Admin, 02 July 2026
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Caixin ក្រុមហ៊ុនផលិតអាគុយធំបំផុតនៅលើពិភពលោក Contemporary Amperex Technology Co. Limited (CATL) បានចាប់ផ្តើមដំណើរការផលិតកម្មជាផ្លូវការហើយនៅឯរោងចក្រផលិតអាគុយរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងផ្ទេរសិទ្ធិប្រើប្រាស់បច្ចេកវិទ្យា (technical licensing agreement) ជាមួយក្រុមហ៊ុនរថយន្ត Ford Motor Company។ សមិទ្ធផលដ៏សំខាន់នេះត្រូវបានបញ្ជាក់ដោយលោក Meng Xiangfeng ដែលជាអនុប្រធានក្រុមហ៊ុន CATL នៅក្នុងសន្និសីទប្រចាំឆ្នាំនៃសម្ព័ន្ធភាពនវានុវត្តន៍ឧស្សាហកម្មអាគុយថាមពលយានយន្តចិន ដែលបានប្រព្រឹត្តទៅនៅថ្ងៃនេះ។
មូលដ្ឋានផលិតកម្មមួយនេះ បានបង្ហាញពីការផ្លាស់ប្តូរនៅក្នុងយុទ្ធសាស្ត្រអន្តរជាតិរបស់ CATL ដោយងាកចេញពីការនាំចេញផលិតផលធម្មតា ទៅរកគំរូនៃការវិនិយោគ និងពាណិជ្ជកម្មរួមបញ្ចូលគ្នាវិញ។ ខណៈពេលដែលក្រុមហ៊ុនក៏កំពុងរៀបចំការបើកដំណើរការផលិតកម្មនៅតាមរោងចក្ររបស់ខ្លួននៅក្នុងប្រទេសហុងគ្រី និងឥណ្ឌូនេស៊ីនៅចុងឆ្នាំនេះផងដែរនោះ ភាពជាដៃគូជាមួយ Ford តំណាងឱ្យគំរូសេវាកម្មផ្ទេរសិទ្ធិបច្ចេកវិទ្យាដ៏ប្លែក និងផ្តាច់មុខមួយ។
ការវិវត្ត និងប្រឈមមុខនៃគម្រោង កិច្ចសហប្រតិបត្តិការនេះត្រូវបានប្រកាសជាដំបូងកាលពីខែកុម្ភៈ ឆ្នាំ 2023 ប៉ុន្តែបានឆ្លងកាត់ផ្លូវដ៏រលាក់ និងមិនរលូនឡើយ។ កាលពីដំបូងឡើយ ក្រុមហ៊ុន Ford គម្រោងវិនិយោគទឹកប្រាក់ 3.5 ពាន់លានដុល្លារអាមេរិក នៅក្នុងរោងចក្រអាគុយប្រភេទ លីថ្យូម អាយអន ហ្វូស្ហ្វាត (LFP) ដែលជាកម្មសិទ្ធិផ្តាច់មុខទាំងស្រុងរបស់ខ្លួននៅក្នុងរដ្ឋ មីឈីហ្គែន (Michigan) ដោយមានសមត្ថភាពផលិតរចនាដំបូង 35 GWh ដែលអាចផ្គត់ផ្គង់ដល់រថយន្តអគ្គិសនីបានចំនួន 400,000 គ្រឿង។
ទោះជាយ៉ាងណា គម្រោងនេះបានជួបប្រទះនឹងសម្ពាធនយោបាយ និងសេដ្ឋកិច្ចដ៏ធំធេង៖
ការពិនិត្យដិតដល់ផ្នែកនយោបាយ៖ កាលពីខែកក្កដា ឆ្នាំ 2023 ក្រុមកាត់ក្តីច្បាប់នៃគណបក្សសាធារណរដ្ឋសហរដ្ឋអាមេរិក បានចោទសួរពីភាពជាដៃគូនេះ ដោយបង្ហាញការព្រួយបារម្ភចំពោះលទ្ធភាពនៃការទទួលបានការឧបត្ថម្ភធនដោយប្រយោលដែលហូរទៅកាន់ក្រុមហ៊ុន CATL ក្រោមច្បាប់កាត់បន្ថយអតិផរណា (IRA) របស់សហរដ្ឋអាមេរិក។
ការបង្រួញខ្នាតគម្រោង៖ ឆ្លងកាត់សម្ពាធទាំងនេះ គម្រោងត្រូវបានផ្អាកមួយរយៈពេលខ្លី មុនពេលត្រូវបានចាប់ផ្តើមឡើងវិញនៅក្នុងខែវិច្ឆិកា ឆ្នាំ 2023 ជាមួយនឹងការកាត់បន្ថយទុនវិនិយោគមកត្រឹម 2 ពាន់លានដុល្លារអាមេរិក និងសមត្ថភាពផលិតធ្លាក់មកត្រឹម 20 GWh។
