Admin, 15 March 2026
ក្រុមហ៊ុន Changan Auto បានដាក់បង្ហាញ platform ចម្រុះ (Hybrid) ថ្មីរបស់ខ្លួនដែលមាន ឈ្មោះថា “Blue Core Super Engine” ដើម្បីតម្រង់ទិសដៅទៅកាន់អ្នកទិញរថយន្តប្រើម៉ាស៊ីន សាំង (ICE) ប្រមាណ 70 លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ យោងតាមសារព័ត៌មាន IT-home ក្រុមហ៊ុនផលិតរថយន្តរដ្ឋមួយនេះ បានវិនិយោគទឹកប្រាក់ (291.12 លានដុល្លារអាមេរិក) ទៅលើមន្ទីរពិសោធន៍ឯកទេស ដើម្បីបង្កើតស្ថាបត្យកម្ម នេះឡើង ដោយមានគោលបំណងសម្រេចឱ្យបាននូវកម្រិតស៊ីប្រេងក្នុងក្រុងត្រឹមតែ 2.98លីត្រ/100 គីឡូម៉ែត្រ ប៉ុណ្ណោះ។
Changan បានអះអាងថា platform នេះគឺជាលទ្ធផលនៃការអភិវឌ្ឍរយៈពេល 6 ឆ្នាំ ដោយមាន ការចូលរួមពីវិស្វករចំនួន 1,000 នាក់ និងការរុករកបច្ចេកទេសចំនួន 163 ចំណុច ទាំង ផ្នែករឹង (Hardware) និងផ្នែកទន់ (Software) នៃប្រព័ន្ធបញ្ជូនកម្លាំង។ Changan កំពុងដាក់ទីតាំងប្រព័ន្ធនេះជា "បច្ចេកវិទ្យាអន្តរកាល" សម្រាប់អ្នកប្រើប្រាស់ដែល ចង់បាន ប្រសិទ្ធភាព ដូចរថយន្តអគ្គិសនី ប៉ុន្តែមិនចង់ពឹងផ្អែកលើហេដ្ឋារចនាសម្ព័ន្ធសាកភ្លើង។
ការវិវត្តនៃកម្លាំងបច្ចេកទេស
Platform ថ្មីនេះគឺជាការវិវត្តបន្តពីស៊េរីឆ្នាំ 2012 របស់ Changan និងប្រព័ន្ធបាញ់ប្រេងសម្ពាធ ខ្ពស់ខ្លាំង 500 បារ (500bar) ដែលបានណែនាំក្នុងឆ្នាំ 2024។ កំណែថ្មីនេះប្រើប្រាស់ វិធីសាស្ត្ររួមបញ្ចូលគ្នា "ប្រេង និងអគ្គិសនី" ដែលផ្តល់អាទិភាពដល់ការរុញច្រានដោយ ម៉ូទ័រអគ្គិសនីជាងម៉ាស៊ីនសាំង។ ដើម្បីបញ្ជាក់ពីភាពធន់យូរអង្វែង ប្រព័ន្ធនេះត្រូវបាន ឆ្លងកាត់ការសាកល្បងលើផ្លូវចម្ងាយ 2 លានគីឡូម៉ែត្រ លើប្រភេទផ្លូវខុសៗគ្នា ចំនួន 70ប្រភេទនៅទូទាំងពិភពលោក។
Changan បានកំណត់យកតួលេខ 2.98លីត្រ/100 គីឡូម៉ែត្រ សម្រាប់ការបើកបរក្នុងក្រុង ជាគោលដៅចម្បងរបស់ខ្លួន។ តាមរយៈការបង្កើនប្រសិទ្ធភាពសម្រាប់ល្បឿនទាប Platform នេះជួយដោះស្រាយបញ្ហាកម្រិតស៊ីសាំងខ្ពស់ក្នុងស្ថានភាពចរាចរណ៍ដែលឈប់ និងទៅ (Stop-and-go)។ ប្រព័ន្ធបញ្ជូនកម្លាំងត្រូវបានកែសម្រួលឱ្យមានកម្លាំងរមួល (Torque) ភ្លាមៗខ្ពស់ និងកម្រិតសំឡេងរំខានទាប ដែលចម្លងតាមលក្ខណៈបើកបរនៃរថយន្ត អគ្គិសនីសុទ្ធ។
យុទ្ធសាស្ត្រសកល "Vast Ocean"
