Admin, 21 October 2026
ក្រុមហ៊ុន CFMoto បានបញ្ជាក់ពីផែនការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ MotoGP នាពេលអនាគត ដោយបានព្រមានដល់ក្រុមហ៊ុនផលិតម៉ូតូរបស់ចិនផ្សេងទៀតដែលមានមហិច្ឆតាស្រដៀងគ្នានេះថា ការងាររៀបចំកំពុងតែដំណើរការយ៉ាងសកម្មដើម្បីប្រែក្លាយផែនការនេះឱ្យទៅជាការពិត។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពី CFMoto បានបើកបង្ហាញថា ខ្លួនកំពុងបង្កើតទីស្នាក់ការប្រកួតប្រជែងថ្មីមួយនៅក្នុងទីក្រុង Rimini ប្រទេសអ៊ីតាលី ដែលស្ថិតនៅក្នុងតំបន់ Emilia-Romagna ចម្ងាយផ្លូវជាងមួយម៉ោងបន្តិចពីទីក្រុង Bologna ដែលជាផ្ទះរបស់ Ducati។ ក្រុមហ៊ុន CFMoto ដែលបច្ចុប្បន្នកំពុងប្រកួតប្រជែងក្នុងវិស័យ Moto3 និង Moto2 ត្រូវ បានគេភ្ជាប់ទំនាក់ទំនងជាយូរមកហើយជាមួយនឹងថ្នាក់កំពូលនៃ Grand Prix។
ហើយពាក្យចចាមអារ៉ាមទាំងនោះលែងជាពាក្យចចាមអារ៉ាមទៀតហើយ បន្ទាប់ពីអ្នកស្រី Samantha Liu អគ្គនាយកនៃមជ្ឈមណ្ឌលគ្រប់គ្រងកីឡាយានយន្ត (Motorsports Management Centre) របស់ក្រុមហ៊ុន បានបញ្ជាក់ពីផែនការបង្កើតគម្រោង MotoGP។
ថាតើដំណើរការនេះនឹងចំណាយពេលយូរប៉ុណ្ណា គឺនៅមិនទាន់ច្បាស់លាស់នៅឡើយទេនៅក្នុងដំណាក់កាលនេះ ទោះបីជាអ្នកស្រី Liu បានគូសបញ្ជាក់ថា នាយកដ្ឋានបច្ចេកវិទ្យាប្រកួតប្រជែងថ្មីរបស់ CFMoto កត់សម្គាល់ពីជំហានដំបូងដើម្បីធ្វើឱ្យរឿងនេះកើតឡើងក៏ដោយ។
ថ្លែងទៅកាន់លោក Toad Hancocks និពន្ធនាយករបស់ Visordown អ្នកស្រី Liu បានមានប្រសាសន៍ថា៖
«មជ្ឈមណ្ឌលបច្ចេកវិទ្យាអ៊ីតាលីរបស់យើង ដែលបង្កើតឡើងជាពិសេសសម្រាប់ការប្រកួតប្រជែង គឺកំពុងដំណើរការហើយ។ យើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសង់រចនាសម្ព័ន្ធ ប្រមូលផ្តុំបុគ្គលិក ព្រមទាំងផ្លាស់ប្តូរចូលទៅក្នុងអគារថ្មី។ វាមិនមែនជាក្រុមការងារដាច់ដោយឡែកនោះទេ ពោលគឺវាស្ថិតនៅទន្ទឹមគ្នានឹងក្រុមការងាររចនាឧស្សាហកម្ម R&D បច្ចុប្បន្នរបស់យើងដែលស្ថិតនៅក្នុងតំបន់តែមួយ។ ដូច្នេះពួកគេកំពុងធ្វើការរួមគ្នា»។
«តើការបង្កើតនេះសម្រាប់តែ MotoGP ឬ? ចម្លើយគឺ ទេ វានឹងជួយយើងក្នុងវិស័យខុសៗគ្នាជាច្រើន ដូចដែលអ្នកអាចស្រមៃបាន។ យើងមានកម្មវិធីប្រកួតប្រជែងផ្សេងៗគ្នា ប៉ុន្តែពិតណាស់ នេះគឺជាថ្នាក់ដ៏ខ្ពស់មួយ។ វា នឹងជួយយើងក្នុងការកសាងការយល់ដឹង យល់អំពីបច្ចេកវិទ្យា ការធ្វើតេស្ត និងផ្សេងៗទៀត។ វា នឹងជាដំណើរដ៏វែងឆ្ងាយ ហើយយើងបានត្រៀមខ្លួនរួចជាស្រេចក្នុងការអត់ធ្មត់។ យើងគឺជា CFMoto ហើយយើងកំពុងធ្វើការតាមផ្លូវរបស់យើង។ យើងចង់ក្លាយជាម៉ាកយីហោមួយដែលមានអត្តសញ្ញាណជា CFMoto ហើយយើងផ្តោតលើរៀបចំយុទ្ធសាស្ត្ររបស់យើង»។
ការប្រកួតប្រជែង និងគម្រោង WorldSBK
