Admin, 26 May 2026
ក្រុមហ៊ុន Changan Automobile បានដាក់សម្ពោធរថយន្ត CS75 Plus BlueCore HEV និងរថយន្ត Eado HEV ជំនាន់ទីបួន កាលពីថ្ងៃទី 23 ខែឧសភា ដោយបានពង្រីកបញ្ជីផលិតផលរថយន្ត Hybrid របស់ខ្លួន តាមរយៈការបន្ថែមម៉ូដែលប្រើម៉ាស៊ីនសាំងរួមផ្សំអគ្គិសនីថ្មីៗ ក្រោមប្រព័ន្ធកូនកាត់ BlueCore នៅក្នុងទីផ្សាររថយន្តប្រភេទដឹកអ្នកដំណើររបស់ប្រទេសចិន។
រថយន្ត Eado HEV មានតម្លៃចាប់ផ្តើមពី 11,760 ដុល្លារអាមេរិក ក្រោមតម្លៃប្រូម៉ូសិន ខណៈដែល CS75 Plus HEV មានតម្លៃចាប់ផ្តើ 16,180 ដុល្លារអាមេរិក។ ម៉ូដែលទាំងពីររួមបញ្ចូលគ្នារវាងម៉ាស៊ីនចំហេះក្នុង ជាមួយម៉ូទ័រអគ្គិសនីកម្លាំងខ្លាំង និងប្រព័ន្ធអាគុយលីចូម-អ៊ីយ៉ុង ទំហំ 1.7 kWh។
ការបង្រួមគម្លាតថ្លៃដើម និងលក្ខណៈបច្ចេកទេស Eado HEV: ប្រើប្រាស់ម៉ាស៊ីនសាំងធម្មតា (naturally aspirated) ចំណុះ 1.5 លីត្រ ផលិតកម្លាំងបាន 72 kW ផ្គូរផ្គងជាមួយម៉ូទ័រអគ្គិសនីកម្លាំង 160 kW។
CS75 Plus HEV: ប្រើប្រាស់ម៉ាស៊ីនសាំងទើបូ (turbocharged) ចំណុះ 1.5 លីត្រ កម្លាំង 110kW ផ្គូរផ្គងជាមួយម៉ូទ័រអគ្គិសនីកម្លាំង 180 kW។
ម៉ូដែលទាំងពីរប្រើប្រាស់ទម្រង់អាគុយទំហំ 1.7 kWh រួមគ្នា ដោយភាពខុសគ្នានៃកម្លាំងផលិតបានសរុបគឺផ្អែកលើការកំណត់កម្លាំងម៉ូទ័រ និងទម្រង់ម៉ាស៊ីន មិនមែនខុសគ្នាត្រង់ទំហំអាគុយនោះទេ។
ប្រសិទ្ធភាពឥន្ធនៈ និងបច្ចេកវិទ្យា រថយន្ត Eado HEV ត្រូវបានអះអាងថាមានកម្រិតស៊ីសាំងក្នុងក្រុងត្រឹមតែ 2.98 លីត្រ/100 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌបើកបរទូទៅ។ ចំណែកឯ CS75 Plus HEV បានរួមបញ្ចូលនូវប្រព័ន្ធទម្រង់ Hybrid ដែលមានកម្លាំងខ្លាំងជាង ជាមួយម៉ូទ័រដែលអាចបង្វិលបានដល់ 20,000 ជុំ/នាទី (rpm)។
យានយន្តទាំងពីរប្រើប្រាស់ស្ថាបត្យកម្មបញ្ជា Hybrid ឈ្មោះ BlueCore របស់ Changan ជាមួយប្រព័ន្ធហ្វ្រាំងបង្កើតថាមពលឡើងវិញ (regenerative braking) និងប្រព័ន្ធប្រអប់លេខសម្រាប់រថយន្ត Hybrid ដោយឡែក។
បរិក្ខារក្នុងឡាន និងភាពវៃឆ្លាត CS75 Plus HEV: បំពាក់អេក្រង់ចំនួន 3ជាប់គ្នា ដែលរួមមាន អេក្រង់កុងទ័រ 10.25 អ៊ីញ, អេក្រង់បញ្ជាកណ្តាល 14.6 អ៊ីញ និងអេក្រង់សម្រាប់អ្នកដំណើរខាងមុខ 12.3 អ៊ីញ។
