Admin, 17 October 2026

           ក្រុមហ៊ុនផលិតរថយន្តចិន Changan បានប្រកាសជាផ្លូវការនូវផែនការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ជាមួយក្រុមហ៊ុនអាគុយយក្ស CATL។ ក្រុមហ៊ុនទាំងពីរបានប្តេជ្ញាចិត្តក្នុងការពង្រីកសមត្ថភាពផលិតអាគុយរួមគ្នាឱ្យដល់ 75 GWh និងសហការគ្នាលើអាគុយប្រភេទ Solid-State (SSBs) រួមទាំងកោសិកាអាគុយសូដ្យូមអាយអន (sodium-ion cells) ផងដែរ។

ដូចគ្នានឹងសេចក្តីថ្លែងការណ៍មុនៗរបស់ខ្លួនអំពីអាគុយ SSB ផ្ទាល់ខ្លួន Changan បានធ្វើការប្រកាសរបស់ខ្លួននៅលើវេទិកាអន្តរកម្មដែលគ្រប់គ្រងដោយផ្សារភាគហ៊ុនសិនជិន (Shenzhen Stock Exchange)។ ក្រុមហ៊ុនផលិតរថយន្តរូបនេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តចំពោះឧស្សាហកម្មប្រកបដោយសក្តានុពលនាពេលអនាគត រួមមាន៖ រ៉ូបូតបែបមនុស្ស (humanoid robots) និងសេដ្ឋកិច្ចកម្ពស់ទាប (low-altitude economy) របស់ប្រទេសចិន។

បង្កើនកោសិកាអាគុយកាន់តែច្រើនជាមួយ CATL

Changan និង CATL មិនមែនជាដៃគូថ្មីថ្មោងនៅក្នុងវិស័យយានយន្តរបស់ប្រទេសចិននោះទេ ដោយបានបង្កើតក្រុមហ៊ុនរួមទុន (JV) ជាមួយគ្នាគឺ CATL-Changan Times Changan) កាលពីដើមឆ្នាំ 2023។ ក្រុមហ៊ុនរួមទុនមួយនេះ ផ្គត់ផ្គង់កោសិកាអាគុយទៅឱ្យម៉ាកយីហោ NEV ផ្ទាល់ខ្លួនរបស់ Changan រួមមាន Avatr, Deepal និង Nevo។

Libattery.net ដែលជាប្រព័ន្ធផ្សព្វផ្សាយឧស្សាហកម្មអាគុយចិន បានរាយការណ៍ថា CATL-Changan កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការសម្រេចឱ្យបាននូវសមត្ថភាពផលិតអាគុយ 50 GWh ដែលជាផែនការ Changan បានលាតត្រដាងនៅក្នុងព្រឹត្តិការណ៍ទំនាក់ទំនងវិនិយោគិន កាលពីខែឧសភា ឆ្នាំ 2025។

ការប្រកាសនេះ មានន័យថា CATL-Changan នឹងទទួលបានសមត្ថភាពបន្ថែមចំនួន 25 GWh និងខ្សែសង្វាក់ផលិតកម្មថ្មីៗ។ ក្រុមហ៊ុនរួមទុននេះ មានផែនការបង្កើតរោងចក្រទំហំ 700,000 ម៉ែត្រការ៉េ និងវិនិយោគទឹកប្រាក់ចំនួន 750 លានដុល្លារអាមេរិក ក្នុងការប្រកាសពង្រីកនេះ។

យោងតាម Changan រោងចក្រថ្មីនេះនឹងរួមបញ្ចូលនូវ «បច្ចេកវិទ្យាអាគុយជំនាន់ចុងក្រោយបង្អស់របស់ CATL» និងផ្គត់ផ្គង់កោសិកាអាគុយទៅឱ្យម៉ាកយីហោ NEV របស់ក្រុមហ៊ុនផលិតរថយន្តមួយនេះ។ វា ត្រូវ បានរៀបចំផែនការចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆ្នាំ 2027 និងសម្រេចឱ្យបាននូវគោលដៅ 25 GWh ក្នុងរយៈពេលបីឆ្នាំ។ វា នឹងត្រូវ មានទីតាំងស្ថិតនៅក្នុងតំបន់បច្ចេកវិទ្យាជឿនលឿន រវាងទីក្រុងឈុងឈីង (Chongqing) និងខេត្តស៊ីឈួន (Sichuan)។

