Admin, 06 February 2026

              យោងតាមរបាយការណ៍ថ្មីៗនេះ ក្រុមហ៊ុន CATL បានចាប់ផ្តើមដាក់ពង្រាយ អាគុយប្រភេទ សូដ្យូម-អាយអន (Sodium-ion batteries) របស់ខ្លួននៅក្នុងរថយន្តទេសចរណ៍ បន្ទាប់ពីការ ប្រើប្រាស់ដំបូងលើរថយន្តពាណិជ្ជកម្ម។

សារព័ត៌មានក្នុងស្រុក Cailian បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយយោងតាមប្រភព ឯករាជ្យជាច្រើនថា ផលិតផលអាគុយសូដ្យូមក្រោមម៉ាក Naxtra របស់ក្រុមហ៊ុនយក្សផ្នែក អាគុយមួយនេះ ត្រូវបានដំឡើងរួចរាល់នៅក្នុងម៉ូដែលរថយន្តទេសចរណ៍មួយរបស់ម៉ាក Oshan (ម៉ាកទី2 របស់ក្រុមហ៊ុន Changan Automobile) ហើយការធ្វើតេស្តក្នុងលក្ខខណ្ឌ. អាកាសធាតុត្រជាក់ខ្លាំងជិតនឹងចាប់ផ្តើម។


តាមរបាយការណ៍ដដែលបានបន្ថែមថា ជាបន្តបន្ទាប់ ម៉ូដែលរថយន្តប្រទេសទេសចរណ៍ពី​ក្រុមហ៊ុន GAC Group និងក្រុមហ៊ុន JAC ក៏នឹងបំពាក់នូវអាគុយប្រភេទសូដ្យូមរបស់ CATL នេះផងដែរ។ CATL បានបង្ហាញអាគុយសូដ្យូម-អាយអន ជំនាន់ទីមួយរបស់ខ្លួនកាល​ពីខែកក្កដា ឆ្នាំ 2021 ចំពេលដែលតម្លៃលីចូមកាបូណាតមានការកើនឡើងខ្លាំង ដែលធ្វើឱ្យ បច្ចេកវិទ្យាអាគុយថ្មីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

កាលពីខែមេសា ឆ្នាំ 2025 CATL បានសម្ពោធម៉ាកអាគុយសូដ្យូម Naxtra នៅក្នុងព្រឹត្តិការណ៍ Tech Day របស់ខ្លួន ដើម្បីចាប់ផ្ដើមស្វែងរកជម្រើសថ្មីជំនួសឱ្យអាគុយលីចូម។ CATL បានបញ្ជាក់នាពេលនោះថា អាគុយសូដ្យូម Naxtra សម្រាប់រថយន្តប្រភេទទេសចរណ៍ មានដង់ស៊ីតេថាមពលរហូតដល់ 175 Wh/kg ដែលនាំមុខគេក្នុងចំណោម អាគុយសូដ្យូម ទូទាំងពិភពលោក និងមានសមត្ថភាពប្រហាក់ប្រហែលនឹងអាគុយប្រភេទ LFP ដែរ។

កាលពីសប្តាហ៍មុន CATL ក៏បានណែនាំអាគុយស្រឡាយ Tectrans II សម្រាប់រថយន្ត ពាណិជ្ជកម្មធុនស្រាល ដែលក្នុងនោះរួមមានអាគុយសូដ្យូមទំហំ 45គីឡូវ៉ាត់ម៉ោង ដែលជាអាគុយសូដ្យូមដំបូងគេបង្អស់រចនាឡើងសម្រាប់រថយន្តផ្នែកនេះ។ CATL បានអះអាង​បន្តទៀតថា កញ្ចប់អាគុយនេះនៅតែអាចដោតសាកថ្មបានក្នុង​បរិស្ថានត្រជាក់​ខ្លាំងរហូត​ដល់​ដក -30 អង្សាសេ ហើយនៅសីតុណ្ហភាពដក -40 អង្សាសេ អាគុយនៅតែអាចរក្សាសមត្ថភាព​ប្រើប្រាស់បានរហូតដល់ 90%។


លោក Gao Huan ប្រធានផ្នែកបច្ចេកវិទ្យារបស់ CATL បានលើកឡើងក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃទី 22 ខែមករា ថា ក្រុមហ៊ុនរំពឹងថានឹងពង្រីកការប្រើប្រាស់អាគុយសូដ្យូមទៅកាន់ រថយន្តប្រភេទទេសចរណ៍(Passenger)នៅក្នុងត្រីមាសទីពីរ ដោយម៉ូដែលដំបូងគេដែល ប្រើបច្ចេកវិទ្យានេះគឺមកពីម៉ាក GAC Aion។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ ចុងក្រោយនៅថ្ងៃនេះ មានលក្ខណៈខុសប្លែកបន្តិចពីសេចក្តីថ្លែងការណ៍មុននេះ (ដោយសារមានការដំឡើងលើម៉ាក Oshan រួចរាល់)។

លោក Gao ក៏បានកត់សម្គាល់ផងដែរថា នៅពេលដែលសមត្ថភាពផលិតមានការរីកចម្រើន អាគុយប្រភេទសូដ្យូមនឹងត្រូវពង្រីកការប្រើប្រាស់ជាលំដាប់ ទាំងលើរថយន្តទេសចរណ៍, រថយន្តពាណិជ្ជកម្ម, ប្រព័ន្ធផ្ទុកថាមពល និងសូម្បីតែសំណង់គ្រឿងចក្រជាដើម៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)