Admin, 29 May 2026
ក្រុមហ៊ុន Changan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់ (FPF) កាលពីថ្ងៃសុក្រ ដោយបានក្លាយជាដៃគូសកលផ្លូវការរបស់ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ខណៈដែលក្រុមហ៊ុនផលិតរថយន្តចិនមួយនេះ កំពុងបង្កើនល្បឿននៃការឈានជើងចូលទៅក្នុងទីផ្សារអឺរ៉ុប និងទីផ្សារសកលក្នុងរយៈពេលវែង។
លោក Mi Mengdong អនុប្រធានក្រុមហ៊ុន Changan Automobile បានមានប្រសាសន៍ថា៖ «នៅក្នុងកីឡាបាល់ទាត់ ការរក្សាខ្លួនឱ្យស្ថិត 'នៅក្នុងហ្គេម' មានន័យថាជាការប្ដេជ្ញាចិត្តទាំងស្រុង ទៅលើរាល់ការដណ្តើមបាល់ រាល់វិនាទីនៃការផ្ដោតអារម្មណ៍ និងរាល់ការបញ្ជូនបាល់យ៉ាងច្បាស់លាស់»។
លោក Mi បានបន្ថែមទៀតថា៖ «សម្រាប់ Changan វាមានន័យថាជាការវិនិយោគជាបន្តបន្ទាប់ ការច្នៃប្រឌិតឥតឈប់ឈរ និងការឈរយ៉ាងរឹងមាំជាមួយអ្នកប្រើប្រាស់របស់យើង។ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានចំណាយពេលមួយសតវត្សដើម្បីកំណត់ពីភាពធន់រឹងមាំ។ ចំណែកឯ Changan បានចំណាយពេល 45 ឆ្នាំដើម្បីបង្ហាញពីអំណាចនៃចក្ខុវិស័យវែងឆ្ងាយ (long-termism)។ នេះមិនមែនគ្រាន់តែជាការឧបត្ថម្ភនោះទេ ប៉ុន្តែវាគឺជាការស៊ីសង្វាក់គ្នាដ៏ពិតប្រាកដមួយ»។
នៅក្នុងព្រឹត្តិការណ៍នោះ ក្រុមហ៊ុន Changan បានប្រគល់រថយន្ត SUV ប្រភេទ Plug-in Hybrid ម៉ូដែល Deepal S05 មួយគ្រឿង ជូនដល់ថ្នាក់ដឹកនាំនៃសហព័ន្ធ FPF ផងដែរ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនផលិតរថយន្តក៏បានចាប់ផ្តើមកម្មវិធីបើកបរសាកល្បងចម្ងាយ 1,000 គីឡូម៉ែត្រកាត់តំបន់អឺរ៉ុប។ ផ្លូវបើកបរនឹងលាតសន្ធឹងចាប់ពីទីក្រុងលីសបោន (Lisbon) ទៅកាន់ទីក្រុងម៉ាឌ្រីដ (Madrid) រហូតដល់ទីក្រុងទូរីន (Turin) ដើម្បីបង្ហាញពីសមត្ថភាពនៃបច្ចេកវិទ្យា PHEV របស់ Changan តាមរយៈការសាកល្បងលើផ្លូវថ្នល់ និងលក្ខខណ្ឌអាកាសធាតុជាក់ស្តែងខុសៗគ្នា។
តំណាងផ្នែកពាណិជ្ជកម្មរបស់សហព័ន្ធ FPF បានថ្លែងថា៖ «ភាពជាដៃគូជាមួយ Changan Automobile នេះ ឆ្លុះបញ្ចាំងពីការកើនឡើងនូវឥទ្ធិពលអន្តរជាតិនៃវិស័យបាល់ទាត់ព័រទុយហ្គាល់ និងតម្លៃដែលកំណត់អត្តសញ្ញាណសហព័ន្ធរបស់យើង រួមមាន៖ មហិច្ឆតា ការច្នៃប្រឌិត ភាពធន់ និងឧត្តមភាព។ យើងមានមោទនភាពក្នុងការរួមរក្សកម្លាំងជាមួយម៉ាកយីហោសកល ដែលមានចក្ខុវិស័យវែងឆ្ងាយដូចគ្នា និងមានការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងនៅលើទីលាន និងក្រៅទីលានប្រកួត»។
តំបន់អឺរ៉ុបដើរតួជាទីផ្សារយុទ្ធសាស្ត្រស្នូលក្រោមផែនការ "Vast Ocean Plan" របស់ Changan សម្រាប់ការវាយលុកទីផ្សារសកល។
ភាពជាដៃគូជាមួយ FPF នេះ នឹងជួយគាំទ្រដល់ការកែច្នៃផលិតផលឱ្យស្របតាមមូលដ្ឋានជាក់ស្តែង ការជ្រាបចូលនៃម៉ាកយីហោ និងប្រតិបត្តិការទីផ្សារនៅទូទាំងអឺរ៉ុប ដែលនឹងជួយលើកកម្ពស់ឥទ្ធិពលសកលរបស់ម៉ាកយីហោនេះបន្ថែមទៀត។
Changan នឹងទាញយកផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះ ដើម្បីផ្សព្វផ្សាយរថយន្តថាមពលថ្មីដ៏ទំនើបរបស់ខ្លួននៅក្នុងទីផ្សារអឺរ៉ុប ដែលរួមមាន ស៊េរី Nevo Q05, រថយន្ត SUV ម៉ូដែល Deepal S05 និង S07 ព្រមទាំងម៉ូដែលឈានមុខគេនៃម៉ាករថយន្តអគ្គិសនីឆ្លាតវៃលំដាប់ខ្ពស់ Avatr គឺរថយន្ត SUV ប្រណីត Avatr 11 និងរថយន្តប្រភេទ Coupe បួនទ្វារ Avatr 12 ផងដែរ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