ការផ្លាស់ប្តូរគោលនយោបាយ៖ បរិបទកាន់តែមានភាពស្មុគស្មាញថែមទៀតនៅក្នុងឆ្នាំ 2025 ផ្លាស់ប្តូរបន្ទាប់ពីការផ្លាស់ប្តូររដ្ឋបាលដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក។ ការលុបចោលផែនការផ្លាស់ប្តូរទៅប្រើប្រាស់រថយន្ត EV ថ្នាក់ជាតិ និងការបញ្ចប់មុនកាលកំណត់នៃកញ្ចប់លើកទឹកចិត្តពន្ធ EV នៅក្នុងខែកញ្ញា ឆ្នាំ 2025 បានបង្ខំឱ្យ Ford ត្រូវកត់ត្រាការខាតបង់តម្លៃទ្រព្យសកម្ម (impairment losses) រហូតដល់ទៅ 19.5 ពាន់លានដុល្លារអាមេរិក ដែលពាក់ព័ន្ធនឹងទ្រព្យសកម្ម EV របស់ខ្លួន។
ទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ក៏ភាពជាដៃគូនេះនៅតែបន្តរក្សាបានរឹងមាំ។ ក្រុមហ៊ុន Ford បានសម្របសម្រួលខ្លួនដោយការធ្វើពិពិធកម្មទិន្នផលផលិតកម្មរបស់រោងចក្រ រួមបញ្ចូលទាំងផលិតផលរក្សាទុកថាមពល (energy storage products) ដែលជាជំហានមួយបានប្រឈមមុខនឹងការស៊ើបអង្កេតបន្ថែមពីសភាជាតិនៅក្នុងខែមករា ឆ្នាំ 2026។
ក្រុមហ៊ុន Ford បានបញ្ជាក់កាលពីថ្ងៃទី 17 ខែមិថុនា ថា មូលដ្ឋានអាជីវកម្មនេះបានបញ្ចប់ដោយជោគជ័យនូវការសាកល្បងផលិតកម្មនៃកញ្ចប់កោសិកាអាគុយប្រភេទ LFP រាងប្រអប់ (prismatic LFP battery cells) ជាលើកដំបូង។ កោសិកាអាគុយទាំងនេះ បច្ចុប្បន្នកំពុងស្ថិតក្រោមការធ្វើតេស្តយ៉ាងម៉ត់ចត់បំផុត ដើម្បីបំពេញតាមស្តង់ដារគុណភាពរបស់ CATL ដោយដៅអត្រាផលិតផលខូចខាត (defect rate) ត្រឹមតែមួយក្នុងចំណោមមួយពាន់លានគ្រាប់ប៉ុណ្ណោះ។ រោងចក្រនេះត្រូវបានកំណត់កាលវិភាគដើម្បីប្រគល់កញ្ចប់អាគុយថាមពលយានយន្តដំបូងបង្អស់នៅក្នុងឆ្នាំ 2026 នេះ ដែលពួកវានឹងត្រូវយកទៅបំពាក់នៅលើរថយន្តភីកអាប់អគ្គិសនីខ្នាតមធ្យម និងខ្នាតសន្សំសំចៃរបស់ Ford។
យុទ្ធសាស្ត្រសកលសម្រាប់ក្រុមហ៊ុនផលិតអាគុយចិន លោក Meng Xiangfeng បានសង្កត់ធ្ងន់ថា ការលំបាកដែលគម្រោងរបស់ Ford បានជួបប្រទះ បានបង្ហាញឱ្យឃើញពីភាពស្មុគស្មាញដែលក្រុមហ៊ុនចិនត្រូវប្រឈមមុខនៅពេលពង្រីកខ្លួនទៅក្រៅប្រទេស។ ជាមួយនឹងការរឹតបន្តឹងនៃបទបញ្ជាអន្តរជាតិពាក់ព័ន្ធនឹងពន្ធគយ, តម្រូវការធ្វើមូលដ្ឋានីយកម្ម និងស្តង់ដារកម្រិតកាបូន (carbon footprint standards) លោក Meng បានកត់សម្គាល់ថា គម្រូនៃការនាំចេញតែមួយមុខបែបប្រពៃណីគឺកាន់តែមិនអាចទៅរួចឡើយ។
លោក Meng បានថ្លែងថា៖ «ក្រុមហ៊ុនអាគុយដែលពង្រីកខ្លួនទៅក្រៅប្រទេស ត្រូវតែផ្តល់អាទិភាពខ្ពស់បំផុតលើការអនុលោមតាមច្បាប់ (compliance)» ដោយលោកបានបន្ថែមថា ក្រុមហ៊ុនចិនត្រូវតែកសាងសមត្ថភាពត្រួតពិនិត្យបទបញ្ញត្តិឱ្យបានរឹងមាំ និងរួមបញ្ចូលខ្លួនទៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈការចូលរួមក្នុងការអភិវឌ្ឍស្តង់ដារ និងគោលនយោបាយក្នុងស្រុក ដើម្បីការពារឧត្តមភាពប្រកួតប្រជែងរបស់ពួកគេ។
គួរបញ្ជាក់ផងដែរថា កាលពីមុនធ្លាប់មានរបាយការណ៍ថា ក្រុមហ៊ុន CATL មានបំណងចង់ផ្ទេរសិទ្ធិបច្ចេកវិទ្យារបស់ខ្លួនទៅឱ្យក្រុមហ៊ុន GM (General Motors) ដើម្បីផលិតអាគុយប្រភេទ LFP នៅក្នុងសហរដ្ឋអាមេរិកផងដែរ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
