Admin, 08 April 2026

       ត្រឹមតែរយៈពេលពីរឆ្នាំប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន CFMoto បានឈានជើងចូលក្នុងទីផ្សារម៉ូតូប្រភេទ Cruiser លើកដំបូងជាមួយម៉ូដែល 450CL-C ប៉ុន្តែពេលនេះគូប្រជែងរបស់ Honda Rebel មួយនេះ ជិតទទួលបានការរចនារូបរាងថ្មីយ៉ាងស៊ីជម្រៅ និងការបង្កើនសមត្ថភាពម៉ាស៊ីនឱ្យកាន់តែខ្លាំង តាមរយៈការដំឡើងទំហំម៉ាស៊ីនពីរស៊ីឡាំងជួរ (Parallel-twin) របស់វា។

ទោះបីជាមិនទាន់មានការប្រកាសជាផ្លូវការក៏ដោយ ប៉ុន្តែម៉ូដែល 550CL-C ថ្មីនេះត្រូវបានលេចធ្លាយក្នុងឯកសារបញ្ជាក់ប្រភេទដែលបានចុះផ្សាយក្នុងប្រទេសចិន។ ឯកសារនោះរួមមានព័ត៌មានលម្អិតផ្នែកបច្ចេកទេស ក៏ដូចជារូបភាពម៉ូតូដែលមើលទៅហាក់ដូចជាផលិតរួចរាល់ 100% ជាមួយនឹងស្លាកសញ្ញា "550" នៅលើបន្ទះចំហៀងតួ។



ការបង្កើនកម្លាំងម៉ាស៊ីន និងសមត្ថភាព

ចំណុចសំខាន់បំផុតគឺការដំឡើងទំហំស៊ីឡាំងម៉ាស៊ីន។ កម្លាំងរបស់វាត្រូវបានបង្កើនពី 449ស៊ីស៊ី (លើម៉ូដែល 450CL-C បច្ចុប្បន្ន) ទៅដល់ 526 ស៊ីស៊ី តាមរយៈការពង្រីកមុខកាត់ពីស្តុង (Bore) បន្ថែម 2 មីលីម៉ែត្រ និងបង្កើនចម្ងាយរត់របស់ពីស្តុង (Stroke) ចំនួន 6 មីលីម៉ែត្រ។

ការផ្លាស់ប្តូរនេះនាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់៖

  • កម្លាំងសេះ: កើនឡើងពី 40 សេះ ទៅដល់ 52.3 សេះ (កើនឡើង 30%)។
  • កម្លាំងបង្វិល: ត្រូវបានរំពឹងថានឹងកើនឡើងពី 40N.m ទៅប្រហែល 47 N.m
  • ល្បឿនអតិបរមា: កើនឡើងពី 153 គីឡូម៉ែត្រក្នុងមួយម៉ោង ទៅដល់ 165 គីឡូម៉ែត្រក្នុងមួយម៉ោង ។
  • ទម្ងន់: កើនឡើងពី 181 គីឡូក្រាម ដល់ 195 គីឡូក្រាម ។


 ការកែសម្រួលរូបរាង និងគ្រឿងបង្គុំ

ទោះបីជាគ្រោងឆ្អឹងដែក Trellis, បូមមុខ, កង់, ហ្វ្រាំង និងកុងទ័រ TFT រាងមូល មើលទៅដូចជាខ្ចីពីម៉ូដែល 450 មកក៏ដោយ ប៉ុន្តែផ្នែកជាច្រើនត្រូវបានកែសម្រួល៖

  • ដៃយោល (Swingarm): ប្តូរពីដែកថែបមកប្រើអាលុយមីញ៉ូមដែលមានប្រវែងវែងជាងមុន ដែលធ្វើឱ្យចម្ងាយចន្លោះកង់មុខ-ក្រោយ (Wheelbase) កើនឡើងដល់ 1518.92mm
  • រចនាបថថ្មី: ភ្លើងមុខ និងស៊ីញ៉ូថ្មី រួមជាមួយធុងសាំងរាងថ្មីដែលមានទ្រនាប់ជង្គង់ (Knee pads)។ កៅអី និងកន្ទុយក្រោយក៏ត្រូវបានរចនាថ្មីទាំងស្រុងផងដែរ។
  • ផាសុកភាព: ដៃចង្កូតថ្មីធ្វើឱ្យម៉ូតូមានទទឹងធំជាងមុន 2.4 អ៊ីញ និងខ្ពស់ជាងមុនបន្តិច។ ឈ្នាន់ជើងសម្រាប់អ្នកបើកបរ និងអ្នករួមដំណើរត្រូវបានរចនាថ្មី ដោយប្រើជើងទម្រអាលុយមីញ៉ូមសិត។


ទីផ្សារ និងជម្រើសលេខ

ដូចម៉ូដែលមុនដែរ ម៉ូតូនេះប្រើប្រាស់ប្រព័ន្ធបញ្ជូនចលនាដោយខ្សែពាន (Belt-driven)។ សម្រាប់កំណែដែលបានបង្ហាញនេះ គឺប្រើប្រាស់ប្រអប់លេខដៃធម្មតា ប៉ុន្តែគេរំពឹងថា CFMoto នឹងផ្តល់ជម្រើសលេខពាក់កណ្តាលស្វ័យប្រវត្តិ (Semi-automatic) ដែលប្រើប៊ូតុងចុចលើដៃចង្កូត ដូចដែលមានលក់ក្នុងប្រទេសចិននាពេលបច្ចុប្បន្ន។

ដោយសារម៉ូដែល 450CL-C កំពុងមានលក់នៅលើទីផ្សារ និងមានតម្លៃទាបជាងគូប្រជែងដូចជា Kawasaki Eliminator និង Honda Rebel 500 ស្រាប់ទៅហើយនោះ ម៉ូដែល 550CL-C ថ្មីនេះត្រូវបានគេរំពឹងថានឹងធ្វើបានកាន់តែល្អជាងមុន ជាមួយនឹងសមត្ថភាពម៉ាស៊ីនដែលខ្លាំងជាង និងគ្រឿងបំពាក់ដែលទំនើបជាង

ប្រភព៖ United State

ប្រែសំរួល៖ AC Motors