Admin, 01 July 2026
សង្វាក់ផ្គត់ផ្គង់អាគុយរបស់ក្រុមហ៊ុន CATL បានពង្រីកខ្លួនទៅជាសម្ព័ន្ធភាពស្តង់ដារភាវូបនីយកម្មសកល ក្នុងកំឡុងព្រឹត្តិការណ៍ London Climate Action Week។ ក្រុមហ៊ុនផលិតកោសិកាអាគុយឈានមុខគេលើលោកមួយនេះ បានចូលរួមជាមួយបណ្តាម៉ាកយីហោយានយន្ត និងបច្ចេកវិទ្យាធំៗ រួមមាន៖ Google, Xiaomi, BMW, Renault និង Volvo ដើម្បីដាក់ដំណើរការនូវក្របខ័ណ្ឌការងារសេដ្ឋកិច្ចវិលជុំរួមគ្នា (unified circular-economy framework)។ ក្រុមហ៊ុន CATL បានបញ្ជាក់ថា គ្រោងប្រព័ន្ធនេះបង្កើតឡើងនូវវិថីអភិវឌ្ឍន៍ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ សម្រាប់ការគ្រប់គ្រងទ្រព្យសកម្មអាគុយ និងការគ្រប់គ្រងវដ្តជីវិតយានយន្តនាពេលអនាគត។
គំនិតផ្តួចផ្តើមផ្នែកវិស្វកម្មនេះ ផ្តោតសំខាន់លើការបង្កើត «មគ្គុទ្ទេសក៍រចនាវិលជុំនៃអាគុយ» (Battery Circular Design Guide) ដែលត្រូវបានគ្រោងនឹងបញ្ចេញពេញលេញនៅក្នុងឆ្នាំ 2027។ ក្របខ័ណ្ឌការងារនេះ ណែនាំនូវលក្ខវិនិច្ឆ័យឯកសណ្ឋានសម្រាប់ការធ្វើតេស្តវិភាគកោសិកាអាគុយ, ការសម្រួលដល់ការដោះបំបែកកញ្ចប់អាគុយឱ្យកាន់តែងាយស្រួល និងការផលិតកោសិកាអាគុយឡើងវិញ។ ប៉ារ៉ាម៉ែត្របច្ចេកទេស នឹងកំណត់នូវសូចនាករវាយតម្លៃរចនាសម្ព័ន្ធសម្រាប់ទាំងរថយន្តអគ្គិសនីដឹកអ្នកដំណើរ និងយានយន្តពាណិជ្ជកម្មភស្តុភារធុនធ្ងន់។
ស្តង់ដាររចនាបច្ចេកទេស
សម្ព័ន្ធភាពនេះ ផ្តោតលើការបន្តពង្រីកការអនុវត្តស្តង់ដារ តាមរយៈការវាយតម្លៃលើប្រវត្តិនៃការដំណើរការរបស់កោសិកាអាគុយ, អត្រានៃការសឹកហរិក និងប៉ារ៉ាម៉ែត្រសុខភាពដែលនៅសេសសល់។ តាមរយៈការបង្កើតច្បាប់វដ្តជីវិតដែលមានឯកសណ្ឋានរួម ក្រុមហ៊ុនផលិតរថយន្ត និងប្រតិបត្តិករក្រុមយានយន្ត អាចគណនាតម្លៃទ្រព្យសកម្មបានយ៉ាងត្រឹមត្រូវ និងគ្រប់គ្រងហានិភ័យនៃការដាក់ពង្រាយហិរញ្ញវត្ថុ។ មូលនិធិ Ellen MacArthur Foundation ទទួលបន្ទុកសម្របសម្រួលកិច្ចសហការឆ្លងឧស្សាហកម្មនេះ ដើម្បីតម្រង់ទិសដៅយុទ្ធសាស្ត្រសាជីវកម្ម ឱ្យស្របទៅនឹងគោលដៅកាត់បន្ថយការបំភាយកាបូន។
ការកែច្នៃឡើងវិញបែបវដ្តបិទជិត (Closed-loop recycling)
