Admin, 6 hours ago
យោងតាមសារព័ត៌មាន 36kr រថយន្តកូនកាត់ (Hybrid Electric Vehicles - HEVs) បានក្លាយជាចំណុចផ្តោតយុទ្ធសាស្ត្រជាថ្មីសម្រាប់ក្រុមហ៊ុនផលិតរថយន្តចិនក្នុងឆ្នាំ 2026 រួមមានក្រុមហ៊ុន Changan, Geely, និង Chery ដែលបានប្រកាសពីប្រព័ន្ធ និងផលិតផលថ្មីៗរបស់ពួកគេ។ ការជំរុញជាថ្មីនេះកើតឡើងខណៈពេលដែល Toyota នៅតែបន្តគ្រប់គ្រងការលក់រថយន្ត Hybrid ទូទាំងពិភពលោក ចំណែកឯ BYD កំពុងពង្រីកវត្តមានរបស់ខ្លួនជាមួយរថយន្ត Plug-in Hybrid (PHEV) និងរថយន្តអគ្គិសនីសុទ្ធ (BEV)។
ផ្លូវបច្ចេកទេសខុសគ្នា
ប្រព័ន្ធ Hybrid របស់ Toyota (THS) ផ្ដោតលើប្រសិទ្ធភាពសន្សំសំចៃ និងភាពរលូន ប៉ុន្តែវាមានកម្រិតលើកម្លាំងបញ្ចេញដោយអគ្គិសនី។ ដោយឡែក ក្រុមហ៊ុនផលិតរថយន្តចិនកំពុងប្រើប្រាស់ស្ថាបត្យកម្មខុសពីនេះ៖
- បច្ចេកវិទ្យា៖ ប្រព័ន្ធ HEV របស់ចិនជាធម្មតាប្រើប្លង់ Series-Parallel រួមផ្សំជាមួយប្រអប់លេខ Hybrid ជាក់លាក់ (DHT) ច្រើនវគ្គ។ ក្នុងប្រព័ន្ធនេះ ការបើកបរដោយអគ្គិសនីជាអ្នកដើរតួសំខាន់ ហើយម៉ាស៊ីនសាំងដើរតួជាអ្នកជំនួយ ឬជាម៉ាស៊ីនភ្លើង។
- សមត្ថភាព៖ រថយន្ត HEV របស់ចិនប្រើម៉ូទ័រអគ្គិសនីធំជាង (ពី 130 ដល់ 180 kW) ដែលធ្វើឱ្យការស្ទុះខ្លាំងជាង។ កម្រិតស៊ីសាំងក្នុងក្រុងត្រូវបានអះអាងថាអាចចុះទាបដល់ប្រហែល 2 ទៅ 3 លីត្រ/100 គីឡូម៉ែត្រ ក្នុងលក្ខខណ្ឌជាក់លាក់។
ការកាត់បន្ថយគម្លាតថ្លៃដើម
កត្តាជំរុញចម្បងមួយគឺរចនាសម្ព័ន្ធថ្លៃដើម។ រថយន្ត HEV ប្រើប្រាស់អាគុយតូច (ចន្លោះពី 1 ដល់ 2 kWh) ដែលតូចជាងឆ្ងាយបើធៀបនឹង PHEV (10 ទៅ 20 kWh) ឬ BEV (50 kWh ឡើងទៅ)។ ការប្រើអាគុយតូចជួយឱ្យក្រុមហ៊ុនរក្សាបាននូវប្រាក់ចំណេញ ក្នុងពេលដែលទីផ្សាររថយន្តចិនកំពុងមានការប្រកួតប្រជែងតម្លៃយ៉ាងខ្លាំង។
យុទ្ធសាស្ត្រទីផ្សារ និងការនាំចេញ
ក្រុមហ៊ុនចិនចាត់ទុក HEV ជាដំណោះស្រាយបំពេញបន្ថែម ជាជាងការមកជំនួស BEV ឬ PHEV៖
- ទីផ្សារអន្តរជាតិ៖ នៅតាមតំបន់ដែលហេដ្ឋារចនាសម្ព័ន្ធសាកថ្មនៅមានកម្រិត ឬតម្លៃអគ្គិសនីខ្ពស់ រថយន្ត Hybrid នៅតែជាជម្រើសដ៏ជាក់ស្តែងបំផុត។
- ទីផ្សារក្នុងស្រុក៖ ប្រទេសចិននៅតែមានអ្នកប្រើប្រាស់រថយន្តម៉ាស៊ីនចំហេះក្នុងយ៉ាងច្រើន ដែលផ្តល់ឱកាសឱ្យរថយន្ត Hybrid ក្លាយជាស្ពានចម្លងដោយមិនចាំបាច់សាកថ្ម។
ការផ្លាស់ប្តូរគោលនយោបាយ
ចាប់ពីឆ្នាំ 2026 ការលើកលែងពន្ធលើការទិញរថយន្ត Plug-in Hybrid នៅក្នុងប្រទេសចិនត្រូវបានកាត់បន្ថយ។ ទោះបីជា HEV មិនទទួលបានការលើកទឹកចិត្តដូចគ្នាក៏ដោយ ប៉ុន្តែគម្លាតគោលនយោបាយរវាងបច្ចេកវិទ្យាទាំងពីរនេះកំពុងតែរួមតូច ដែលធ្វើឱ្យ HEV កាន់តែមានភាពទាក់ទាញ។
ផែនការបន្ត
- Geely: បានប្រកាសពីប្រព័ន្ធ i-HEV ដែលមានគោលដៅស៊ីសាំងត្រឹម 3 លីត្រ/100គីឡូម៉ែត្រ។
- Chery: កំពុងសាកល្បងជាមួយរថយន្ត HEV ដែលមានអាគុយធំជាងមុន (ប្រហែល 5 kWh)។
- Changan: បានចាប់ផ្តើមផ្សព្វផ្សាយការបើកបរសាកល្បងសម្រាប់ម៉ូដែល HEV ចុងក្រោយរបស់ខ្លួន ដែលបង្ហាញពីការត្រៀមដាក់លក់ក្នុងពេលឆាប់ៗ។
រលកនៃកិច្ចខិតខំប្រឹងប្រែងលើរថយន្ត HEV របស់ក្រុមហ៊ុនចិនលើកនេះ មិនមែនជាការចម្លងតាម Toyota ឡើយ ប៉ុន្តែជាការបង្កើតផ្លូវបច្ចេកទេសថ្មីដែលសង្កត់ធ្ងន់លើការបើកបរដោយអគ្គិសនី និងភាពបត់បែននៃប្រព័ន្ធ ដើម្បីឆ្លើយតបនឹងសម្ពាធថ្លៃដើម តម្រូវការនាំចេញ និងការកែសម្រួលគោលនយោបាយ៕
ប្រភព៖ China
ប្រែសំរួល៖ Chea SokNang (AC Auto)
