Admin, 21 November 2025
2026 Deepal L06
ក្រុមហ៊ុន Deepal ដែលជាប្រភេទយានយន្តប្រើប្រាស់ថាមពលថ្មី (NEV) របស់ Changan Automobile ដែលបានដាក់សម្ពោធរថយន្តសេដាន់របស់ខ្លួនម៉ូដែល L06 ដែលមានប្រព័ន្ធជើងក្រោមល្អជាងរថយន្តសេដាន់ធម្មតាក្នុងតម្លៃសមរម្យ។
រថយន្ត Deepal L06 ត្រូវបានសម្ពោធជាផ្លូវការក្នុងព្រឹត្តិការណ៍កាលពីយប់ថ្ងៃទី 18 ខែវិច្ឆកា ឆ្នាំ 2025 ក្នុងប្រទេសចិន ជាមួយនឹងតម្លៃចាប់ផ្តើម 18,700 ដុល្លារអាមេរិក ដែលតម្លៃមានការកាត់បន្ថយ 5% ពីតម្លៃលក់មុនគឺចាប់ផ្តើម 19,680 ដុល្លារអាមេរិក។
បច្ចុប្បន្ន ម៉ូដែលនេះមានតែសម្រាប់រថយន្តអគ្គិសនីសុទ្ធ (BEV) ប៉ុណ្ណោះ ទោះបីជាមានជម្រើសរថយន្តអគ្គិសនី (EREV) នៅពេលដែលដាក់សម្ពោធកាលពីថ្ងៃទី 8 ខែកញ្ញាក៏ដោយ។ Deepal ផ្តល់ជម្រើស L06 មានចំនួន 4 ម៉ូដែលជាមួយនឹងតម្លៃចាប់ផ្តើមជាផ្លូវការ $18,978, $ 20,385, $20,666 និង $22,073។
ការបញ្ចុះតម្លៃ $280 សម្រាប់រយៈពេលមានពេលកំណត់ គ្រប់ម៉ូដែលទាំងអស់ ដែលនាំឲ្យតម្លៃចាប់ផ្តើមពិតប្រាកដធ្លាក់ចុះដល់ $18,700។ រថយន្ត L06 នឹងមានការប្រកួតប្រជែងយ៉ាងសំខាន់ក្នុងទីផ្សារប្រទេសចិនជាមួយនឹងម៉ូដែលរួមមាន Xpeng Mona M03, BYD Seal 06, និង BYD Qin L។
រថយន្តសេដាន់ប្រភេទបើកបរដោយកង់ក្រោយ (rear-wheel-drive) មាន 5 កៅអីរថយន្តនេះមានប្រវែង 4,830 mm ទទឹង 1,905 mm និងកម្ពស់ 1,480 mm ជាមួយនឹងគម្លាតកង់(Wheelbase) 2,900mm។
2026 Deepal Exterior
2026 Deepal Interior
ចំណុចសំខាន់មួយនៃ L06 គឺប្រព័ន្ធជើងក្រោមសកម្ម magnetorheological MagneRide ជំនាន់ទីបួន។ Deepal បាននិយាយថាការរៀបចំ នេះជាទូទៅមាននៅតែក្នុងរថយន្ត Supercar នៃប្រព័ន្ធជើងក្រោមមានភាពរឹងមាំសម្របតាមគ្រប់ស្ថានភាពពេញលេញ (full-scenario adaptive suspension firmness adjustment)។
ប្រព័ន្ធជើងក្រោម magnetorheological ប្រើប្រាស់សារធាតុរាវម៉ាញេទិកដែលប្រែទៅជាសភាពពាក់កណ្តាលរឹងក្រោមដែនម៉ាញេទិក ដែលគ្រប់គ្រងដោយសៀគ្វីអេឡិចត្រូនិច វាអនុញ្ញាតឲ្យប្រព័ន្ធដំណើរការតាមលក្ខណៈសម្របខ្លួន។ ម៉ូទ័រខាងក្រោយផ្តល់កម្លាំងកំពូល 200 គីឡូវ៉ាត់ (268 ph) និងកម្លាំងបង្វិលកំពូល 290 ញូតុនម៉ែត្រ (Nm) ដែលអនុញ្ញាតឲ្យបង្កើនល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេលត្រឹមតែ 5.9 ឬ 6.2 វិនាទីតែប៉ុណ្ណោះ។
រថយន្ត L06 ប្រើប្រាស់អាគុយលីចូមដែក-ផូស្វាត (LFP) ពី CATL ដោយផ្តល់ជម្រើសកម្លាំងថាមពល 56.12 kWh និង 68.82 kWh រត់បានរយ:ចម្ងាយ CLTC 560 គីឡូម៉ែត្រ ឬ 670 គីឡូម៉ែត្រ។ ម៉ូដែលនេះអាចសាកថ្មបានលឿន ដោយអាចសាកពី 30% ដល់ 80% ត្រឹមរយៈពេល 15 នាទី។
វាភ្ជាប់មកជាមួយប្រព័ន្ធ LiDAR ជាស្តង់ដារ ដោយគាំទ្រមុខងារ Urban NOA (Navigation on Autopilot)។ យានយន្តនេះក៏មានឈីប Dimensity S1 Ultra របស់ MediaTek ដែលត្រូវបានបង្កើតឡើងលើដំណើរការ 3nm ដើម្បីផ្តល់ថាមពលដល់មុខងារផ្ទៃខាងក្នុងកន្លែងអ្នកដំណើរ។
Deepal គឺជាយីហោ NEV របស់ Changan ដែលបានបង្ហាញខ្លួននៅឆ្នាំ 2022។ ម៉ូដែលដំបូងរបស់ខ្លួនគឺ SL03 ត្រូវបានដាក់លក់នៅថ្ងៃទី 25 ខែកក្កដា ឆ្នាំ 2022 ដោយកំណត់ជាគូប្រជែងជាមួយ និងម៉ូដែលTesla Model 3។ សេរីម៉ូដែលបច្ចុប្បន្នរបស់ខ្លួនក៏រួមបញ្ចូលជារថយន្តសេដាន់ L07, SUV S05, SUV G318, SUV S07, និង SUV S09 ផងដែរ៕ សម្រាប់តម្លៃទីផ្សារក្នុងប្រទេសកម្ពុជាលោកអ្នកអាចសាកសួរតំណាងចែកចាយក្នុងប្រទេសបាន
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