ការបំភាយឧស្ម័នចេញពីខ្សែសង្វាក់តម្លៃ ក្នុងការធ្វើអាជីវកម្មរ៉ែ និងការកែច្នៃវត្ថុធាតុដើមដំបូង នៅតែមានកម្រិតខ្ពស់ជាង 5 ដង បើធៀបនឹងការបំភាយឧស្ម័នចេញពីប្រតិបត្តិការស្នូលរបស់រោងចក្រផ្ទាល់។ ដើម្បីដោះស្រាយបញ្ហាកកស្ទះនេះ ក្រុមហ៊ុនផលិតបានប្រើប្រាស់គ្រឿងបង្គំកែច្នៃឡើងវិញ ដែលជួយកាត់បន្ថយកម្រិតកាបូននៃសម្ភារៈបាន 32%។ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ Brunp បានដំណើរការកែច្នៃកាកសំណល់អាគុយចំនួន 210,000 តោន ក្នុងឆ្នាំ 2025 ដោយអាចស្រង់យកសារធាតុរ៉ែស្នូលត្រឡប់មកវិញបានរហូតដល់ 99.6%។
ការពង្រីកប្រព័ន្ធផ្លាស់ប្តូរអាគុយនៅអឺរ៉ុប
ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅក្រៅប្រទេស ក្រុមហ៊ុនបានចាប់ដៃគូជាមួយ Octopus Energy ដើម្បីបង្កើតបណ្តាញយានយន្តពាណិជ្ជកម្មនៅអឺរ៉ុប។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងបន្ទាប់ពីការបង្ហើបឱ្យឃើញដំបូងៗអំពីប្រព័ន្ធផ្លាស់ប្តូរអាគុយសម្រាប់រថយន្តដឹកទំនិញធុនធ្ងន់ (heavy truck battery swap system) នៅក្នុងតំបន់អឺរ៉ុប។ គម្រោងថ្មីនេះ បានប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មដែលត្រូវបានផ្ទៀងផ្ទាត់នៅលើច្រករបៀងផ្លាស់ប្តូរអាគុយធុនធ្ងន់ប្រវែង 1,250 គីឡូម៉ែត្រ ដែលត្រូវបានដាក់ពង្រាយនៅក្នុងផ្លូវដឹកជញ្ជូនក្នុងស្រុកកាលពីឆ្នាំមុន។
ការតាមដានប្រតិបត្តិការបង្ហាញថា គម្រោងប្រសិទ្ធភាពចំនួន 1,000 គម្រោង បានជួយកាត់បន្ថយកម្រិតនៃការបំភាយឧស្ម័នពីប្រតិបត្តិការស្នូលរបស់រោងចក្របាន 77% ចាប់តាំងពីឆ្នាំ 2022 មក។ ការសម្អាតខ្សែសង្វាក់ផលិតកម្មនេះ បានជួយឱ្យក្រុមហ៊ុនសម្រេចបាននូវអព្យាក្រឹតភាពកាបូនក្នុងប្រតិបត្តិការស្នូល (core operational carbon neutrality) នៅគ្រប់បណ្តាញរោងចក្រផលិតអាគុយទាំងអស់របស់ខ្លួន កាលពីឆ្នាំមុន។ ការកាត់បន្ថយការបំភាយឧស្ម័នជាស្តង់ដារនេះ ធានាថានូវការនាំចេញកោសិកាអាគុយទៅកាន់ឆាកអន្តរជាតិនាពេលអនាគត នឹងរក្សាបាននូវភាពស្របគ្នានៃរចនាសម្ព័ន្ធទាំងស្រុង ជាមួយបទបញ្ជាបរិស្ថានរបស់លោកខាងលិចដែលជិតចូលជាធរមាន៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
