Admin, 30 September 2026
ក្រុមហ៊ុន Chery បានលាតត្រដាងលក្ខណៈបច្ចេកទេសជាផ្លូវការ សម្រាប់រថយន្ត iCaur V27 Long-Range Edition ស៊េរីថ្មី មុនពេលការដាក់លក់លើទីផ្សារនាថ្ងៃទី 30 ខែកញ្ញា នៅក្នុងប្រទេសចិន។ ត្រូវ បានស្គាល់នៅក្នុងស្រុកថាជា iCar V27 រថយន្ត SUV រាងប្រអប់ខ្នាតមធ្យមទៅធំមួយនេះ នឹងប្រើប្រាស់កញ្ចប់អាគុយប្រភេទលីចូមអាយអនហ្វូសហ្វាត (LFP) ទំហំ 51.2 kWh ផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL ដែលផ្តល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ 300 គីឡូម៉ែត្រ តាមស្តង់ដារ CLTC (ប្រហែល 215គីឡូម៉ែត្រ តាមស្តង់ដារ WLTP)។
ស្រឡាយនៃការដាក់លក់នាពេលបច្ចុប្បន្ន មានចំនួន 3 ជម្រើស ជាមួយនឹងកម្រិតតម្លៃចន្លោះពី 25,193 ដុល្លារអាមេរិក 29,200 ដុល្លារអាមេរិក ៖ វគ្គបើកបរ(RWD) Falcon 500 មានតម្លៃ 25,190 ដុល្លារ, វគ្គបើកបរ(AWD) Falcon 500 មានតម្លៃ 27,120 ដុល្លារ និងវគ្គបង្គោលលំដាប់កំពូល Falcon 700 មានតម្លៃ 29,200 ដុល្លារ។
អាគុយថ្មីពង្រីកចម្ងាយបើកបរ និងសមត្ថភាពសាកភ្លើង
អាគុយទំហំ 51.2 kWh នេះ តំណាងឱ្យការកើនឡើងសមត្ថភាព 49.3% បើធៀបនឹងកញ្ចប់អាគុយទំហំ 34.3 kWh ដែលប្រើប្រាស់នៅលើម៉ូដែលបច្ចុប្បន្ន។ វគ្គជម្រើសបច្ចុប្បន្នផ្តល់ចម្ងាយបើកបរ 210 គីឡូម៉ែត្រ តាមស្តង់ដារ CLTC (ប្រហែល 150 គីឡូម៉ែត្រ WLTP) សម្រាប់ប្រភេទបើកបរRWD និង 200 គីឡូម៉ែត្រ តាមស្តង់ដារ CLTC (ប្រហែល 145 គីឡូម៉ែត្រ WLTP) សម្រាប់ប្រភេទបើកបរAWD។ កម្រិតចម្ងាយបើកបរ 300 គីឡូម៉ែត្រ តាមស្តង់ដារ CLTC នេះ បានបង្កើនចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធបន្ថែមពី 90 ដល់ 100 គីឡូម៉ែត្រ លើសពីកំណែទម្រង់ទាំងនោះ។ ក្រុមហ៊ុន Chery បញ្ជាក់ថា កញ្ចប់អាគុយនេះគាំទ្រការសាកភ្លើងល្បឿនលឿន DC ពី 30% ទៅ 80% ក្នុងរយៈពេលត្រឹមតែ 17 នាទី ខណៈដែលកម្លាំងថាមពលបញ្ជូនចេញទៅខាងក្រៅ (V2L) បានកើនឡើងពី 3.3 kW ទៅ 6.0 kW។
រក្សាទុកប្រព័ន្ធថាមពល EREV និងគ្រោងឆ្អឹងបច្ចុប្បន្ន
រថយន្តអគ្គិសនីប្រភេទពង្រីកចម្ងាយ (EREV) មួយនេះ នៅតែរក្សាទុកនូវទម្រង់បើកបរAWDម៉ូទ័រឌុប ដែលបង្កើតកម្លាំងបាន 335 kW (449 សេះ)។ ម៉ាស៊ីនសាំងទើបូ 1.5 លីត្រ ដើរតួជាម៉ាស៊ីនភ្លើងនៅលើរថយន្ត។ Chery អះអាងពីប្រសិទ្ធភាពកម្ដៅហ្វ្រាំងកំពូល (peak brake thermal efficiency) 45.97% និងអត្រាបម្លែងប្រេងទៅជាថាមពលអគ្គិសនី 3.71 kWh ក្នុងមួយលីត្រ។
