Admin, 11 April 2026
នៅដើមខែមីនា យើងបានឃើញតម្រុយខ្លះៗនៃម៉ូដែល 500SR ដែលជាម៉ូតូស្ព័រម៉ាស៊ីន 4 ស៊ីឡាំងថ្មីរបស់ក្រុមហ៊ុន CFMoto នៅពេលវាត្រូវបានចុះបញ្ជីប្រភេទក្នុងប្រទេសចិន ប៉ុន្តែពេលនេះវាត្រូវបានដាក់សម្ពោធជាផ្លូវការនៅក្នុងព្រឹត្តិការណ៍មួយនាទីលានប្រណាំងអន្តរជាតិ Chengdu Tianfu។ ក្រៅពីលក្ខណៈបច្ចេកទេស CFMoto ក៏បានបញ្ចេញតម្លៃលក់រាយ (MSRP) ដែលធ្វើឱ្យគូប្រជែងរបស់ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំង។
ទោះបីជាមិនទាន់មានព័ត៌មានអំពីការនាំចេញក៏ដោយ ប៉ុន្តែវាគឺជាគូប្រជែងដ៏ស័ក្តិសមសម្រាប់ Kawasaki Ninja ZX-4R និង Honda CBR500R Four ថ្មី ដែលទើបតែសម្ពោធមុន CFMoto តែមួយថ្ងៃប៉ុណ្ណោះ។ ខណៈដែល Honda (ផលិតក្នុងប្រទេសចិនដែរ) មានតម្លៃប្រហែល 6,500 ដុល្លារ នៅក្នុងប្រទេសនោះ ប៉ុន្តែ CFMoto មានតម្លៃត្រឹមតែប្រហែល 4,200 ដុល្លារ ប៉ុណ្ណោះ។ តើវាមានចំណុចខ្វះខាតអ្វីខ្លះសម្រាប់តម្លៃដ៏ធូរថ្លៃនេះ? បើពិនិត្យមើលទៅ គឺមិនមានអ្វីច្រើនឡើយ។ CFMoto ទាំងស្រាលជាង និងខ្លាំងជាង Honda ទៅទៀត ទោះបីជា Honda មានបំពាក់ប្រព័ន្ធ E-Clutch ជំនាន់ថ្មី និងប្រព័ន្ធ throttle-by-wire ក៏ដោយ។
សមត្ថភាពម៉ាស៊ីន និងកម្លាំង
បេះដូងនៃ CFMoto 500SR គឺជាម៉ាស៊ីន 4 ស៊ីឡាំង ចំណុះ 500cc ដែលធ្លាប់បានបង្ហាញខ្លួនលើកដំបូងជាមួយម៉ូដែលបែបរ៉េត្រូ 500SR Voom កាលពីឆ្នាំមុន ប៉ុន្តែត្រូវបានអាប់ដេតថ្មីនូវដើមរ៉ឺស័រ (Camshafts) និងដងចង្កឹះលេខឱ្យកាន់តែប្រសើរ។
- កម្លាំងសេះ: ផលិតបាន 78 សេះ នៅកម្រិត 12,500 ជុំក្នុងមួយនាទី (ខ្លាំងជាង CBR ចំនួន 7 សេះ)។ នៅពេលជិះក្នុងល្បឿនលឿន ប្រព័ន្ធខ្យល់បក់សម្រុក (Ram-air) អាចជួយបង្កើនកម្លាំងដល់ទៅ 82 សេះ។
- កម្លាំងបង្វិល: ផលិតបាន 48N.m នៅកម្រិត 11,000 ជុំក្នុងមួយនាទី (ទាបជាង CBR បន្តិច ដោយសារចម្ងាយរត់ពីស្តុងខ្លីជាង)។
- ប្រព័ន្ធបញ្ជា: ប្រើប្រាស់ប្រព័ន្ធបាញ់សាំង Bosch ជាមួយខ្សែហ្គែរមេកានិចបែបបុរាណ (មិនមែនអគ្គិសនី) ដូច្នេះវាមិនមានរបៀបបើកបរ (Ride modes) ច្រើនដូចម៉ូតូទំនើបដទៃទៀតទេ ប៉ុន្តែវាមានប្រព័ន្ធ Traction Control ពីរកម្រិត និងប្រព័ន្ធ Quickshifter (សម្រាប់តែឡើងលេខ)។
គ្រឿងបង្គុំ និងគ្រោងឆ្អឹង
ម៉ាស៊ីនត្រូវបានភ្ជាប់ទៅនឹងគ្រោងឆ្អឹងដែកថែប (Chromoly steel trellis frame) និងប្រើគ្រោងឆ្អឹងរង (Subframe) អាលុយមីញ៉ូម។ គ្រឿងបង្គុំផ្សេងៗរួមមាន៖
- ប្រព័ន្ធបូម: បូមមុខប្រភេទបញ្ច្រាស (Inverted fork) ទំហំ 41 មីលីម៉ែត្រ អាចសារ៉េបាន 30 កម្រិត ចំណែកបូមក្រោយអាចសារ៉េបាន 16 កម្រិត។
- ប្រព័ន្ធហ្វ្រាំង: ប្រើកាលីព័រ Nissin 4 ពីស្តុង ជាមួយថាសហ្វ្រាំងឌុប 300 មីលីម៉ែត្រនៅខាងមុខ និងថាសទោល 220 មីលីម៉ែត្រនៅខាងក្រោយ។
- សុវត្ថិភាព: បំពាក់ប្រព័ន្ធ Continental ABS ជាស្តង់ដារ (អាចបិទ ABS ក្រោយបាន) និងមានបំពាក់ដងទប់លំនឹងដៃចង្កូត (Steering damper) ដែលអាចសារ៉េបាន 24 កម្រិត។
ទីផ្សារអនាគត
ដំបូងឡើយ CFMoto ផ្តល់អាទិភាពដល់ទីផ្សារក្នុងស្រុករបស់ខ្លួនគឺប្រទេសចិន ដែលជាកន្លែងមានតម្រូវការខ្ពស់លើម៉ូតូស្ព័រ 4 ស៊ីឡាំងខ្នាតតូច ប៉ុន្តែការនាំចេញអាចនឹងកើតមានក្នុងពេលអនាគត។ ប្រសិនបើមានតម្រូវការក្នុងទីផ្សារសកល CFMoto ច្បាស់ជាមិនរំលងឱកាសនេះឡើយ។ ទោះបីជាតម្លៃអាចនឹងខ្ពស់ជាងមុននៅពេលនាំចេញទៅអាមេរិក ដោយសារពន្ធ និងបទបញ្ញត្តិបំភាយឧស្ម័ន ប៉ុន្តែវត្តមានរបស់ Kawasaki Ninja ZX-4R បានបង្ហាញឱ្យឃើញថា ទីផ្សារម៉ូតូ 4 ស៊ីឡាំងខ្នាតតូចនៅតែមានសក្តានុពល៕
ប្រភព៖ United State
ប្រែសំរួល៖ AC Motors
