Admin, 04 November 2026
វាប្រហែលជាមើលទៅមិនដូចម៉ូតូគំរូ (concept) ណាមួយដែលធ្លាប់មានពីមុនមកនោះទេ ប៉ុន្តែសូមកុំចាញ់បោកវាឱ្យសោះ ម៉ូតូ Cellcius C-01 E-Hypersport មួយគ្រឿងនេះ មិនមែនបង្កើតឡើងគ្រាន់តែសម្រាប់ដាក់បង្ហាញលេងនោះឡើយ អ្វីដែលធ្វើឱ្យ Cellcius C-01 ខុសប្លែកពីម៉ូតូអគ្គិសនីគំរូដទៃទៀតដែលធ្លាប់មានកន្លងមក គឺរចនាសម្ព័ន្ធអាគុយរបស់វា ដែលមានអាគុយអាចផ្លាស់ប្តូរបានរហូតចំនួន 8 គ្រាប់ (eight swappable cells)។ គ្រាប់អាគុយទាំងនេះ គឺជាឧបករណ៍ភ្ចាប់ចំនួន 8 ដែលអ្នកអាចមើលឃើញនៅសងខាងនៃតួខ្លួនចម្បងរបស់ម៉ូតូ។
ក្រុមហ៊ុន Clandestine Design Group ដែលជាអ្នកច្នៃប្រឌិតនៅពីក្រោយម៉ូតូគំរូ E-Hypersport នេះ មិនទាន់បានបញ្ជាក់ថា តើម៉ូតូនីនឹងត្រូវ បានផលិតសម្រាប់លក់លើទីផ្សារ ឬតម្លៃរបស់ម៉ូតូនឹងមានតម្លៃដល់កម្រិតណានៅឡើយទេ។
រចនាសម្ព័ន្ធអាគុយ និងទម្ងន់
ជំនួសឱ្យការប្រើប្រាស់កញ្ចប់អាគុយទោលមួយដូចម៉ូតូអគ្គិសនីទូទៅ គ្រាប់អាគុយទាំងនេះតំណាងឱ្យវិធីសាស្ត្រដ៏ប្លែក និងពិសេសជាងមុន។ គ្រាប់អាគុយនីមួយៗផលិតថាមពលបាន 3 kWh ដែលផ្តល់ឱ្យម៉ូតូទាំងមូលនូវថាមពលសរុប 24 kWh ខណៈដែលគំនិតនៅពីក្រោយការរចនានេះ គឺដើម្បីអនុញ្ញាតឱ្យអ្នកជិះមានជម្រើសក្នុងការជ្រើសរើសចំនួនគ្រាប់អាគុយដែលត្រូវយកតាមខ្លួនពេលបើកបរ។
ដូច្នេះ ការប្រើប្រាស់គ្រាប់អាគុយកាន់តែច្រើន នឹងផ្តល់នូវកម្លាំង និងសមត្ថភាពបើកបរកាន់តែខ្លាំង នេះបើយោងតាមរបាយការណ៍ ទម្ងន់សរុបនៃម៉ូតូនៅពេលបំពាក់គ្រាប់អាគុយទាំង 8 គ្រាប់វាមានទំងន់សរុប 220 គីឡូក្រាម។
ទ្រឹស្តីមួយទៀតនៅពីក្រោយម៉ូតូគំរូនេះ គឺធ្វើឱ្យម៉ូតូមានទម្ងន់ស្រាលជាងមុន ធៀបនឹងការប្រើប្រាស់កញ្ចប់អាគុយទោលបែបប្រពៃណីដែលបន្ថែមទម្ងន់ធ្ងន់ ទោះបីជាអាគុយទោលធំទម្លាប់ផ្តល់ចម្ងាយបើកបរបានឆ្ងាយជាងនេះយ៉ាងណាក៏ដោយ។
ភាពងាយស្រួលក្នុងការសាកថ្ម
ម៉ូតូគំរូថ្មីនេះ ត្រូវបានរចនាឡើងសម្រាប់អតិថិជនដែលមានព្រីសាកភ្លើងបានងាយស្រួលចេញពីផ្ទះ ដោយសារប្រព័ន្ធសាកថ្មរបស់វាមិនតម្រូវឱ្យមានស្ថានីយ ឬយានដ្ឋានសាកថ្មនោះទេ។ អ្នកដែលជួលអាផាតមិនរស់នៅ អាចសាកគ្រាប់អាគុយនីមួយៗចេញពីព្រីភ្លើងជាប់ជញ្ជាំងធម្មតាបានយ៉ាងងាយស្រួល ខណៈពេលដែលថែមទាំងអាចដាក់ពួកវានៅក្នុងកាតាបស្ពាយខ្នង ទៅកាន់ទីកន្លែងផ្សេងៗដូចជាហាងកាហ្វេជាដើម។
ទោះបីជាវានៅតែស្ថិតនៅក្នុងដែនដីនៃម៉ូតូគំរូ (concept) នៅក្នុងដំណាក់កាលនេះក៏ដោយ Cellcius C-01 បានឈ្នះពានរង្វាន់ធំមួយរួចជាស្រេចទៅហើយ ដោយទទួលបានពានរង្វាន់ 2026 Australian Good Design Award នៅក្នុងផ្នែក Concept Design។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