ការចូលរួមក្នុង MotoGP ហាក់ដូចជាមិនអាចកើតឡើងក្នុងរយៈពេលខ្លីនោះទេ បន្ទាប់ពីក្រុមហ៊ុនផលិតទាំងប្រាំបច្ចុប្បន្ននៅក្នុងកីឡានេះ មានដូចជា Ducati, Aprilia, Honda, Yamaha និង KTM សុទ្ធតែបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីរហូតដល់ឆ្នាំ 2031 កាលពីដើមឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ តាមរយៈការចូលរួមក្នុង MotoGP នាពេលអនាគត CFMoto នឹងក្លាយជាក្រុមហ៊ុនចិនដំបូងគេដែលចូលរួមប្រកួតក្នុងស៊េរីនេះ លើកលែងតែក្រុមហ៊ុន ZXMoto ឈានទៅដល់ទីនោះមុន។
ចំណុចនេះមិនអាចមើលរំលងបានទេ ដោយសារ ZXMoto ដែលបច្ចុប្បន្នកំពុងបង្ហាញសមត្ថភាពយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ Supersport World Championship ក៏ត្រូវ បានគេគិតថាមានបំណងចង់ចូលរួមក្នុង MotoGP ផងដែរ។
ឆ្លើយតបទៅនឹងចំណាប់អារម្មណ៍លើ MotoGP របស់ ZXMoto និងសំនួរថា តើ CFMoto មានអារម្មណ៍ថាខ្លួនកំពុងស្ថិតក្នុងការប្រកួតប្រជែងដើម្បីទៅដល់ទីនោះមុនគេដែរឬទេ អ្នកស្រី Liu បាននិយាយថា៖ «យើងមានចង្វាក់ផលិតផ្ទាល់ខ្លួនដែលត្រូវដើរតាម។ ពិតណាស់ យើងបានតាមដានការប្រកួតប្រជែងយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែលើផ្នែកយុទ្ធសាស្ត្ររបស់យើងគឺច្បាស់លាស់ណាស់ ហើយយើងក៏មានផែនការផ្ទាល់ខ្លួនរបស់យើង»។
ក្រៅពី MotoGP ក្រុមហ៊ុន CFMoto ក៏មានពាក្យចចាមអារ៉ាមយ៉ាងខ្លាំងជុំវិញការបង្កើតគម្រោង WorldSBK ផងដែរ ដែលមានឱកាសពិតប្រាកដក្នុងការកើតឡើងនាពេលអនាគត។ បញ្ហានេះកាន់តែមានលទ្ធភាពខ្ពស់ ដោយសារម៉ូតូ V4 SR-RR កម្លាំង 212bhp ថ្មី ដែលបានបង្កើតកំណត់ត្រាល្បឿនលឿនបំផុតថ្មី សម្រាប់ម៉ូតូម៉ាស៊ីនចំហេះក្នុងរបស់ចិនកាលពីខែមិថុនា 315.7គីឡូម៉ែត្រ/ម៉ោង។
មិនមានការសង្ស័យអំពីសក្តានុពលរបស់ V4 SR-RR នោះទេ ទោះបីជានៅតែត្រូវរង់ចាំមើលថា តើនៅពេលណាដែលម៉ូតូនីអាចនឹងក្លាយជាម៉ូតូទម្រង់បែប WorldSBK ដំបូងគេបង្អស់របស់ម៉ាកយីហោនេះ។ មុនពេលរឿងនោះអាចកើតឡើង CFMoto និយាយថា ខ្លួនពេញចិត្តនឹងសមត្ថភាពរបស់ម៉ូតូនេះ ក្នុងនាមជាម៉ូតូស្របច្បាប់សម្រាប់ជិះលើផ្លូវសាធារណៈនាពេលអនាគត។
នៅពេលត្រូវបានសួរថា តើ V4 SR-RR ត្រូវបានគ្រោងទុកសម្រាប់ WorldSBK ដែរឬទេ អ្នកស្រី Liu បានបន្ថែមថា៖
«អឹម... ខ្ញុំត្រូវបានគេសួរជាច្រើនលើកច្រើនសារ ព្រោះអ្នកនៅក្នុងទីលានប្រកួត (paddock) បានប្រាប់ខ្ញុំថា ខ្ញុំនឹងចូលរួមប្រកួតក្នុងឆ្នាំ 2027 ហើយពួកគេក៏បានប្រាប់ខ្ញុំតាមរយៈពាក្យចចាមអារ៉ាមថា ខ្ញុំកំពុងរៀបចំគម្រោង MotoGP រួចហើយ។ ប៉ុន្តែនិយាយដោយស្មោះត្រង់ជាមួយអ្នក យើងពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងជាមួយនឹងសមត្ថភាពម៉ាស៊ីន V4 របស់យើងក្នុងនាមជាផលិតផលយានយន្តជិះលើផ្លូវ ហើយយើងកំពុងធ្វើតេស្ត និងធ្វើការលើវា។ ក្រុមការងារពិតជាកំពុងព្យាយាមបង្កើតម៉ូតូ V4 ដ៏ល្អបំផុតមួយនៅលើពិភពលោក ដូច្នេះសូមបន្តតាមដានយើង ហើយអ្នកនឹងទទួលបានចម្លើយនាពេលឆាប់ៗនេះ»។
Front view of the new CFMoto V4 SR-RR prototype
The CFMoto V4 SR-RR in a wind tunnel
CFMoto V4 SR-RR prototype riding on a circuit
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
