្មើគ្នា និងពង្រីកអាយុកាលប្រើប្រាស់សរុប។
គិតត្រឹមខែកុម្ភៈ ឆ្នាំ 2026 ក្រុមហ៊ុន CATL មិនទាន់បានប្រកាសពីកាលវិភាគផលិតទ្រង់ទ្រាយ ធំ ឬបញ្ជាក់ថារថយន្តណានឹងក្លាយជាអ្នកប្រើប្រាស់អាគុយ 5C ថ្មីនេះមុនគេនោះទេ។ អ្នកវិភាគបានលើកឡើងថា ការប្រើប្រាស់ដំបូងអាចនឹងស្ថិតនៅលើរថយន្តទេសចរណ៍ លំដាប់ខ្ពស់ ឬរថយន្តពាណិជ្ជកម្ម (ដូចជាឡានដឹកទំនិញធុនធ្ងន់ និងតាក់ស៊ី) ហើយការដាក់ឱ្យប្រើប្រាស់ទូលំទូលាយក្នុងទីផ្សារនឹងកើតមានឡើងជាបន្តបន្ទាប់៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