ក្រុមហ៊ុនផលិតរថយន្ត រំពឹងថាការពង្រីកនេះនឹងនាំមកនូវចំណូលប្រចាំឆ្នាំចំនួន1.5 ពាន់លានដុល្លារអាមេរិក, បង្កើតការងារចំនួន 2,500 កន្លែង និងបង្កើតចំណូលពន្ធចំនួន 45លានដុល្លារអាមេរិក សម្រាប់សហគមន៍ក្នុងស្រុក។

Changan ក៏អាចមើលឃើញថាជំហាននេះ ជាវិធីសាស្ត្រមួយក្នុងការកាត់បន្ថយថ្លៃដើមផងដែរ។ ZAKER News ដែលជាប្រព័ន្ធផ្សព្វផ្សាយយានយន្តចិន បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តដែលមានមូលដ្ឋាននៅឈុងឈីងមួយនេះ រកប្រាក់ចំណេញបានត្រឹមតែ 10 ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងរថយន្តមួយគ្រឿង ហើយកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការបង្កើនប្រាក់ចំណេញ។

ក្រុមហ៊ុនរួមទុនជាមួយ CATL នឹងផ្តល់ឱ្យខ្លួននូវការចូលប្រើប្រាស់កោសិកាអាគុយក្នុងស្រុកថោកៗ និងចៀសវាងថ្លៃដើមទិញយកកញ្ចប់អាគុយខ្ពស់ ដែលជាសមាសភាគមួយមានតម្លៃថ្លៃបំផុតនៅក្នុងរថយន្ត NEV។

ព័ត៌មានបន្ថែមអំពីអាគុយ SSBs របស់ Changan

Changan បានចូលរួមក្នុងការប្រកួតប្រជែងអាគុយ Solid-State (SSB) នៅក្នុងប្រទេសចិន ដោយបានប្រកាសពីកោសិកាអាគុយ Golden Bell (Jinzhongzhao) របស់ខ្លួន កាលពីខែវិច្ឆិកា ឆ្នាំ 2023។ ក្រុមហ៊ុនផលិតរថយន្ត និយាយថាខ្លួនមានគោលដៅសម្រេចឱ្យបាននូវភាពក្រាស់នៃថាមពល (energy density) 400 Wh/kg និងអះអាងថាវានឹងមានសុវត្ថិភាពជាងគូប្រជែង 70%ពីព្រោះវាប្រើប្រាស់ «បច្ចេកវិទ្យាវិភាគរោគសញ្ញាពីចម្ងាយ AI (AI remote diagnosis technology)»។

វា ក៏អះអាងផងដែរថា កោសិកាអាគុយ Golden Bell ថ្មីនេះ នឹងជួយឱ្យរថយន្តអគ្គិសនី EV សម្រេចបានចម្ងាយបើកបរលើសពី 1,500 គីឡូម៉ែត្រ និងនិយាយថាការចុះខ្សោយនៃកោសិកាអាគុយ នឹងមិនអាចកត់សម្គាល់ឃើញនោះទេ យ៉ាងហោចណាស់ក្នុងចម្ងាយ 600,000 គីឡូម៉ែត្រ។ អាយុកាលកោសិកាអាគុយ នឹងលើសពី 5,000 វដ្តជុំ ហើយកញ្ចប់អាគុយ Golden Bell នឹងគាំទ្រការសាកភ្លើងល្បឿនលឿនកម្រិត 6C ដែលអនុញ្ញាតឱ្យសាកពី 30% ទៅ 80% ក្នុងរយៈពេលត្រឹមតែ 9 នាទី។

ក្រុមហ៊ុនផលិតរថយន្ត ក៏បានបញ្ជាក់ឡើងវិញនូវកាលវិភាគអភិវឌ្ឍន៍សម្រាប់កោសិកាអាគុយ Golden Bell ដោយមានគោលដៅធ្វើតេស្តលើផ្លូវថ្នល់ជាមួយយានយន្តនៅក្នុងឆ្នាំ 2026 និងបង្កើនល្បឿនឈានទៅរកការផលិតតាមលក្ខណៈពាណិជ្ជកម្មនៅក្នុងឆ្នាំ 2027។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)