វគ្គ Long-Range Edition នៅតែរក្សាទុកវិមាត្រដើមរបស់ V27។ ត្រូវបានបង្កើតឡើងនៅលើគ្រោងតួ unibody វាមានប្រវែង 4,909 មីឡីម៉ែត្រ (5,055 មីឡីម៉ែត្រ រាប់បញ្ចូលទាំងកង់បម្រុងខាងក្រៅ), ទទឹង 1,976 មីឡីម៉ែត្រ និងកម្ពស់រហូតដល់ 1,894 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ 2,910 មីឡីម៉ែត្រ។ លក្ខណៈបច្ចេកទេសសម្រាប់ការបើកបរផ្លូវលំបាក (Off-road) រួមមាន៖ មុំឡើង (approach angle) 24 អង្សារ, មុំចុះ (departure angle) 23 អង្សារ, ជម្រៅបើកបរចុះទឹក 600 មីឡីម៉ែត្រ និងកម្លាំងភាពរឹងមាំទប់នឹងការរួល (torsional rigidity) 32,186 N·m/deg។
កាប៊ីនខាងក្នុងបន្តប្រើប្រាស់បន្ទះឈីបកាប៊ីន Qualcomm Snapdragon 8295P ជាមួយសមត្ថភាពគណនា AI កម្រិត 30 TOPS និងប្រព័ន្ធជំនួយសំឡេងដែលរួមបញ្ចូលគ្នាននូវគំរូ AI DeepSeek។ វគ្គ Falcon 700 រក្សាទុកនូវសេនស័រ LiDAR ដំឡើងលើដំបូល និងបន្ទះឈីបគណនា Horizon Robotics Journey 6P កម្រិត 560 TOPS សម្រាប់ប្រព័ន្ធជំនួយការបើកបរស្វ័យប្រវត្តក្នុងក្រុង និងលើផ្លូវហាយវេ។
ការធ្លាក់ចុះនៃការលក់កើតឡើងមុនពេលការដាក់លក់វគ្គ Long-Range Edition
ការធ្វើអាប់ហ្គ្រេដអាគុយនេះ កើតមានឡើងចំពេលដែលទិន្នផលលក់រាយនៃម៉ូដែល V27 កំពុងតែមានភាពត្រជាក់នៅក្នុងប្រទេសចិន។ បន្ទាប់ពីរថយន្ត SUV មួយនេះបានចាកចេញពីខ្សែសង្វាក់ផលិតកម្មនៅក្នុងខែមករា និងបានឈានជើងចូលទីផ្សារនៅក្នុងខែមីនា ការប្រគល់រថយន្តបានឡើងដល់កម្រិតកំពូលចំនួន 4,184 គ្រឿង ក្នុងខែមេសា មុនពេលធ្លាក់ចុះ 4ខែជាប់ៗគ្នា មកត្រឹម 1,609 គ្រឿង ក្នុងខែសីហា។ បរិមាណលក់ប្រចាំខែគឺ 3,456 គ្រឿង ក្នុងខែឧសភា, 2,219 គ្រឿង ក្នុងខែមិថុនា និង 1,764 គ្រឿង ក្នុងខែកក្កដា។ យោងតាមទិន្នន័យពី China EV DataTracker ចំណែកទីផ្សាររបស់ម៉ូដែលនេះ នៅក្នុងការប្រគល់រថយន្តសរុបរបស់ម៉ាក iCar បានធ្លាក់ចុះពី 63.8% ក្នុងខែមេសា មកត្រឹម 39.3% ក្នុងខែសីហា។
នៅក្នុងទីផ្សាររថយន្ត SUV ប្រភេទ Hybrid រាងប្រអប់របស់ប្រទេសចិន V27 ប្រកួតប្រជែងជាមួយរថយន្ត Deepal G318 របស់ Changan (តម្លៃ ប្រហែល 26,690 ដល់ 34,110 ដុល្លារ), Jetour Shanhai T2 (តម្លៃ ប្រហែល 23,720 ដល់ 31,140 ដុល្លារ) និងរថយន្តប្រើគ្រោងឆ្អឹងប្រភេទ body-on-frame Fang Cheng Bao Bao 5 របស់ BYD (តម្លៃ ប្រហែល 26,808 ដល់ 35,580 ដុល្លារ)។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