ការដាក់ចេញនូវបច្ចេកវិទ្យានេះ គឺជាឆ្អឹងខ្នងនៃគោលដៅរបស់ Changan ក្នុងការសម្រេច ឱ្យបាននូវការលក់នៅក្រៅប្រទេសចំនួន 750,000 គ្រឿង ក្នុងឆ្នាំ 2026។ Platform នេះត្រូវ បានបង្កើតឡើងជាមួយនឹងការចូលរួមយ៉ាងសំខាន់ពីមជ្ឈមណ្ឌល R&D របស់ Changan ក្នុងទីក្រុង Birmingham ចក្រភពអង់គ្លេស ដើម្បីធានាថាវាស្របតាមស្តង់ដារអន្តរជាតិ។
ចំណុចសំខាន់ៗនៃការដាក់ចេញជាសកលសម្រាប់ឆ្នាំ 2026 រួមមាន៖
- មជ្ឈមណ្ឌលនៅអាស៊ីអាគ្នេយ៍៖ រោងចក្រ Rayong របស់ Changan កំពុងបង្កើនការផលិតរថយន្តចង្កូតស្តាំ (RHD) សម្រាប់ទីផ្សារអូស្ត្រាលី នូវែលសេឡង់ អាហ្វ្រិកខាងត្បូង និងចក្រភពអង់គ្លេស។
- ការពង្រីកនៅអឺរ៉ុប៖ បន្ទាប់ពីការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធអាល្លឺម៉ង់ក្នុងទីក្រុង Munich ឆ្នាំ 2025 Changan កំពុងប្រើប្រាស់យុទ្ធសាស្ត្រ "In Europe, For Europe" ដើម្បីណែនាំម៉ូដែល Hybrid ទាំងនេះទៅកាន់ប្រទេសន័រវែស អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។
- ការសាកល្បងតាមតំបន់៖ រដូវកាលសាកល្បងសកលឆ្នាំ 2026 កំពុងដំណើរការ យ៉ាងសកម្មនៅតំបន់ភ្នំអាល់ (Alps) ក្នុងអឺរ៉ុប និងអាស៊ីអាគ្នេយ៍ ដើម្បីផ្ទៀងផ្ទាត់ សមត្ថភាពប្រព័ន្ធ 2.98 លីត្រ ក្នុងលក្ខខណ្ឌអាកាសធាតុសម្ពាធខ្លាំងៗ។
ផលប៉ះពាល់លើទីផ្សារ
ប្រព័ន្ធ Blue Core បានចូលមកក្នុងសមរភូមិដែលប្រព័ន្ធ DM-i 5.0 របស់ BYD និង NordThor (Leishen) EM-i របស់ Geely បានអះអាងរួចជាស្រេចនូវតួលេខស៊ីសាំងទាបរហូតដល់ 2.62 លីត្រ/100 គីឡូម៉ែត្រ។ គោលដៅ 2.98 លីត្ររបស់ Changan គឺជាការឆ្លើយតបដើម្បីរក្សាតម្លៃ នៃស៊េរី UNI និង CS របស់ខ្លួននៅក្នុងប្រទេសចិន ដែលបច្ចុប្បន្នកំពុងប្រឈមនឹងការបញ្ចុះ តម្លៃយ៉ាងខ្លាំងពីសំណាក់រថយន្ត PHEV របស់ BYD។
ផែនទីបង្ហាញផ្លូវពហុទិសដៅ
ការផ្លាស់ប្តូរបច្ចេកទេសនេះ ស្របគ្នាជាមួយនឹងការដាក់បញ្ចូលទុនរួមគ្នាទៅក្នុងម៉ាក Deepal របស់ខ្លួន គឺស៊េរី C ក្នុងទំហំវិនិយោគប្រហែល 890.83 លានដុល្លារអាមេរិក កាលពីចុងឆ្នាំ 2025 ដើម្បីពង្រីកផលិតផល EV ជំនាន់ទីពីរ។ លើសពីនេះ Changan និង CATL ថ្មីៗនេះ បានដាក់លក់រថយន្តប្រើអាគុយ Sodium-ion ផលិតទ្រង់ទ្រាយធំដំបូងគេបង្អស់ លើ ពិភពលោក គឺម៉ូដែល Nevo A06 ដែលប្រើអាគុយ CATL Naxtra ទំហំ 45 គីឡូវ៉ាត់ម៉ោង៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
