Admin, 19 June 2026

​​​​              រឿងរ៉ាវដ៏ពិសេសអស្ចារ្យមួយហាក់បីដូចជាកំពុងកើតមានឡើងនៅក្នុងប្រទេសចិន ដែលនឹងធ្វើឱ្យក្រុមហ៊ុនយក្សៗនៅប្រទេសជប៉ុន និងអឺរ៉ុបត្រូវងាកមកយកចិត្តទុកដាក់ ខណៈដែលក្រុមហ៊ុន CFMoto បានអះអាងថា ម៉ូតូម៉ូឌែល V4 SR-RR ថ្មីរបស់ខ្លួន បានរត់ដល់ល្បឿនអតិបរមារហូតដល់ 315.82 គីឡូម៉ែត្រ/ម៉ោង ។

នេះត្រូវបានគេនិយាយថា ជាកំណត់ត្រាថ្មីមួយសម្រាប់ម៉ូតូប្រើម៉ាស៊ីនចំហេះក្នុងរបស់ប្រទេសចិន ហើយវាមានកម្រិតល្បឿនកៀកគួរឱ្យភ្ញាក់ផ្អើលទៅនឹងអ្វីដែលម៉ូតូប្រណាំងកម្រិត MotoGP អាចធ្វើបាន។ កំណត់ត្រាល្បឿនលឿនបំផុតរបស់ MotoGP ត្រូវបានបំបែកនៅលើទីលាន Mugello កាលពីខែមុន នៅពេលដែលអ្នកប្រណាំងលោក Jorge Martin របស់ក្រុម Aprilia Racing ធ្វើបានល្បឿនអតិបរមា 368.6គីឡូម៉ែត្រ/ម៉ោង ។

ទោះជាយ៉ាងណាក៏ដោយ កំណត់ត្រាល្បឿនថ្មីរបស់ចិនពីម៉ូឌែល V4 SR-RR នេះ គឺទាបជាងតួលេខនោះត្រឹមតែ 51.49km/h ប៉ុណ្ណោះ។ យោងតាម CFMoto បានឱ្យដឹងថា ល្បឿនផ្លូវការ 316.39 គីឡូម៉ែត្រ /ម៉ោង នេះ ត្រូវបានផ្ទៀងផ្ទាត់ដោយប្រព័ន្ធ GPS យ៉ាងត្រឹមត្រូវ ដែលធ្វើឱ្យម៉ូតូនេះក្លាយជាគូប្រជែងផ្ទាល់ជាមួយ Ducati Panigale V4 S និង Aprilia RSV4 Factory

កម្លាំងម៉ាស៊ីន និងការប្រៀបធៀប ដំណើរការដោយម៉ាស៊ីនប្រភេទ V4 ទំហំ 997cc ម៉ូឌែលថ្មីនេះមានកម្លាំងទិន្នផលវាយតម្លៃប្រហែល 209 bhp ដែលវាមានសមត្ថភាពប្រហាក់ប្រហែលទៅនឹងកម្លាំងរបស់ Panigale V4 S (213 bhp) និង RSV4 Factory (216 bhp) ដែរ បើទោះបីជាម៉ូតូ Aprilia សម្រេចបានកម្លាំងនោះតាមរយៈម៉ាស៊ីនដែលមានទំហំធំជាងគឺ 1,100cc ក៏ដោយ។

ម៉ូឌែល V4 SR-RR ត្រូវបានបើកបង្ហាញជាម៉ូតូគំរូ (concept model) ដោយ CFMoto នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ EICMA ឆ្នាំ 2025 នៅទីក្រុង Milan ប្រទេសអ៊ីតាលី។ ចាប់តាំងពីពេលនោះមក វាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមើលទៅហាក់ដូចជាត្រូវបានកំណត់វាសនាសម្រាប់ឆ្ពោះទៅរកការប្រកួតប្រជែងល្បឿននាពេលអនាគត។ ការចូលរួមក្នុងព្រឹត្តិការណ៍ WorldSBK អាចជាជម្រើសមួយ នៅពេលដែលក្រុមហ៊ុនចិនមួយនេះចាប់ផ្តើមផលិតម៉ូឌែល V4 SR-RR នេះចេញលក់ពិតប្រាកដ។

តើល្បឿន 316.39  គីឡូម៉ែត្រ /ម៉ោង ខ្លាំងកម្រិតណា? ការរត់ដល់ល្បឿននោះមានន័យថា ម៉ូតូអាចធ្វើដំណើរបានចម្ងាយរហូតដល់ទៅ 87.7ម៉ែត្រក្នុងមួយវិនាទី។ ប្រសិនបើជិះក្នុងល្បឿនមធ្យម 316.39​ គីឡូម៉ែត្រ /ម៉ោង ពេញមួយជុំនៃទីលាន Silverstone នោះមានន័យថា ការជិះកាត់ខ្សែផ្លូវប្រវែង 5.79​ គីឡូម៉ែត្រនឹងចំណាយពេលត្រឹមតែ 67 វិនាទីប៉ុណ្ណោះ។

ពិតណាស់ ការជិះជុំវិញទីលានប្រណាំងណាមួយក្នុងល្បឿនលឿនបំផុតពេញមួយជុំ គឺជាកិច្ចការដែលមិនអាចទៅរួចឡើយ ប៉ុន្តែតួលេខនេះនៅតែជួយឱ្យអ្នកស្រមៃដឹងថាវាពិតជាលឿនកម្រិតណា។ នៅក្នុងល្បឿនអតិបរមា ម៉ូឌែល V4 SR-RR អាចរត់បានចម្ងាយ ប្រហែល 1.6គីឡូម៉ែត្រ ដោយចំណាយពេលត្រឹមតែ 18 វិនាទី ប៉ុណ្ណោះ។

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀតនោះគឺ V4 SR-RR ក៏មានល្បឿនលឿនជាងរថភ្លើងល្បឿនលឿន Eurostar ផងដែរ ដែលរថភ្លើងនោះអាចរត់បានល្បឿនអតិបរមាត្រឹមតែ 300គីឡូម៉ែត្រ/ម៉ោងប៉ុណ្ណោះ។


ប្រភព៖ United State

ប្រែសំរួល៖ AC Motors