Admin, 12 October 2026
ក្រុមហ៊ុន Chery Automobile បានលាតត្រដាងផែនការក្នុងការប្រែក្លាយ Jetour ឱ្យទៅជា «ម៉ាកយីហោរថយន្ត Off-road លំដាប់ខ្ពស់» យោងតាមយុទ្ធសាស្ត្រ «Globalization 3.0» ចុងក្រោយបង្អស់របស់ក្រុមហ៊ុន។ ក្នុងពេលជាមួយគ្នានេះដែរ ម៉ាកយីហោស្នូល Chery នឹងត្រូវ បានធ្វើអាំងតេក្រាលកាន់តែប្រសើរឡើង ទៅក្នុងប្រព័ន្ធទីផ្សារសកល។
Jetour ត្រូវ បានបង្កើតឡើងដោយក្រុមហ៊ុន Chery Automobile ជាម៉ាកយីហោរថយន្តទីផ្សារទូទៅ សម្រាប់ការធ្វើដំណើរដែលផ្តោតលើទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស។ យោងតាមទិន្នន័យពី China EV DataTracker ការប្រគល់រថយន្តសរុបរបស់ Jetour នៅក្នុងប្រទេសចិន សម្រេចបាន 1,704,415គ្រឿង គិតត្រឹមខែសីហា ឆ្នាំ 2026។ ជាមួយគ្នានេះដែរ ម៉ាកយីហោមួយនេះក៏បានក្លាយជាទីពេញនិយមនៅក្នុងតំបន់ក្រៅប្រទេស ដូចជាមជ្ឈិមបូព៌ាផងដែរ។
នៅថ្ងៃទី 10 ខែតុលា Chery Group បានចែករំលែកផែនការក្នុងការអនុវត្តយុទ្ធសាស្ត្រ «Globalization 3.0» ដើម្បីពង្រឹងប្រតិបត្តិការរួមបញ្ចូលគ្នាក្នុងស្រុក និងអន្តរជាតិ។ វា រាប់បញ្ចូលទាំងផែនការក្នុងការពង្រីកម៉ាកយីហោ Jetour ផងដែរ។ វា នឹងផ្លាស់ប្តូរឆ្ពោះទៅរកទីផ្សារលំដាប់ខ្ពស់ ដោយផ្តល់ជូននូវយានយន្តប្រភេទ Off-road។ វា គួរតែត្រូវ បានកត់សម្គាល់ថា Chery មានម៉ាកយីហោលំដាប់ខ្ពស់ Exeed រួចទៅហើយ ដែលថែមទាំងធ្លាប់មានពាក្យចចាមអារ៉ាមថានឹងឈានជើងចូលសហរដ្ឋអាមេរិក ក្រោមឈ្មោះ Vantas កាលពីឆ្នាំ 2020 ទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ផែនការទាំងនោះត្រូវ បានផ្អាកជាបណ្តោះអាសន្ននាពេលក្រោយមក។
វា ហាក់ដូចជា Chery មានផែនការបង្កើតម៉ាកយីហោលំដាប់ខ្ពស់ចំនួនពីរនាពេលឥឡូវនេះ។ ម៉ាកយីហោទីមួយ គឺ Exeed ដែលបានរៀបរាប់ខាងលើ ដែលតម្រង់ទិសដៅទៅលើផ្នែកប្រណីតបែបប្រពៃណី។ ទន្ទឹមនឹងនេះដែរ Jetour នឹងតម្រង់ទិសដៅទៅលើផ្នែក Off-road។ វា គួរតែត្រូវ បានកត់សម្គាល់ថា ម៉ាកយីហោមួយនេះបានបោះជំហានរួចជាស្រេចទៅកាន់ផ្នែកប្រណីត ជាមួយនឹងរថយន្ត SUV ខ្នាតធំពេញតួប្រភេទ Plug-in Hybrid ប្រើគ្រោងឆ្អឹង body-on-frame ម៉ូដែល G700។ វា មានប្រវែងតួខ្លួន 5,198 មីឡីម៉ែត្រ, កម្លាំងទិន្នផលអតិបរមា 665 kW (892 សេះ) និងមានអាគុយទំហំ 59.45 kWh សម្រាប់ចម្ងាយបើកបរដោយថាមពលអគ្គិសនី 211 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌ WLTP។
លោក Li Xueyong អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Chery Automobile នឹងត្រួតពិនិត្យលើផ្នែកម៉ាកយីហោ Jetour Brand Division។ លោក ក៏នឹងបំពេញភារកិច្ចជាអនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម និងការលក់ ដោយត្រួតពិនិត្យលើទំនាក់ទំនងសាធារណៈរបស់សាជីវកម្ម (corporate public relations) ផងដែរ។ ក្នុងពេលជាមួយគ្នានេះ ម៉ាកយីហោស្នូល Chery នឹងធ្វើអាំងតេក្រាលទៅក្នុងប្រព័ន្ធទីផ្សារសកល ដោយមានលោក Zhang Guibing ទទួលខុសត្រូវលើផ្នែកម៉ូដ និងការរចនាសកល, ធនធានមនុស្ស, មជ្ឈមណ្ឌលច្បាប់, ប្រព័ន្ធអេកូឡូស៊ីគ្រឿងបន្លាស់ និងបច្ចេកវិទ្យារ៉ូបូត។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