Eado HEV: ប្រើប្រាស់ទម្រង់អេក្រង់ភ្លោះ ដោយមានអេក្រង់កុងទ័រ 10.25 អ៊ីញ និងអេក្រង់កម្សាន្ត 14.6 អ៊ីញ។
ម៉ូដែលទាំងពីរបានបញ្ជ្រាបប្រព័ន្ធប្រតិបត្តិការ TianShu OS រួមជាមួយសមត្ថភាពបញ្ជាដោយសំឡេងផ្អែកលើបច្ចេកវិទ្យា AI របស់ DeepSeek ព្រមទាំងរួមបញ្ចូលមុខងារជំនួយការបើកបរ ដូចជា ជំនួយការបើកបរលើផ្លូវល្បឿនលឿន (highway assist) និងការចូលចតដោយស្វ័យប្រវត្តផងដែរ។
ការជម្រុញក្នុងឧស្សាហកម្ម ផ្នែករថយន្តកូនកាត់ (Hybrid) របស់ប្រទេសចិនបានរីកចម្រើនយ៉ាងខ្លាំង ទន្ទឹមនឹងរថយន្តប្រភេទ Plug-in Hybrid (PHEV) និងរថយន្តអគ្គិសនីសុទ្ធ (BEV) ដោយមានក្រុមហ៊ុនផលិតជាច្រើនបានណែនាំស្ថាបត្យកម្ម HEV ថ្មីៗនៅក្នុងឆ្នាំ 2026 នេះ។
កាលពីខែមីនា ឆ្នាំ 2026 ចុងក្រោយនេះ Changan បានដាក់បង្ហាញម៉ាស៊ីនកូនកាត់ BlueCore ជំនាន់ថ្មីរបស់ខ្លួន ដែលត្រូវបានអះអាងថាមានប្រសិទ្ធភាពកម្ដៅអតិបរមាដល់ទៅ 44.28% និងជាម៉ាស៊ីនដំបូងគេក្នុងឧស្សាហកម្មសម្រាប់រថយន្ត Hybrid ផលិតកម្ម ដែលប្រើប្រាស់ប្រព័ន្ធបាញ់ប្រេងផ្ទាល់កម្រិតសម្ពាធ 500 បារ (500-bar direct-injection)។
បរិបទគោលនយោបាយ និងការលក់ ប្រព័ន្ធ Hybrid (HEV) នៅតែជាផ្នែកមួយនៃក្របខ័ណ្ឌអភិវឌ្ឍន៍យានយន្តអគ្គិសនីចម្រុះផ្លូវរបស់ប្រទេសចិន រួមជាមួយ BEV និង PHEV ដោយសារ HEV ត្រូវបានកំណត់ទីតាំងក្នុងយុទ្ធសាស្ត្របង្កើនប្រសិទ្ធភាពម៉ាស៊ីនចំហេះក្នុង ក្នុងអំឡុងដំណាក់កាលអន្តរកាល។
យោងតាមទិន្នន័យពី China EV DataTracker ការលក់ក្នុងស្រុករបស់ Changan សម្រេចបាន 30,686 គ្រឿង ក្នុងខែមេសា ឆ្នាំ 2026 ដែលធ្លាក់ចុះ 51.0% ធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ 34.6% ធៀបនឹងខែមីនា។ ចំណែកទីផ្សារក្នុងស្រុករបស់ក្រុមហ៊ុនបានធ្លាក់មកត្រឹម 2.2% ក្នុងខែនោះ ពីកម្រិត 2.9% ក្នុងខែមីនា។The Changan CS75 Plus HEV adopts the new BlueCore hybrid system. Credit: CNC
Changan Eado HEV featuring dual-screen digital cockpit layout. Credit: Autohome
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
